ក្លឹប​មួយ​ដែល​ MESSI មិន​អាច​បំបាក់​បានក្នុង​អាជីព​នៅ BARCELONA

ចាប់​តាំង​ពី​ពេល​ដែល​កីឡាករ Lionel Messi ចាប់​ផ្ដើម​អាជីព​នៅ​ក្លឹប Barcelona មក​ទល់​នឹង​ការ​ប្រកួត​ឆេម​ពានស៍​លីគ​ជាមួយ​ក្លឹប​ Lyon ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ គេ​ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​ល្អ​ នឹង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា​ពាស​ពេញ​ពិភព​លោក។ ទោះ​ជា​យ៉ាង​នេះក្ដី Messi និង Barcelona មិន​មែន​សុទ្ធ​តែ​អាច​បំបាក់​បាន​គ្រប់ក្លឹប​នោះទេ។

ក្រៅ​ពី​ការ​រក​បាន​គ្រាប់​បាល់ ៥៨៨គ្រាប់​ ពី​ការ​ប្រកួត​ ៦៧៣លើក​ឲ្យ​ Barcelona មក​ទល់​នឹង​ពេលនេះ Messi ហាក់​ដូច​ជា​មិន​បាន​បង្ហាញ​សញ្ញា​ធ្លាក់​ទម្រង់​លេង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​នោះទេ។ នៅ​ក្នុ​ងការ​ប្រកួត​ឆេម​ពានស៍​លីគ​ជាមួយ​ Lyon កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ គេ​បាន​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​មួយចំនួន និ​ងរក​បាន​ ២គ្រាប់​ខ្លួន​ឯង​ទៀត​ផង ញ៉ាំង​ឲ្យ​ Barcelona ឈ្នះ​ Lyon ក្នុង​លទ្ធផល​ ៥ទល់​នឹង​១។

ទន្ទឹម​នឹង​នេះ Messi បាន​តាម​ទាន់កំណត់​ត្រា​របស់​​អតីត​កីឡាករ Barcelona មួយ​រូប​ដ៏​ឆ្នើមគឺ Xavi Hernandez ជា​កីឡាករ​ដែល​ទទួល​បាន​ជ័យ​ជម្នះ​ច្រើន​បំផុត​​តំណាង​ឲ្យ​ Barcelona ដែល​ជ័យ​ជម្នះ​លើ​ក្លឹប​ Lyon លើក​នេះ ជា​ជ័យជម្នះ​ទី ៤៦៧ របស់គេ​នៅ Barcelona ស្មើ​នឹង​ចំនួន​ជ័យ​ជម្នះ​របស់ Xavi ដែរ គ្រាន់តែ ភាគ​រយ​ឈ្នះ​របស់ Xavi ទាប​ជាង ព្រោះចំនួន​ប្រកួត​សរុប​របស់គាត់​គឺ ៧៦៧លើក។

គេ​បាន​ពិនិត្យ​ឃើញ​ថា​ ក្នុង​ចំណោម​ ៨៥ក្លឹប ដែលធ្លាប់​ប្រកួត​ជាមួយ​ Barcelona មាន​ ៨៤ក្លឹប​ដែល​ធ្លាប់​ចាញ់​ Barcelona យ៉ាង​ហោច​ណាស់​ក៏​ម្ដងដែរ។ មាន​តែ​ក្លឹប​មួយ​ប៉ុណ្ណោះ​ ដែល​ Messi និង​មិត្ត​រួម​ក្រុម​របស់​គេ​មិន​អាច​បំបាក់​បាន ជា​ក្រុម​ដែល​​ប្រហែល​ជា​មាន​តែ​ប្រិយ​មិត្ត​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ​ ទើប​អាច​ទាយ​ត្រូវ​។

តើ​ប្រិយមិត្ត​ធ្លាប់​ឮឈ្មោះ​ក្លឹប UDA Gramenet ដែរ​ឬទេ?

នេះ​ជា​ក្លឹប​មួយ​ដែល​កំពុង​ប្រកួត​នៅ​ក្នុង​លីគ Segunda Catalana ក្រុមទី៤ ជា​ក្លឹប​តែ​មួយ​គត់​ដែល​មាន​អត្រា​ឈ្នះ​ Barcelona ១០០%។ មក​ទល់​នឹង​ពេល​នេះ ពួក​គេ​ធ្លាប់​ប៉ះ​ជាមួយ​ Barcelona បាន​តែ​មួយ​លើក​គត់​ គឺ​នៅ​ក្នុង​ការ​ប្រកួត​ Copa del Rey រដូវកាល​ ២០០៤-២០០៥ ដោយ​ឈ្នះ​​ក្លឹប​យក្ស​កាតា​ឡង់​ក្នុង​លទ្ធ​ផល ១ទល់​នឹង​សូន្យ។

នៅ​ក្នុ​ងការ​ប្រកួ​តលើក​នោះ​ កីឡាករ Lionel Messi ក៏​មាន​មុខ​នៅ​ក្នុង​ជម្រើ​ស​ ១១នាក់​ដំបូង​​ដែរ​ ប៉ុន្តែ​គេ​ និង​មិត្ត​រួម​ក្រុម​​មិន​អាច​ស៊ុត​បាល់​ប៉ះ​សំណាញ់​ទី​របស់​ក្លឹប Gramenet សូម្បី​តែ​មួយ​គ្រាប់​ឡើយ។ ចាប់តាំង​ពី​ពេល​នោះ​មក ក្លឹបទាំងពីរ​មិន​​ដែល​ចាប់​ឆ្នោត​ប៉ះ​គ្នា​ម្ដង​ទៀត​ឡើយ​ ធ្វើ​ឲ្យ​ Barcelona បាត់​ឱកាស​ក្នុង​ការ​សងសឹក​វិញ។

ផ្ទុយ​ទៅវិញ ក្លឹប Sevilla បាន​ក្លាយ​ជា​ក្លឹប​ដែល​ធ្លាប់​ចាញ់​ Barcelona ច្រើន​ដង​ជាង​គេ​បំផុត​ ក្នុ​ងអំឡុង​អាជីព​របស់ Messi គឺ​ធ្លាប់ចាញ់ ២៨លើក។

អតីត​អ្នក​ចាត់ការ​ក្លឹប Barcelona ដែល​បាន​លាចាក​លោក​ទៅ​ហើយ គឺ​លោក Tito Vilanova ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប UDA Gramenet ដោយ​​ចូល​លេង​បាន ២៨ប្រកួត​​ក្នុងអំឡុ​ងរដូវ​កាល ២០០០-២០០១៕

 

មតិយោបល់