Barcelona អាច​នឹង​លក់​កីឡាករ​ខ្លះ​ចេញ​ដោយសារ​កម្រៃ​ពលកម្ម​ខ្ពស់​ពេក​

យោង​តាម​សេចក្ដី​រាយ​ការណ៍​មួយ​ចំនួន​ ក្លឹប​យក្ស​កាតាឡង់ Barcelona ​កំពុង​ឆ្លងកាត់​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​​កា​រចំណាយ​ដ៏​ច្រើន​លើស​លុប​ទៅ​លើ​កម្រៃ​ពលកម្ម​​ដែល​មានទំហំ​ ៦៧១លាន​អឺរ៉ូ​កាល​ពី​រដូវ​កាល​មុន​។

ទី​ភ្នាក់​ងារ​សារព័ត៌​មាន​អេស្ប៉ាញ​ Marca បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា​ ការ​ចំណាយ​របស់​ក្លឹប Barcelona ទៅ​លើ​កម្រៃ​ពល​កម្ម​​ក្នុង​មួយ​ឆ្នាំៗ​គឺ​ជា​​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​​ធំៗ​របស់​ក្លឹប​នេះ​។ ពួកគេ​ថែម​ទាំង​បាន​ធ្វើ​សេចក្ដី​រាយការណ៍​បន្ត​ទៀតថា​ ថវិកា​ដែល​បានអនុម័ត​ដោយ​សមាជិក​​ក្រុម​ប្រឹក្សា​ភិបាល​កាលពី​ថ្ងៃអាទិត្យ​​រំពឹង​ថា​នឹង​មាន​ការ​កាត់បន្ថយ​កម្រៃ​ពលកម្ម​​មួយចំនួន​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Marca ក្លឹប Barcelona បានចំណាយ​ប្រាក់អស់ ៩២លានអឺរ៉ូ​កាលពីរដូវ​កាល​មុន​ទៅលើ​​ប្រាក់​ឧបត្ថម​បន្ថែម​សម្រាប់​កីឡាករ​មួយចំនួន​ សម្រាប់​ជោគ​ជ័យ​របស់​ពួក​គេ​នៅ​ក្នុង​លីគ​អេស្ប៉ាញ និងពាន​រង្វាន់ Spanish Super Cup។

ជារួម​ ពួក​គេ​បានចំណាយ​អស់ ៥២៥លានអឺរ៉ូ​ទៅលើ​កម្រៃ​ពលកម្ម​របស់​គ្រូបង្វឹក និង​កីឡាករ​​កាលពី​រដូវកាលមុន ដែល​ក្នុង​នោះ​មាន ៤១៧លាន​អឺរ៉ូ​ជាកម្រៃ​ពលកម្ម​របស់​កីឡាករ។

សរុប​មក Barcelona ចំណាយ​អស់ ៦៧១លាន​អឺរ៉ូ​ទៅ​លើ​កម្រៃ​ពល​កម្ម​​កាល​ពី​រដូវកាល​មុន ដូច​ដែល​បាន​លើក​ឡើង​ពីខាងដើម។ ក្នុង​រដូវកាល​នេះ គេ​រំពឹង​ថា​តួលេខ​នេះ​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ ៦៤២លាន​អឺរ៉ូ​ប៉ុណ្ណោះ គឺ​កាត់​បន្ថយ​កម្រៃ​ពលកម្ម​ ៣% និង​កាត់បន្ថយ ៧%​​ទៀត​ពី​ការ​កាត់រំលោះ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​ខាងលើ

បន្ថែម​លើ​នេះ​ទៅ​ទៀត​ Marca ​​បានអះអាងថា​កីឡាករ​មួយចំនួន​ដូចជា Samuel Umtiti, Ousmane Dembele និង Ivan Rakitic ជា​កីឡាករ​ ៣រូប​ក្នុងចំណោម​កីឡាករ​ដែល​មាន​ប្រាក់​កម្រៃ​ពលកម្មខ្ពស់​របស់ Barcelona នឹង​ត្រូវ​លក់​ចេញ​ក្នុ​ងរដូវក្ដៅ​ខាងមុខ​​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​​លើ​កម្រៃពលកម្ម។

ការ​ពិត​ដែល​កីឡាករ​ប៉ុន្មានរូបនេះ​លែង​ឋិត​ក្នុង​ប្រព័ន្ធ​លេង​របស់​លោក Ernesto Valverde មាន​ន័យ​ថា​ពួក​គេ​អាច​នឹង​ត្រូវបានលក់ចេញ​ក្នុង​ខែ​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ក្នុងខែមករា ឬខែ​មិថុនា ឆ្នាំ​២០២០៕

 

Zlatan Ibrahimovic បង្ហាញ​រូប​សំណាក​របស់ខ្លួន​នៅ​ទីក្រុង​ Malmo

មតិយោបល់