Suarez ត្រឡប់មកវិញ ប៉ុន្តែ Umtiti នឹង​ត្រូវអវត្តមាន​ ៦សប្ដាហ៍

ខណៈ​ពេល​ដែល​ក្លឹប Barcelona ស្វាគមន៍​កីឡាករ Luis Suarez ត្រឡប់ម​កកាន់​ទីលាន​ប្រកួត​វិញ កីឡាករ Samuel Umtiti អាច​នឹង​ត្រូវអវត្តមាន​រហូតដល់​ ៦សប្ដាហ៍​ដោយសារបញ្ហា​របួសប្រអប់ជើង។

កីឡាករ Luis Suarez នឹង​វិល​ត្រឡប់មក​ចូលរួម​ការប្រកួត​វិញ ក្រោយពេលដែលគេ​ត្រូវបានបញ្ចូលឈ្មោះ​ក្នុង​សមាស​ភាព​ក្រុម​ដែល​ត្រូវជួបប្រកួតជាមួយ​​ក្លឹប​ Valencia ប៉ុន្តែ​កីឡាករ Samuel Umtiti នឹង​ត្រូវ​សម្រាក​មួយ​រយៈ​វិញ។

នៅ​ថ្ងៃសៅរ៍នេះ ក្លឹប​ជើងឯក​ Barcelona នឹង​ជួប​ជាមួយ​គូ​ប្រជែង​ដែល​ធ្លាប់​បាន​បំបាក់​ពួក​គេ​ក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ Copa del Rey រដូវកាល​មុន ដោយ​ពេល​នេះ Barcelona បាន​ឆ្លងកាត់ ៣ប្រកួត​ហើយ​ទទួលបានត្រឹម​ ៤ពិន្ទុ​ប៉ុណ្ណោះ។

Suarez បាន​ចូល​លេង​ក្នុងការ​ប្រកួតដំបូង​របស់ Barcelona សម្រាប់រដូវកាលថ្មី​នេះជាមួយ​ក្លឹប Athletic Bilbao ប៉ុន្តែ​ត្រូវបានបញ្ជូន​ចេញ​ដោយ​សារ​មានបញ្ហា​របួស​កំភួនជើង​បន្ទាប់ពី​ចូលលេង​បានត្រឹមតែ​ ៣៧នាទីប៉ុណ្ណោះ។

ចាប់តាំង​ពីពេលនោះមក គេ​បានអវត្តមានរហូត​ ដោយ​បានខក​ខាន​ការ​ប្រកួត​ដែល​ Barcelona ឈ្នះ​ក្លឹប Real Betis និង​ការប្រកួត​ដែល​ពួកគេ​ទទួលបានលទ្ធផល ២ស្មើ​ជាមួយ​ក្លឹប Osasuna មុន​ការ​ប្រកួតជម្រើសជាតិ។

ប៉ុន្តែ​អ្នកចាត់ការ Ernesto Valverde បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​​កាល​ពីថ្ងៃសុក្រថា​ Suarez នឹង​វិល​ត្រឡប់​មក​ចូលរួម​ការ​ប្រកួត​វិញ​ ហើយ​កីឡាករ​ដែល​មាន​វ័យ​ ៣២ឆ្នាំរូបនេះ​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុងបញ្ជី​ឈ្មោះ​កីឡាករ​ដែលត្រូវចូល​រួម​ប្រកួត​រួចហើយ។

 

ខណៈ​ដែល​ការ​វិល​ត្រឡប់​របស់ Suarez ជា​ការជំរុញ​ដ៏ធំ​​សម្រាប់​ Barcelona ពួកគេ​បែរជា​​ត្រូវ​ថមថយ​កម្លាំង​នៅ​ផ្នែក​ផ្សេងទៀត​ទៅវិញ។

កីឡាករ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង Umtiti បាន​រង​របួស​ប្រអប់ជើង​ក្នុងការ​ប្រកួតជាមួយក្រុមជម្រើសជាតិ​ ហើយទោះបីជា​ការ​ពិនិត្យ​ជំហាន​ដំបូង​បង្ហាញ​ថា​របួស​នេះ​មិនធ្ងន់ធ្ងរក្ដី ក៏ពេលនេះ​ក្លឹប​ Barcelona បានបញ្ជាក់ហើយថា​កីឡាករ​រូបនេះ​នឹង​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល ៦សប្ដាហ៍។

មិនតែប៉ុណ្ណោះ Barcelona នឹង​នៅ​តែត្រូវប្រកួត​ដោយ​មិនមានវត្តមាន​របស់ប្រធានក្រុម Lionel Messi ដែលអាច​នឹង​ខកខាន​ការ​ប្រកួត​ឆេមពានស៍​លីគ​នៅថ្ងៃអង្គារជាមួយក្លឹប Borussia Dortmund ដោយសារបញ្ហា​របួស​កំភួនជើង ក៏ដូចជា​កីឡាករ Ousmane Dembele ដែល​មានបញ្ហា​របួស​សរសៃពួរសាច់ដុំ​ភ្លៅ៕

 

Mourinho backs VAR but admits it comes with flaws

មតិយោបល់