អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​ប៊ែល​ហ្ស៊ិក​មិន​បារម្ភ​ពី​ទម្ងន់​របស់​ Hazard នោះទេ

មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ កីឡាករ Eden Hazard លើស​ទម្ងន់ ពេល​ដែល​គេ​ប្ដូរ​មក​លេង​នៅ​ក្លឹប Real Madrid ប៉ុន្តែ​អ្នក​ចាត់ការ​ក្រុម​ជម្រើសជាតិ​ប៊ែល​ហ្ស៊ិក​គឺ​លោក Roberto Martinez មិន​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះទេ។

សេចក្ដី​រាយ​ការណ៍​មួយ​របស់​សារព័ត៌​មាន Sport កាល​ពី​ខែ​កក្កដា​បាន​អះអាង​ថា Hazard លើស​ទម្ងន់ ៧គីឡូក្រាម ពេល​គេ​ប្ដូរ​មក​ Real Madrid ដើម្បី​ចូល​រួម​ប្រកួត​មុន​រដូវកាល​ចាប់ផ្ដើម។

កីឡាករ​សញ្ជាតិ​ប៊ែល​ហ្ស៊ិក​រូបនេះ​ជួប​ការ​លំបាក​ក្នុងការ​ចាប់ផ្ដើម​ដំបូង​របស់​ខ្លួន​ក្នុ​ងលីគ​កំពូល​អេស្ប៉ាញ​ ក្រោយ​ពេល​ប្ដូរ​មក​ពី​ក្លឹប Chelsea ក្នុងអំឡុង​ពេល​ដោះ​ដូរ​កីឡាករ ដោយគេ​ទើប​តែរក​បានគ្រាប់បាល់ដំបូង​របស់ខ្លួន​ក្នុងការ​ប្រកួត​កាល​ពីចុងសប្ដាហ៍​មុន​ដែល​ Real Madrid ឈ្នះ​ក្លឹប Granada ក្នុងលទ្ធផល ៤ទល់​នឹង​២។

ប៉ុន្តែ​លោក Martinez មិនជឿថា​លក្ខខណ្ឌ​កាយ​សម្បទា​របស់ Hazard គួរ​ឱ្យ​បារម្ភ​នោះទេ ព្រោះគេ​ជា​កីឡាករ​មួយ​រូប​ដែល​មាន​ទេព​កោសល្យ។

លោក​ Martinez បាន​និយាយ​ប្រាប់អ្នក​យក​ព័ត៌​មាន​របស់​សារព័ត៌​មាន Deportes Cuatro ថា៖ “​គេ​ជា​មនុស្ស​ម្នាក់​ដែល​មានអារម្មណ៍​នឹង​នរ មិន​មែនជា​មនុស្ស​ដែល​គិត​តែ​ពីជោគ​ជ័យ​របស់​បុគ្គល​ខ្លួន​ឯង​នោះទេ។ ទោះ​ជា​គេ​មាន​លើស​ទម្ងន់​ពិត​មែន ឬអត់ Hazard អាច​ទម្លុះ​របាំង​ខ្សែ​ការពារ​ ហើយ​ធ្វើ​បាន​សម្រេច​ដដែល។ ទេព​កោសល្យ​របស់គេ​ មិនអាច​រាំងស្ទះ​ដោយសារ​​លើស​ទម្ងន់ ឬ​មិនលើស​នោះទេ”។

 

បន្ថែម​លើនេះ លោក Martinez ក៏​បាន​និយាយ​​ការពារ​អ្នកចាំទី​ Thibaut Courtois ផងដែរ។

អ្នកចាំទី​ដែល​មាន​វ័យ​ ២៧ឆ្នាំ​រូបនេះ​ត្រូវបាន​ប្ដូរ​ចេញ​​​ពេល​ចប់តង់ទី១ ក្នុងការ​ប្រកួត​ឆេម​ពានស៍​លីគ​​ដែល​ទទួល​បាន​លទ្ធផល ២ស្មើ​ជាមួយ​​ក្លឹប Club Brugge ដែល​ក្លឹប​ Real Madrid បាន​លើក​ឡើង​ថា​ដោយសា​របញ្ហា​ឈឺចាប់​ក្នុងពោះ។

ក្លឹប​ Real Madrid បាន​បង្ខំ​ចិត្ត​បដិសេធ​​ថា Courtois មិន​មែន​មាន​បញ្ហា​សុខភាព​ដោយសារ​អារម្មណ៍​របស់គេ​​ដែល​ច្របូក​ច្របល់​ដោយ​សារ​របូត​គ្រាប់​បាល់ ២គ្រាប់​​ក្នុង​ការ​ប្រកួត​ជាមួយក្លឹប Brugge នៅ​ក្នុង​តង់ទី១នេះទេ។

លោក Martinez បាន​និយាយថា Courtois កំពុង​បន្ត​ជាសះ​ស្បើយ​ពីជំងឺ ហើយ​នៅ​តែ​គិត​ថា​​គេជា​អ្នក​ចាំទី​ឆ្នើម​បំផុត​ក្នុង​លោក។

“មិន​មាន​ជាការពិត​ទេ​ដែល​ថា​គេ​មានអារម្មណ៍​ច្របូក​ច្របល់។ គេ​នៅ​តែ​មានបញ្ហា​មេរោគ​​ក្នុងពោះវៀន​ ហើយ​ត្រូវការ​ឡើង​ទម្ងន់ ១ ឬ​២គីឡូ​ក្រាម​ទៀត”។

“គេ​ជា​កីឡាករ​មួយ​រូប​ដែល​សុបិន​ចង់​ក្លាយជាកីឡាករ​របស់​ក្លឹប Real Madrid តាំងពីតូច ហើយ​គេ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​បង្កើត​​ប្រវត្តិសាស្ត្រ​ដោយប្រើថ្វីដៃរបស់គេជាមួយ​ក្លឹប​មួយនេះ។ ខ្ញុំ​ជឿជាក់​ថា​គេគឺជាអ្នកចាំទី​ដែល​ល្អបំផុត​ក្នុង​លោក”៕

 

Mane និយាយថា​រូបថត​ជាមួយ Neymar គឺ​ល្អជានិច្ច

មតិយោបល់