អ្នកចាត់ការ​ ១០ រូប​ដែល​ចាត់ទុកថា​បរាជ័យ​នៅក្លឹប​ Real Madrid

ខណៈដែល​ Zinedine Zidane បានក្លាយជាអ្នកចាត់​ការ​ទី ៣ ក្នុង​រដូវកាល​នេះ​នៅក្លឹប​យក្ស Real Madrid គេអាច​មើល​ឃើញ​ថា​វា​មិន​ងាយ​ស្រួល​នោះទេ​ក្នុង​ការ​ដឹកនាំ​ក្លឹប​មួយនេះ ហើយ​ថ្ងៃនេះ FOX Sports ជាខេមរភាសាសូមលើក​យក​អ្នក​ចាត់​ការ​ ១០ រូប​ដែល​បាន​បរាជ័យ​ក្នុង​ការ​ងារ​ដឹកនាំ​នៅក្លឹប​យក្ស​មួយ​នេះ។

ការងារ​ដឹកនាំលើកទី​ ១ ​របស់​ Zidane នៅ​ Real អាច​ចាត់​ទុក​ថា​ជាការ​ដឹកនាំ​ដ៏ជោគជ័យ​បំផុត ព្រោះ​ថា ​ក្នុង​រយៈពេល ២ ឆ្នាំកន្លះនៅក្លឹប​នេះ លោក​បាន​ជួយ​ឲ្យក្លឹប​ឈ្នះ​ពាន​បាន​រហូត ៩ ឯណោះ ដោយក្នុង​នោះ​មាន​ យូហ្វាឆេមពានស៍លីគ​ ៣ រដូវកាល​ជាប់គ្នា និង​ជើង​ឯក​លីគកំពូល​អេស្ប៉ាញ​មួយរដូវកាល​​ផងដែរ។

​មនុស្ស​ជាច្រើន​បាន​ទទួលស្គាល់​ជោគ​ជ័យ​របស់​លោក Pep Guardiola នៅក្លឹប​ FC Barcelona តែ​​បែរជា​យល់​ថាជោគជ័យ​របស់​ Zidane នៅ Real គឺ​បាន​មក​ដោយសារ​តែ​ក្រុម​ខ្លាំង​ស្រាប់​ប៉ុណ្ណោះ តែពួកគេ​ភ្លេច​ថា​មាន​អ្នកចាត់​ការ​ច្រើន​ណាស់​មក​ហើយ​ដែល​បរាជ័យ​ក្នុង​ការ​ដឹកនាំនៅក្លឹប​នេះដ៏ធំមួយនេះ​។

ខាងក្រោម​នេះជា​ បញ្ជីឈ្មោះ​អ្នក​ចាត់​ការ​របស់ក្លឹប​ Real Madrid កន្លង​មក​ដែល​មិន​ទទួលបាន​ជោគជ័យ​ក្នុងការ​ងារដឹកនាំរបស់​ខ្លួន៖

លោក Rafael Benitez រដូវកាល ២០១៥/១៦

លោក Benitez បាន​ដឹកនាំ​ប្រកួត​នៅ​ Real បានតែ ២៥ ប្រកួត​ប៉ុណ្ណោះ ហើយដែលក្រោយ​មក​ត្រូវបានក្លឹប​បញ្ឈប់​នឹង​ដាក់ Zidane ចូល​ទៅជំនួស។ ក្រោយ​មិនអាច​ជួយឲ្យ​ក្រុម​លេង​បាន​ល្អ​ដល់​កម្រិត​លោក​ក៏ត្រូវ​បាន​ក្លឹប​បញ្ឈប់​នៅខែ មករា ឆ្នាំ ២០១៦ ហើយពេល​ Zidane ចូល​មក​ក៏​បាន​ជួយឲ្យក្រុម​ឈ្នះពាន​ជាបន្តបន្ទាប់ ថែមទាំងបាន​ឈ្នះជើងឯក យូហ្វាឆេមពានស៍លីគ នៅក្នុង​រដូវកាលនោះ ដោយ​ក្រុមដែល​មានកីឡាករ​ដដែល​នោះទៀតផង។

