Thibaut Courtois អាច​អស់​និស្ស័យ​នៅ Real Madrid ពេល Zidane មកដល់!

  1. នៅសប្តាហ៍នេះ សារព័ត៌មានអេស្ប៉ាញជាច្រើន បានចុះផ្សាយថា Real Madrid បាន «ផ្ញើសារព្រមាន» ទៅកាន់ Thibaut Courtois បន្ទាប់ពីអ្នកចាំទីបែលហ្ស៊ិក ម្ចាស់ស្រោមដៃមាសបាល់ទាត់ពិភពលោក World Cup ២០១៨រូបនេះ លេងមិនបានល្អសោះ ក្រោយពេលផ្លាស់មកអេស្ប៉ាញ។

ការផ្ញើសារព្រមានបែបនេះ ជារឿងគួរឲ្យបារម្ភសម្រាប់អនាគតរបស់ Courtois នៅ Real Madrid ពីព្រោះថាលោក Zinedine Zidane ដែលត្រលប់មកដឹកនាំក្លឹបយក្សអេស្ប៉ាញវិញ ពុំដែលពេញចិត្តចំពោះការទិញ Courtois ពី Chelsea ឡើយ។

Courtois គឺជាកីឡាករម្នាក់ដែលលោក Julen Lopetegui សម្រេចទិញពីក្លឹប Chelsea កាលពីខែសីហា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួនប្រមាណ ៣៨លានផោន។ អ្នកចាំទីកម្ពស់ជិត ២ម៉ែត្រនេះ បានចាកចេញពីអង់គ្លេស មករួមរស់នៅអេស្ប៉ាញវិញស្របតាមក្តីស្រម៉ៃរបស់គេ។ ប៉ុន្តែនៅពេលដែលមានការចាកចេញរបស់ Courtois ក្លឹប Chelsea ក៏ត្រូវជួបវិបត្តិអ្នកចាំទី រហូតសម្រេចចិត្តទិញ Kepa Arrizabalaga ក្នុងតម្លៃខ្លួនថ្លៃបំផុត មកជំនួស។

គេសង្កេតឃើញថា Kepa ធ្វើបានល្អសម្រាប់ Chelsea! ប៉ុន្តែ Courtois ធ្វើមិនបានល្អសោះឡើយសម្រាប់ Real Madrid។ អ្នក​ចាំទីវ័យ ២៦ឆ្នាំនេះ បានធ្វើឲ្យរបូតគ្រាប់បាល់ចូលទី Real Madrid ចំនួន ៣២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ២៧ប្រកួតនៅ La Liga រដូវកាលនេះ។ ហើយវត្តមានរបស់ Courtois បានធ្វើឲ្យ Real Madrid ត្រូវធ្លាក់ពីការប្រកួត UEFA Champions League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Ajax។

គេនៅមិនទាន់ដឹងទេថា នៅពេលដែលលោក Zinedine Zidane មកដឹកនាំ Real Madrid វិញ តើ Thiabaut Courtois នឹងអាចលេងក្នុងជម្រើស ១១នាក់ដំបូងជាញឹកញាប់ ឬទេ? សំណួរនេះលេចឡើង ព្រោះថាកន្លងមក លោក Zidane តែងតែបង្ហាញអារម្មណ៍ពិតប្រាប់ទៅលោក Florentino Perez ប្រធានក្លឹបថា Real Madrid មានអ្នកចាំទីដ៏អស្ចារ្យបំផុតហើយ នោះគឺ Keylor Navas។ ទោះបីជាពេលនេះ Navas មានអាយុ ៣២ឆ្នាំទៅហើយ ប៉ុន្តែលោក Zidane ធ្លាប់និយាយថា គាត់គឺជាហ្វេនរបស់ Navas។

គេនៅចាំថា Navas ធ្លាប់ប្រកាសចាកចេញពី Real Madrid នៅចុងរដូវកាលនេះ ប៉ុន្តែនៅពេលដែលលោក Zidane ត្រលប់មកវិញ គេក៏មិនទាន់ដឹងដែរថា តើ Courtois ឬ Navas ជាអ្នកដើរចេញពី Real Madrid?

 

Real Madrid stars in great mood training under Zidane

មតិយោបល់