លោក Zidane សង្ឃឹមថា​ Hazard ចាប់ផ្ដើម​ឈានឡើង​បន្ទាប់ពីរក​បាន​គ្រាប់បាល់ដំបូង​របស់ខ្លួន​

កីឡាករ​ Eden Hazard រក​បាន​គ្រាប់បាល់​ដំបូង​របស់ខ្លួន​ឱ្យ​ក្លឹប Real Madrid ក្នុងការ​ប្រកួត​ជាមួយ​ក្លឹប Granada កាល​ពី​ថ្ងៃ​សៅរ៍​​ដែល​ ក្រុម​របស់ពួក​គេ​បានឈ្នះ​គូប្រកួត​ក្នុងលទ្ធផល​ ៤ទល់​នឹង​២ ហើយ​លោក Zidane សង្ឃឹមថា​ Hazard នឹង​ធ្វើ​បានល្អ​បែប​នេះ​​បន្ត​ទៀត។

Hazard រក​បាន​គ្រាប់​បាល់​ដំបូង​របស់គេ​​នៅជិត​ចប់តង់​ទី១ បន្ទាប់ពី​កីឡាករ​ Karim Benzema រក​បាន​​គ្រាប់​បាល់​នាំ​មុខ​ ១គ្រាប់​នៅ​នាទី​ទី២។

គេ​ក៏​មានចំណែក​នៅ​ក្នុងគ្រាប់​បាល់ទី៣ ដែល​ធ្វើបានសម្រេច​ដោយកីឡាករ​ Luka Modric ដែរ ប៉ុន្តែ​​ក្រុម​ភ្ញៀវ​រក​បាន ២គ្រាប់វិញ​ដែល​ធ្វើ​បាន​សម្រេច​ដោយ​គ្រាប់បាល់ពិន័យ​របស់​កីឡាករ​ Darwin Machis និង​គ្រាប់បាល់​មួយ​គ្រាប់ទៀត​របស់​កីឡាករ Domingos Duarte។ ចុងក្រោយ James Rodriguez រកបានគ្រាប់បាល់ទី៤ ឱ្យ​ Real Madrid ទទួល​បានជ័យជម្នះ​ នឹង​មាន​ ៤ពិន្ទុ​នាំមុខគេ​លើ​កំពូល​តារាង​លីគ​កំពូល​អេស្ប៉ាញ។

ទម្រង់លេង​របស់ Hazard បាន​ធ្វើ​ឱ្យ​លោក Zidane មាន​កម្លាំងចិត្ត​ ដោយសារ​គេ​​​បាន​ឆ្លងកាត់ ៥ប្រកួត​ហើយ ដោយ​រក​មិនទាន់បានគ្រាប់​បាល់​ និងមិនទាន់​បាន​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​បាន​សូម្បី​តែ​មួយ​គ្រាប់សោះ។

លោក​ Zidane បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មានថា​៖ “យើង​ត្រូវ​ការ​ឃើញ​ Eden ក្នុងស្ថានភាព​បែបនេះ​ គឺ​គេ​លេង​បានល្អ និង​រក​បាន​គ្រាប់​បាល់។ គេ​ចង់បាន​បែបនេះ​ គេ​រីក​រាយ​ណាស់​ពេល​នៅ​ក្នុង​បន្ទាប់​ផ្លាស់​សម្លៀក​បំពាក់។ យើង​សង្ឃឹម​ថា​នេះ​ជា​គ្រាប់​បាល់​ដំបូង​ ហើយ​គេ​នឹង​រក​បាន​បែបនេះ​ច្រើន​គ្រាប់ទៀត”។

 

 

ក្រុម​ Real Madrid ហាក់ដូច​ជាធ្វេសប្រហែល​​បន្ទាប់ពី​​រកបានគ្រាប់បាល់​នាំមុខមុន ប្រៀបដូច​ជា​ការ​ប្រកួត​​កាលពីខែមុន​ជាមួយ​ក្រុម​ Levante ដែល​ Real Madrid ឈ្នះក្នុងលទ្ធផល ៣ទល់​នឹង​២ អញ្ចឹង ប៉ុន្តែ​លោក Zidane និយាយ​ថា​មិនអាច​ប្រៀបធៀប​ការប្រកួត​ទាំងពីរ​នេះ​បានទេ។

“​Granada ឈរ​នៅ​លំដាប់ទី២ ក្នុងតារាង បើ​យើង​ទុក​ឱ្យ​ពួកគេ​វាយបក​បានសម្រេច យើង​នឹង​មាន​ពេល​វេលា​ដ៏​លំបាក ១០-១៥​នាទី​។ ប៉ុន្តែ​សម្បី​តែ​នៅ​ក្នុង​តង់​ទី២ ក៏​ពួក​យើង​គ្រប់គ្រង​ស្ថានការណ៍​ប្រកួត​បានដែរ ហើយ​យើង​រក​បានគ្រាប់បាល់ទី៤ ទៀត”។

“យើង​លេង​បានល្អជាង​កាលពី ១ខែមុន។ កីឡាករ​ម្នាក់ៗ​បំពេញ​តួនាទីរបស់ខ្លួន​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ច្រើនជាងនេះ​ទៀត ហើយ​ពួក​យើង​នឹង​លេង​បាន​កាន់តែល្អ”។

 

 

លោក Conte ថា Inter ជួប​ការ​សាក​ល្បង​ធំ​ម្ដងទៀត​ពេល​ប៉ះ Juventus

មតិយោបល់