កីឡាករ៥រូប​ដែល​លោក ZINEDINE ZIDANE អាចចុះ​កុងត្រា​ក្រោយ​ពេល​ត្រឡប់​មក​​ REAL MADRID វិញ

ព័ត៌​មាន​អំពី​ការ​វិល​ត្រឡប់​របស់​​លោក​ Zidane មក​ដឹក​នាំ​ក្លឹប​ Real Madrid វិញ ឥឡូវ​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ លោក​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ធ្វើ​ជា​អ្នក​ចាត់ការ​ក្លឹប​នេះ​ជា​ផ្លូវការ​វិញ​ ក្រោយ​ពី​បាន​ចាក​ចេញ​តាំង​ពី​ចុង​រដូវកាល​មុន។ ជា​មួយ​នឹង​ការ​វិល​ត្រឡប់​របស់​លោក តើ​លោក​អាច​នឹង​នាំ​កីឡាករ​ណា​ខ្លះ​មក​ជាមួយ​?​ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​មួយ​​​ចំនួន​ដែល​លោក​អាច​នឹង​ទិញ​មក​លេង​នៅ​ទឹកដី Bernabeu នៅ​ក្នុង​អំឡុង​រដូវ​ក្ដៅនេះ។

បន្ទាប់ពី​បាន​ឆ្លងកាត់​ដ៏​ជូរចត់​មិន​គួរ​ឲ្យ​ចងចាំ​មួយ​នៅ​ Real Madrid លោក Florentino Perez បាន​សម្រេច​ចិត្ត​ងាក​ទៅរក​ជំនួយ​ពី​លោក Zinedine Zidane វិញ គឺ​ជា​អតីត​អ្នក​ចាត់ការ​ដែល​បាន​ជួយ​ឲ្យ​ក្លឹប Real Madrid ឈ្នះ​ពាន​ឆេម​ពានស៍​លីគ​ដល់​ទៅ​ ៣រដូវកាល​ជាប់​គ្នា។

ពេល​ដែល​គាត់​ចាក​ចេញ​ គាត់​បាន​លើក​ឡើងថាគាត់​មាន​អារម្មណ៍​ថា​​គាត់​មិន​អាច​ទទួល​បាន​ជ័យ​ជម្នះ​ជាមួយ​ក្រុម​ដែល​គាត់​មាន​នៅពេល​នោះ​ទៀតហើយ។ ពេល​នេះ​គាត់​បាន​វិល​ត្រឡប់​មក​វិញ​ជាផ្លូវ​ការ​ហើយ គាត់​អាច​នឹង​ចូល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ដើម្បី​ពង្រឹង​ក្រុម​របស់គាត់​ឡើង​វិញ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ ៥រូប​ដែល​លោក​ Zidane អាច​នឹង​ចុះ​កុងត្រា​​នៅ​រដូវក្ដៅ​ខាង​មុខ​នេះ៖

៥. កីឡាករ Eder Militao

ក្លឹប Real Madrid មាន​បញ្ហា​នៅ​ផ្នែក​ខ្សែ​ការពារ​ដោយសារ​ទាំង​កីឡាករ Sergio Ramos និង Raphael Varane មិន​មាន​ទម្រង់​លេង​នឹងនរ​នោះទេ។ នេះ​ប្រហែល​មកពី​ពួក​គេ​មិន​មាន​គូ​ប្រជែង​​នៅ​ក្នុង​ស្រទាប់​កីឡាករ​បម្រុង​ហើយ​មើល​ទៅ។

យ៉ាង​ណា​មិញ ប្រសិន​បើ​ Militao ចូល​មក​លេង​នៅ​ Real Madrid គេ​អាច​ក្លាយ​ជា​ការ​គម្រាម​កំហែង​ចំពោះ​​ឱកាស​ចូល​លេង​របស់​កីឡាករ​ខ្សែ​បម្រើ​ក្លឹប​មួយ​នេះ ព្រោះ​គេ​ជា​កីឡាករ​ដ៏​មាន​សក្ដារនុពល។

៤. កីឡាករ Matthijs De Ligt

Barcelona ជា​ក្លឹប​នៅ​ក្នុង​ចិត្ត​របស់​កីឡាករ​រូប​នេះ ហើយ​ក្លឹប​​ក៏​ប្រហែល​ជា​កំពុង​ព្យាយាម​ទិញ​រូបគេដែរ​។ យ៉ាង​ណា​មិញ ការ​មក​ដល់​របស់​លោក Zinedine Zidane អាច​នឹង​បន្ថែម​កម្លាំង​ស្រូបទាញ​ធ្វើ​ឲ្យ​កីឡាករ​​គ្រប់​រូប​ចង់​មក​ចូល​រួម​ជាមួយ​ក្លឹប​អធិរាជ​ស​។