លោក Julen Lopetegui រដូវកាល ២០១៨/១៩

ក្រោយការ​ចាកចេញរបស់ Zidane ក្លឹប​យក្ស​នេះក៏បានតែងតាំងលោក Julen Lopetegui ដែលកាល​នោះ​​ជាអ្នកចាត់​ការ​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​ដែល​ជិត​ដល់​ថ្ងៃ​ដឹកនាំក្រុមជម្រើសជាតិ​ប្រកួត​វើលខាប់ទៅហើយនោះ។ អ្នកចាត់​​ការវ័យ ៥២ឆ្នាំ​រូបនេះ ដឹកនាំក្លឹប​បានតែ ១៤ប្រកួត ប៉ុណ្ណោះ ដោយបាន ចាញ់​អស់ ៦ ប្រកួត ហើយក៏ត្រូវ​ក្លឹប​បញ្ឈប់​តែម្តង។

លោក Manuel Pellegrini រដូវកាល ២០០៩/១០

អតីត​អ្នកចាត់ការ​ក្លឹប Manchester City ក៏ធ្លាប់​ជាអ្នកចាត់​ការ​ក្លឹប​ Real Madrid ដែរ ដោយលោក​ដឹកនាំ​ក្លឹប​នេះបាន​តែ ១ រដូវកាល​ប៉ុណ្ណោះគឺនៅរដូវកាល ២០០៩/២០១០។ អ្នកចាត់​ការ​សញ្ជាតិ​ ឈីលី រូបនេះ មិន​បាន​ជួយឲ្យក្រុម​ឈ្នះពាន​អ្វីឡើយ ដែល​ជា​ហេតុផល​សម្រាប់​ការ​បណ្តេញចេញរបស់​លោក​តែម្តង។

លោក Carlos Queiroz រដូវកាល ២០០៤/០៥

ងាក​មក​លោក Carlos Queiroz ឯណោះវិញ បើ​ទោះជា​ធ្លាប់​ជួយឲ្យក្រុម​ឈ្នះ​ពាន​ Spanish Super Cup ក្តី លោក​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​អ្នកចាត់​ការ​ដែល​បរាជ័យ​នៅក្លឹប​នេះ។ ក្នុងការដឹកនាំ​ ៥៩​ប្រកួត ក្រុម​របស់លោកចាញ់ ១៤ ប្រកួត និង​ស្មើ ១១ ប្រកួត រួច​ក៏ត្រូវ​ក្លឹប​បញ្ឈប់​ និង​ដាក់​លោក Jose Antonio Camacho ជំនួស ហើយ​ដែល​គ្រូថ្មីនេះ​ដឹកនាំ​បានតែ ៦ ប្រកួត​ប៉ុណ្ណោះ​ក៏ត្រូវ​ក្លឹប​បញ្ឈប់ទៀត។

ហើយខាងក្រោម​នេះជាអ្នកចាត់​ការ​ ៥ រូបទៀត​ដែល​ចាត់​ទុក​ថា​បាន​បរាជ័យ​នៅ Real Madrid៖

  • លោក Juande Ramos (ដឹកនាំបាន​ ២៧ ប្រកួត) រដូវកាល ២០០៨/០៩
  • លោក Santiago Solari (ដឹកនាំបាន​ ៣២ ប្រកួត នឹងបាន​លើកពាន​ FIFA Club World Cup) រដូវកាល ២០១៨/១៩
  • លោក Mariano García Remon (ដឹកនាំបាន​ ២០ ប្រកួត) រដូវកាល ២០០៤/០៥
  • លោក Vanderlei Luxemburgo (ដឹកនាំបាន​ ៤៥ ប្រកួត) រដូវកាល ២០០៥/០៦
  • លោក Juan Ramon Lopez Caro (ដឹកនាំបាន​ ២៤ ប្រកួត) រដូវកាល ២០០៥/០៦

តើ​ប្រិយមិត្ត​នៅ​មាន​ស្គាល់​អ្នកចាត់​ការ​ណា​ទៀត​ដែល​យល់​ថា​បរ៉ាជ័យ​ក្នុង​ការ​ដឹកនាំ​នៅក្លឹប​នេះ​ដែរ ឬ ទេ?​

មតិយោបល់