លោក VALVERDE រំភើប​ដែល​បាន​ប្រជែង​ជាមួយ​លោក ZIDANE ម្ដង​ទៀត

លោក Zinedine Zidane បាន​វិល​ត្រឡប់​មក​ Real Madrid វិញ​ហើយ ហើយ​អ្នក​ចាត់ការ​ក្លឹប Barcelona គឺ​លោក Ernesto Valverde រំភើប​ចិត្ត​ដែល​មាន​ឱកាស​​ដឹក​នាំ​ក្រុម​ប្រជែង​ជាមួយ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ​ជាថ្មី​ម្ដងទៀត។

អ្នក​ចាត់ការ​ក្លឹប Barcelona គឺ​លោក Ernesto Valverde រំភើបចិត្ត​​ចំពោះ​ឱកាស​ប្រជែង​ជាមួយ​លោក Zinedine Zidane ម្តង​ទៀត​ក្រោយពេល​ដែល​អ្នក​ចាត់ការសញ្ជាតិ​បារាំង​រូបនេះ​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​​ក្លឹប Real Madrid ជា​លើក​ទី២។

ការ​វិល​ត្រឡប់​របស់លោក Zidane មក​ដឹកនាំ​ក្លឹប Real Madrid ជា​ថ្មី​ម្ដងទៀត​នេះ ត្រូវ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃចន្ទ​ដើម​សប្ដាហ៍​នេះ​ ដោយ​លោក​បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៣ឆ្នាំ​ជំនួស​លោក Santiago Solari។

លោក​ Valverde ធ្លាប់​ឈ្នះ​តែ​ម្ដង​គត់​ ក្នុង​ចំណោម​ ៤ប្រកួត​ជាមួយ​ក្រុម Real Madrid ក្រោមការ​ដឹកនាំ​របស់​លោក Zidane កាល​ពី​រដូវកាល​មុន ថ្វី​ត្បិត​ថា​លោក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​ទម្លាក់ Real Madrid ចេញ​ពី​តំណែង​ជើង​ឯក​ LaLiga ក៏​ដោយ។

នៅ​​ពេល​ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សួរ​ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​របស់​លោក Zidane មក​កាន់ទឹកដី Santiago Bernabeu លោក Valverde បាន​និយាយថា៖ “គាត់​គឺ​ជា​អ្នក​ចាត់ការ​ដ៏​ខ្លាំង​ពូកែ​ម្នាក់ ហើយ​គាត់​បាន​វិល​ត្រឡប់ម​ក​ដឹកនាំ​​ក្លឹប​ដ៏​ខ្លាំង​មួយ​នេះ​វិញ​ហើយ”។

“ពួក​គេ​នឹង​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ពិបាក​សម្រាប់​យើង ហើយ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​​ការ​ប្រកួត​ជាមួយ​ក្លឹប​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​គាត់​ម្ដងទៀត”។

លោក Zidane ត្រូវ​បាន​តែង​តាំង​តួនាទី​ជាថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ក្លឹប Real Madrid ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ការ​ប្រកួត​ឆេម​ពានស៍​លីគ​ក្រោម​ស្នាដៃ​របស់ក្លឹប Ajax ដោយ​លទ្ធផលបរាជ័យ ៤ទល់​នឹង​១ នៅ​ការ​ប្រកួត​ជើង​ទី២ វគ្គ​ ១៦ក្រុម​ចុងក្រោយ​ ក្នុង​ទឹកដី​របស់ខ្លួន​ឯង។

បន្ទាប់​ពី Real Madrid ក្លឹបបារាំង Paris Saint-Germain ក៏​បាន​ធ្លាក់​ចេញ​ដែរ ដែល​លទ្ធផល​ទាំងនេះ ជា​ការ​ព្រមាន​មួយ​សម្រាប់ក្លឹប Barcelona ដែល​ប៉ះ​ជាមួយ​ Lyon នៅទឹកដី Camp Nou នៅជើង​ទី២ ដោយ​ទទួល​បាន​លទ្ធផលសូន្យ​ស្មើ។

លោក Valverde បាន​លើក​ឡើងថា៖ “នេះ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​ក្រុម​ធំៗ​ដូចជា​ Real Madrid និង PSG សុទ្ធ​តែ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ឆេម​ពានស៍​លីគ​អស់ហើយ”៕

 

មតិយោបល់