Frenkie de Jong ចង់​រក្សាប្រពៃណី​របស់​លោក Cruyff នៅ​ Barcelona

កីឡាករ Frenkie de Jong បាន​ចាប់​ផ្ដើម​ជីវិត​​ជា​កីឡាករ​នៅ​ក្លឹប Barcelona ដោយ​រម្លឹក​ដល់​ឥទ្ធិពល​របស់​លោក Johan Cruyff (ដែលជាជនរួមជាតិ​ហូឡង់​ដូចគ្នា) នៅទឹកដី Camp Nou។

Frenkie de Jong រីករាយ​ដែល​មានឱកាស​អាច​បន្ត​ទំនាក់ទំនង​រវាង​ហូឡង់​ជាមួយ​ក្លឹប Barcelona ក្រោយ​ពេល​ដែល​គែ​មក​ដល់​ទឹកដី Camp Nou។

អតីត​កីឡាករ​ខ្សែបម្រើ​របស់​ក្លឹប Ajax រូបនេះ​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុងនាមជាកីឡាករ​ក្លឹប Barcelona កាល​ពី​ថ្ងៃ​សុក្រ ហើយ​កីឡាករ​ដែល​មាន​វ័យ ២២ឆ្នាំ​រូបនេះ​អាច​នឹង​ក្លាយជាសមាជិក​មួយ​រូប​ដ៏​សំខាន់​របស់​ក្លឹប​មួយ​នេះ​នាពេល​អនាគត។

ក្លឹប Barcelona មានទំនាក់ទំនងជិតស្និតជាមួយ​ហូឡង់ មូលហេតុចម្បង​ដោយសារ​លោក Johan Cruyff ដែលជាអតីត​តារា​បាល់ទាត់ និង​ជា​អ្នកចាត់ការ​ដ៏ល្បីល្បាញ​ទាំងនៅ​ក្លឹប Barcelona និងក្លឹប Ajax។

ប្រពៃណី​របស់​លោក Cruyff ត្រូវបានរក្សា​បន្ត​ទៀត ហើយ De Jong ជឿជាក់​ថា​គេ​នឹង​ចុះសម្រុង​ជាមួយ​ Barcelona ដោយសារ​កត្តា​មួយ​នេះ។

គេ​បានលើក​ឡើងថា៖ “ហូឡង់ និង Barcelona តែងមានទំនាក់ទំនងល្អ ហើយក្លឹប Barcelona និង Ajax មានប្រព័ន្ធ​លេង​ដូចគ្នា ដោយសារ​គំនិត​របស់​លោក Johan Cruyff នេះ​ឯង។ Ajax និង Barcelona ចង់​លេង​តាម​របៀប​ដូចគ្នា ហើយ​នេះជាចំណុចល្អ​សម្រាប់ខ្ញុំ”។

 

De Jong បានជួយ​ក្លឹប Ajax ឱ្យ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​​ឆេម​ពានស៍​លីគ​រដូវកាល២០១៨-២០១៩ ញ៉ាំង​ឱ្យ​គេ​ទទួល​បាន​ការ​កោត​សរសើរ​​ និង​ការ​ចាប់អារម្មណ៍​ពី​ក្លឹបធំៗ​ជាច្រើន។

គេ​បាន​និយាយថា៖ “ខ្ញុំ​តែង​សុបិន​ចង់​ក្លាយ​ជា​កីឡាករ​របស់ Barcelona ហេតុនេះ​ ការ​សម្រេច​ចិត្ត​ផ្ទេរ​មក​ទីនេះ​គឺជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ងាយ​ស្រួល។ ខ្ញុំ​រីករាយ​ និង​មាន​មោទនភាព​ណាស់”។

“នៅ​ពេល​ដែល​ប្រធាន​ក្លឹប គឺ​លោក Josep Maria Bartomeu មកហូឡង់​ដើម្បីជួបខ្ញុំ បញ្ជាក់​ថា​គេ​ជឿជាក់​លើ​ខ្ញុំ​ខ្លាំង​ណាស់។ គេ​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​នឹង​ក្លាយជា​កីឡាករ​ដ៏សំខាន់​របស់​ក្លឹប”។

“កីឡាករ​គ្រប់​គ្នា​នៅ​ក្លឹប​នេះ​សុទ្ធ​តែលេង​បានល្អណាស់។ Barcelona មាន​កីឡាករ​ឆ្នើមៗ​ច្រើន ហើយ​ខ្ញុំ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដើម្បី​បញ្ជាក់​ថា​ខ្ញុំ​អាច​ចូល​លេង​ក្នុង​ជម្រើស ១១នាក់​ដំបូង​បាន ហើយ​ខ្ញុំ​អាច​លេង​ក្នុង​ទីតាំង​ណា​មួយ​ក៏​បានដែរ​នៅ​ក្នុង​តំ​បន់​ខ្សែ​បម្រើ”។

De Jong រំភើបចិត្ត​ដែល​បាន​លេង​រួមគ្នាជាមួយ Lionel Messi ដែល​បាន​ជួយ​ជំរុញ Barcelona ឱ្យ​ឡើង​ដល់ទីតាំងមួយ​ដ៏ខ្ពស់​ក្នុងអំឡុង​ ១០ឆ្នាំ​កន្លងទៅនេះ។

De Jong បាន​និយាយ​បន្តតាម​រយៈ​គេហទំព័រ​របស់ Barcelona ​ថា៖ “ខ្ញុំ​រីករាយ​ណាស់​ដែល​អាច​លេង​រួមគ្នាជាមួយ​ Leo Messi ហើយ​ខ្ញុំ​ចង់​ចាប់​ផ្ដើម​ភ្លាមៗ​តែ​ម្ដង”៕

 

De Jong និយាយពី Messi និងប្រព័ន្ធ​លេង​របស់​លោក Cruyff បន្ទាប់​ពី​ចូល​រួមជាមួយ Barcelona

មតិយោបល់