Messi អាច​អវត្តមាន​មួយ​រយៈ​ដោយសារ​របួស​ពេល​ហ្វឹកហាត់

កីឡាករ Lionel Messi បាន​រង​របួស​កំភួន​ជើង​​ពេល​កំពុង​ហ្វឹកហាត់កាលពីថ្ងៃចន្ទ​ម្សិល​មិញ​នេះ​ ប៉ុន្តែ​រំពឹងថា​នឹង​សម្រាក​ព្យាបាល​​តែ​មួយ​រយៈ​ពេលខ្លី​ប៉ុណ្ណោះ។

តារា​បាល់ទាត់​អាស្សង់ទីន​រូបនេះ​បាន​រង​របួស​កម្រិតទី១ លើ​​សាច់ដុំ​កំភួនជើងស្ដាំ​ក្នុងការ​​ត្រឡប់​មក​ចូលរួម​ហ្វឹកហាត់​ជា​​លើក​ដំបូង​ជាមួយ​ក្លឹប​របស់ខ្លួន​​។

កីឡាករ​ដែល​មាន​វ័យ ៣២ឆ្នាំ​រូបនេះ​នឹងត្រូវខក​ខាន​​ការ​ប្រកួត​​ចន្លោះ​រដូវកាល​នៅ​សហរដ្ឋ​អាមេរិច។

ទោះបីជា Barcelona មិនបានបញ្ជាក់ពីពេលវេលា​ដែលគេ​ត្រូវការ​សម្រាក​ព្យាបាល​របួស​នេះក៏​ដោយ ក៏ Messi ខ្លួន​ឯង​មិនគិត​ថាគេត្រូវការ​ពេល​សម្រាកព្យាបាល​យូរ​នោះទេ។

Messi បាន​សរសេរ​លើ​បណ្ដាញ​សង្គម Instagram របស់ខ្លួន​ថា​៖ “ខ្ញុំ​ចង់​ចូលរួម​ប្រកួត​ ប៉ុន្តែសំណាងមិនល្អ​ដែលខ្ញុំ​ត្រូវមានរបួស​ក្នុងការ​ហ្វឹកហាត់​លើកដំបូង​ ធ្វើឱ្យ​ខ្ញុំ​ត្រូវ​សម្រាក​មួយរយៈ​ខ្លី”។

“ខ្ញុំ​អរគុណចំពោះ​សារជូនពរ និងក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នា ខ្ញុំ​ចង់ចូលរួម​ប្រកួតជាមួយក្រុម និងអ្នកគាំទ្រ​ដែល​ចូលរួមទស្សនា​នៅ​សហរដ្ឋអាមេរិច”។

“ពេលនេះ​ខ្ញុំ​មិនទាន់អាចធ្វើបានទេ ប៉ុន្តែយើងនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ដោយក្ដីស្រឡាញ់​ចំពោះអ្នករាល់គ្នា”។

 

 

ក្លឹប Barcelona នឹងជួបប្រកួតជាមួយ​ក្លឹប Napoli នៅទីក្រុង Miami និងទីក្រុង Ann Arbor ក្នុងសប្ដាហ៍​នេះ ជាការប្រកួត​ចុងក្រោយ​មុន​រដូវកាលថ្មីចាប់ផ្ដើម។

ពួកគេ​នឹង​ចាប់ផ្ដើម​រដូវកាលថ្មី​ដើម្បីការពារតំណែងជើងឯក​របស់ខ្លួន​ដោយធ្វើដំណើរ​ទៅ​ប្រកួតជាមួយ​ក្លឹប Athletic Bilbao នៅថ្ងៃទី១៦ ខែសីហា៕

 

Firpo និយាយថា​ការចូលរួម​ជាមួយ Barcelona ជាមោទនភាព​មួយ​យ៉ាងធំ

 

មតិយោបល់