លោក​ Simeone ទាម​ទារ​ឱ្យ​កីឡាករ​ Atletico Madrid មាន​កំហឹង​ច្រើនជាងនេះ​

ក្លឹប Atletico Madrid នៅ​មិនទាន់​រក​បាន​គ្រាប់​បាល់​នៅ​ឡើយ​ទេ​ក្នុង​ ២ប្រកួត​ចុងក្រោយ​នៅ​លីគ​កំពូល​អេស្ប៉ាញ ហើយ​លោក Diego Simeone បាន​និយាយថា​កីឡាករ​របស់លោក​ត្រូវ​ការ​កំហឹង​ច្រើនជាង​នេះ​ដើម្បី​រក​គ្រាប់បាល់។

ក្លឹប Atletico ទទួល​បាន​លទ្ធផល​សូន្យ​ស្មើ​ ២ប្រកួតជាប់គ្នា​ក្នុងលីគ​កំពូល​អេស្ប៉ាញ​ក្នុងការ​ប្រកួត​ជាមួយ​ក្លឹប Real Valladolid ក្នុងទឹកដី Estadio Jose Zorrilla កាលពីថ្ងៃអាទិត្យ​ ហើយ​លោក Simeone បាន​ទទួល​ស្គាល់ថា​​ក្រុម​របស់​លោក​ចាប់​ផ្ដើម​យឺត​។

ក្រុម Atletico Madrid ធ្វើ​បាន​ល្អ​ក្នុងតង់ទី២ ប៉ុន្តែ​​ឱកាស​ល្អ​បំផុត​របស់គេ​គឺ​​នៅ​ពេល​ដែល​កីឡាករ Angel Correa បាន​ត្រឹម​តែ​ស៊ុត​បាល់​ប៉ះ​បង្គោល​ទី​ប៉ុណ្ណោះ។ ក្នុង​ការ​ប្រកួ​តលីគ​កំពូល​អេស្ប៉ាញ​ ៥ប្រកួត​ Atletico Madrid ឈ្នះ​ត្រឹមតែ​ ១ប្រកួត​ប៉ុណ្ណោះ ដោយ​ ៤ប្រកួត​ទៀត​ពួកគេ​រក​មិនបាន​គ្រាប់​បាល់​ទាល់​តែសោះ។

លោក Simeone បាន​សរសើរ​គូ​ប្រកួត​ Valladolid ដែល​ស៊ុត​បាល់​ពិន័យ​ក្នុ​ងតង់​ទី១ មិន​បានសម្រេចថា៖ “គ្រូប្រកួតរបស់​យើង​លេង​បាន​បានល្អជាងយើង​ក្នុងតង់ទី១ យើង​ធ្វើ​មិនសូវបានល្អទេ”។

“នៅ​ក្នុងតង់​ទី២ យើ​ងលេង​បានល្អជាងមុន មានភាព​ខ្លាំងក្លាជាងមុន យើង​បាន​បង្កើត​ស្ថានភាព​ច្រើន​ដែល​អាចឈ្នះ​បាន”។

ពេល​ជជែក​ពី​បញ្ហាដែល​​ក្រុម​របស់​លោក​ជួប​ប្រទះ​ក្នុងការ​រក​គ្រាប់បាល់​ នៅ​ក្នុង ៤ប្រកួត​នៃ​លីគ​កំពូលអេស្ប៉ាញ លោក Simeone បាន​និយាយថា​៖ “យើង​ត្រូវការ​ភាពជាក់​លាក់​ច្រើនជាងមុន ក៏ត្រូវ​ការ​ការវាយសម្រុក និង​កំហឹង​ច្រើនជាង​មុន​ដែរ”។

“ខ្ញុំ​ឃើញ​ថា​កីឡាករ Alvaro Morata និង Diego Costa មាន​កម្លាំង​សម្រុកទៅមុខ មានភាព​ក្លៀវ​ក្លា និង​ចំណង់​ធ្វើ​ឱ្យ​បានសម្រេច ខ្ញុំ​គាំទ្រ​ពួកគេ​ពេញ​ទំហឹង”។

“យើង​ត្រូវ​រង់ចាំ​ ព្រោះ​ពួកគេ​នឹង​រក​ឃើញ​ចម្លើយ”។

 

Morata ស្ទើរ​តែ​រក​បាន​គ្រាប់​បាល់​​ក្នុងតង់ទី២ ពេល​ដែល​គ្រាប់បាល់​របស់គេ​បុក​ត្រូវ​​មុខ​របស់អ្នកចាំទី​ Jordi Masip របស់​ក្លឹប Valladolid។ គេ​​មាន​អារម្មណ៍​ថា​មិត្ត​រួម​ក្រុម​របស់គេ​នឿយ​ហត់​ដោយសារ​ការ​ធ្វើដំណើរ​ប្រកួ​ត​ឆេម​ពានស៍​លីគ​នៅទីក្រុមមូស្គូ​កាលពី​ពាក់​កណ្ដាល​សប្ដាហ៍។

ក្លឹប Atletico Madrid បាន​យក​ឈ្នះ​ក្លឹប Lokomotiv Moscow ក្នុងលទ្ធផល ២ទល់​នឹង​សូន្យ​ នៅ ៥ថ្ងៃ​មុន​ការ​ប្រកួតជាមួយ​ក្លឹប Valladolid ដែល​​គ្រាប់បាល់ទាំងពីរ​គ្រាប់​នោះ​រក​បាន​ដោយ​កីឡាករ Joao Felix និង Thomas Partey៕

 

Coutinho enjoys traditional Bayern Oktoberfest

 

មតិយោបល់