Messi ថា​មាន​មិត្ត​រួម​ក្រុម​ខ្លះ​មិន​ចង់​ឱ្យ​ Neymar មក​ Barcelona វិញទេ

Neymar បាន​ប្ដូរ​ពី​ក្លឹប Barcelona ទៅ​ក្លឹប Paris Saint-Germain ក្នុងកាលវេលា​មួយ​ដ៏​ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​២០១៧ ហើយ​កីឡាករ Lionel Messi មិន​ប្រាកដថា​​ការ​វិល​ត្រឡប់ម​ក​វិញ​របស់​គេ​អាចទៅ​រួច​នោះទេ​ព្រោះ​មាន​មិត្ត​រួម​ក្រុម​មួយចំនួន​មិនចង់​ឱ្យ​គេ​ត្រឡប់មកវិញទេ។

Neymar បានព្យាយាម​រក​វិធី​ដើម្បី​វិល​ត្រឡប់មក​ទឹកដី Camp Nou វិញ​ក្នុងអំឡុង​ពេល​ដោះដូរ​កីឡាករ​ដែលទើប​តែកន្លងផុតទៅនេះ បន្ទាប់ពី​បានចាកចេញ​ទៅ​លេង​នៅទឹកដី​បារាំង​បាន ២ឆ្នាំ​​ក្នុងតម្លៃ​ផ្ទេរ ២២២លានអឺរ៉ូ។

យ៉ាង​ណា​មិញ ភាព​រកាំ​រកូស​រវាង​ក្លឹប​ទាំងពីរ​បានធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ពិភាក្សា​លើការ​ផ្ទេរ​មួយនេះ​ ហើយ​ Neymar នៅ​តែ​ជា​​កីឡាករ​របស់​ក្លឹប​ PSG ដដែល។

Messi ធ្លាប់​លេង​រួម​គ្នា​នៅ​តំបន់​ប្រយុទ្ធ​ជា​មួយ​ Neymar និង Luis Suarez ហើយ​ពួកគេ​នៅ​តែ​ទាក់ទងគ្នា​ជាប់ជានិច្ច ប៉ុន្តែ​ Messi មិន​ច្បាស់ថា​ការ​វិល​មក​លេង​រួម​គ្នា​នៅ​ Barcelona វិញ អាច​ទៅរួច​ឬអត់នោះទេ។

 

Messi បាន​និយាយ​ប្រាប់​ស្ថានីយ៍​វិទ្យុ​របស់​ទីក្រុង Buenos Aires ឈ្មោះ Metro 95.1 ថា៖ “ពួកយើង​ឧស្សាហ៍​ជជែកគ្នា​ណាស់​នៅ​ក្នុង​ group chat ជាមួយ Luis Suarez។ បញ្ហា​រឿង​ Neymar ​វិល​ត្រឡប់មកវិញ ស្មុគស្មាញ​ណាស់។ ទី១ ព្រោះ​ពួកយើង​លំបាក​នឹង​ឈរមើល​ពេល​គេដើរចេញ ហើយទី១ ដោយសារ​របៀប​ចាកចេញ​របស់គេ”។

“មាន​មនុស្ស​មួយចំនួន​នៅ​ក្លឹប Barcelona ដែល​មិនចង់​ឱ្យ​គេ​ត្រឡប់ម​កវិញ។ បើនិយាយ​ពី​ការ​លេង​បាល់​ទាត់​វិញ​ Neymar ឋិត​ក្នុងចំណោម​កីឡាករ​ដែលឆ្នើម​បំផុត​ក្នុងលោក ប៉ុន្តែខ្ញុំ​ក៏​យល់​ដែរ​ថានៅ​មាន​កត្តា​ផ្សេងទៀត”។

Messi ដែល​ទើប​តែ​ទទួល​បានពានរង្វាន់​ស្បែកជើងមាសអឺរ៉ុបជាលើកទី៦ បានប្រកាស​ថា​គេ​មាន​បំណង​លេង​នៅ​ Barcelona រហុត​ដល់​ពេល​គេចូលនិវត្តន៍។

យ៉ាងណាមិញ ខុសពីករណី​របស់​កីឡាករ Andres Iniesta គេ​មិនចង់​ចុះ​កុងត្រា​អស់​មួយជីវិត​នោះទេ។

Messi បាននិយាយថា៖ “មួយរយៈមុន មានការជជែក​អំពីកុងត្រារបស់ Iniesta និង​កីឡាករ​ផ្សេងទៀត”។

 

“ខ្ញុំ​មិនចង់ឱ្យ​កុងត្រាចងខ្ញុំនោះទេ ព្រោះខ្ញុំ​មិនដឹងពីស្ថានភាពសុខភាពរបស់ខ្ញុំនាពេលអនាគត។ ខ្ញុំ​មិនចង់​ឱ្យ​កុងត្រា​ចង​បង្ខំ​ឱ្យ​ខ្ញុំ​ត្រូវ​លេង​ពេល​ខ្ញុំ​​មានសុខភាពមិនល្អនោះទេ”។

“ខ្ញុំ​នឹង​បន្ត​ប្រកួត​ឱ្យ​បាន​យូរ​បំផុត​​តាម​ដែល​សុខ​ភាព​របស់ខ្ញុំ​អាចទៅ​រួច​ ប៉ុន្តែ​ជាក់ស្ដែង​ខ្ញុំ​អាច​នៅ​លេង​ឱ្យ Barcelona រហូត”។

Messi ក៏​បាន​និយាយ​ពី​ការ​ប្រជែង​ជាមួយ​ Cristiano Ronaldo ដែល​ពួកគេ​បានប្រជែង​គ្នា​ទាំងកម្រិតបុគ្គល និង​កម្រិត​ក្លឹប​ផងដែរ ពេល​ដែល​កីឡាករ​រូបនេះ​នៅ​លេង​នៅ​ក្លឹប Real Madrid។

Ronaldo បាន​ប្ដូរទៅ​ក្លឹប Juventus កាលពីឆ្នាំ២០១៨ ហើយ Messi បាន​ទទួល​ស្គាល់ថា​ការ​ប្រកួត​ Clasico រវាង​ Barcelona និង​ក្លឹប Real Madrid បាន​បាត់​បង់​ប្រជាប្រិយភាព​ខ្លះ​ដោយសារ​ការ​ចាក​ចេញ​របស់ Ronaldo។

Messi បាន​និយាយថា៖ “ត្រូវហើយ ការ​ប្រកួត​នេះ​មាន​ប្រជាប្រិយភាព​ណាស់​ពេល​គេ​លេង​នៅ​លីគ​អេស្ប៉ាញ”។

“វត្តមាន​របស់គេ​ធ្វើ​ឱ្យ​ការ​ប្រកួត​ Clasico កាន់តែពិសេស និង​មានតម្លៃ”៕

 

‘I need to put my players in the fridge over Christmas’ – Guardiola

មតិយោបល់