កាល​ពី​មុន នៅពេល​ដែល​លោក Zidane បាន​ហៅ​កីឡាករ​វ័យ​ក្មេង​ម្នាក់​ឲ្យ​មក​ចូល​រួម​ជាមួយ​ក្លឹប Real Madrid គេ​ពិត​ជា​មក​មែន ហើយ​គេ​នោះ​គឺកីឡាករ Raphael Varane នេះឯង។ ស្ថានភាព​ស្រដៀង​គ្នា​នេះ​អាច​កើត​ឡើង​​ចំពោះ​ De Ligt ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​​នៅ​ពេលដែល​ក្លឹប Ajax បំបាក់ Real Madrid ក្នុងលទ្ធផល ៤ទល់​នឹង១ នៅទឹកដី Bernabeu។

៣. កីឡាករ Luka Jovic

លោក Zinedine Zidane អាច​នឹង​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​កីឡាករ Karim Benzema ប៉ុន្តែ​លោក​ច្បាស់​ជា​មិន​ជឿ​ថា​កីឡាករ​រូប​នេះ​អាច​ទទួល​រ៉ាប់​រង​កិច្ច​ការ​នេះ​តែ​ម្នាក់​ឯង​នោះទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក​ច្បាស់ជា​មិន​ដក​ឈ្មោះ Benzema ចេញ​ពី​ជម្រើស​ ១១នាក់​ដំបូង​ឡើយ ហេតុ​នេះ​ហើយ​ ​លោក​អាច​នឹង​ទិញ​កីឡាករ​វ័យ​ក្មេង​ម្នាក់​មក​បម្រុង​​ដែល​មាន​ទេព​កោសល្យ​គ្រប់គ្រាន់​អាច​ជំនួស​ Benzema នៅ​ថ្ងៃ​ណាមួយ​។

ចំពោះ​កីឡាករ​ម្នាក់​នោះ តើ​មាន​នរណា​ល្អជាង​ Luka Jovic ទៀត? ទាំង​ក្លឹប Barcelona ទាំង Real Madrid សុទ្ធ​តែ​ធ្លាប់​មាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ចង់​បាន​កីឡាករ​រូបនេះ​ ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ ១៥គ្រាប់​ ក្នុង​ការ​ប្រកួត​កម្រិត​លីគ​ ២២លើក​ក្នុង​រដូវ​កាល​នេះ ហើយ​ក្លឹប​អធិរាជ​ស​អាច​នឹង​ធ្វើ​តាម​បំណង​របស់​លោក Zidane។

២. កីឡាករ Neymar

Neymar បាន​ក្លាយ​ជា​គោល​ដៅ​របស់​លោក Florentino Perez អស់​មួយ​រយៈ​ពេលហើយ។ ខណៈ​ដែល​ការ​ទិញ​កីឡាករ​រូបនេះ​ពី​ក្លឹប PSG ជា​រឿង​មួយ​ដ៏​លំបាក លោក Zidane អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ការ​ដោះ​ដូរ​មួយ​នេះ​ឲ្យ​បាន​សម្រេច។

អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​ច្បាស់​ជា​បាន​​​វិល​ត្រឡប់​មក​ក្លឹប​មួយ​នេះ​វិញដោយ​​ប្រាកដ​ក្នុង​ចិត្ត​ថា​អាច​​ទិញ​បាន​​កីឡាករ​ល្បីខាង​រក​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់​ម្នាក់មក​លេង​​នៅ​ក្លឹប​នេះ។

១. កីឡាករ Kylian Mbappe

ជម្រើស​ល្អ​បំផុត​ដែល​លោក Zidane អាច​នឹង​ទិញ​មក​លេង​នៅ​ក្លឹប Real Madrid គឺ​កីឡាករ​រួម​សញ្ជាតិ​ Kylian Mbappe។ លោក​ចង់​បាន Mbappe តាំង​ពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ ប៉ុន្តែ​កាល​នោះ​ក្លឹប Real Madrid ប្រជែង​មិន​ឈ្នះ​ PSG ក្នុង​ការ​ទិញ​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ។

ខណៈ​ពេល​ដែល​ Mbappe បានបញ្ជាក់​ហើយ​ថា​គេ​នឹង​បន្ត​លេង​នៅ PSG ក្នុង​រដូវ​កាល​ក្រោយ គេ​អាច​នឹង​ផ្លាស់​ប្ដូរ​​ចិត្តនៅ​ពេល​ដែល​ដឹងថាលោក Zinedine Zidane វិល​ត្រឡប់ម​ក​ដឹកនាំ​ក្លឹប Real Madrid វិញ។ នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​កីឡាករ​​ធ្វើ​ផ្ទុយ​ពី​អ្វី​ដែល​គេ​បាន​និយាយ៕

 

NACHO ថា​ REAL បាក់ទឹកចិត្ត​ក្រោយ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ UCL

មតិយោបល់