ប្រធាន​ក្លឹប​ Barcelona មិន​ព្រួយ​បារម្ភ​ថា​ Messi នឹង​ចាកចេញ​នោះទេ

ប្រធាន​ក្លឹប Barcelona គឺ​​លោក Josep Maria Bartomeu មិន​ព្រួយ​បារម្ភ​ពី​អនាគត​របស់​កីឡាករ​ Lionel Messi នោះទេ ទោះ​ជា​កីឡាករ​រូបនេះ​​មាន​លក្ខខណ្ឌ​អាចចាក​ចេញ​ពី​ក្លឹប​នេះ​ក៏​ដោយ។

កីឡាករ Lionel Messi មាន​ជម្រើស​អាច​ចាកចេញ​ពី​ក្លឹប Barcelona ដោយ​មិនគិត​តម្លៃ​ផ្ទេរ​នៅ​ចុង​រដូវកាល​នេះ ប៉ុន្តែ​លោក Josep Maria Bartomeu រំពឹង​ថា​កីឡាករ​រូបនេះ​នឹង​​លេង​នៅ​ក្លឹប​នេះ​បន្ត​ទៀត។

កុងត្រា​ចុងក្រោយ​បំផុត​របស់ Messi បាន​ចុះកាលពីឆ្នាំ​២០១៧ ដោយ​មាន​សុពល​ភាព​រហូត​ដល់​ចុង​រដូវកាល ២០២០-២០២១។

យ៉ាង​ណាមិញ បើ​យោងតាមសេចក្ដីរាយការណ៍​របស់​សារព័ត៌​មាន​ El Pais កីឡាករ​ដែល​មាន​វ័យ ៣២ឆ្នាំ​រូបនេះ​​មាន​លទ្ធភាព​អាច​ចាក​ចេញ​ពី​ក្លឹប​ Barcelona ដោយ​មិនគិត​តម្លៃផ្ទេរ​​ក្នុង​ឆ្នាំ​២០២០។

ប្រធាន​ក្លឹប Barcelona បាន​បញ្ជាក់​ថា​សេចក្ដីរាយការណ៍​ទាំងនោះ​ជាការពិត ប៉ុន្តែ​លោក​បានលើក​ឡើង​ថា​ក្លឹប Barcelona មិន​ព្រួយ​បារម្ភ​ថា​ Messi នឹង​ចាកចេញ​នោះទេ​។ លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​អតីត​កីឡាករ​មួយចំនួន​ដូចជា​កីឡាករ Andres Iniesta, Xavi និង Carles Puyol សុទ្ធ​តែ​មាន​លក្ខខណ្ឌ​ដូចគ្នា​នេះ​ដែរ។

 

 

លោក Bartomeu បាន​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Barcelona ថា​៖ “Messi បាន​ចុះ​កុងត្រា​ជាមួយ​យើង​កាលពី ២ឆ្នាំ​មុន ហើយ​មាន​សុពល​ភាព ៤ឆ្នាំ”។

“មុន​រដូវកាល ២០២០-២០២១ គេ​អាច​ចាក​ចេញ​ពី​ក្លឹប Barcelona ចូល​និវត្តន៍ ឬអាច​លេង​នៅ​ក្លឹប​ណា​ក៏​បាន​ ឱ្យ​តែគេចូលចិត្ត”។

“កីឡាករ Iniesta, Xavi និង Puyol សុទ្ធ​តែ​មាន​លក្ខខណ្ឌ​ដូច​គ្នា​នៅ​ក្នុង​កុងត្រា​របស់​ពួកគេ​។ ចំពោះ​កីឡាករ​ដូចជា​ពួកគេ និង​ Messi យើង​មិន​​ចាំ​បាច់​ត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ”។

“ខ្ញុំ​មិន​គិត​ថា​គេ​ចង់​លេង​នៅ​ក្លឹប​ណាមួយ​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​គេ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុងការ​កំណត់អនាគត​របស់គេ​។ គេជា​អ្នក​គាំ​ទ្រ​ម្នាក់​ដ៏​ស្មោះ​ស្ម័គ្រ​​ចំពោះ​ក្លឹប​ Barcelona ហើយ​ខ្ញុំ​ជឿ​ថា​គេ​ចង់​លេង​នៅ​ក្លឹប​នេះ​បន្ត​ទៀត​រហូត​ដល់​ឆ្នាំ​២០២១ និង​ ១ឆ្នាំ​បន្ទាប់ពីនោះ​ទៀត​កាន់តែល្អ”។

Messi មាន​បញ្ហា​របួស​​ក្នុងអំឡុង​ការ​ប្រកួត​ចន្លោះ​រដូវកាល ហើយ​នៅ​មិនទាន់​បានចូល​លេង​ក្នុងការ​ប្រកួត​រដូវកាល​នេះ​នៅឡើយទេ ហើយ​ក្លឹប Barcelona ទើប​តែ​ទទួល​បាន ៤ពិន្ទុ​ប៉ុណ្ណោះ​​ពី ៣ប្រកួត​ដំបូង​នៃរដូវកាលថ្មី​នេះ៕

 

Valverde slams penalty as “absurd” after Barcelona are held to a 2-2 draw by Osasuna

មតិយោបល់