លោក Perez ព្រមាន​បណ្តេញ​ Sergio Ramos ពី Real Madrid ពេល​ចប់​រដូវកាល​

ម្ចាស់ក្លឹប Real Madrid លោក Florentino Perez និងប្រធានក្រុម Sergio Ramos បានឈ្លោះគ្នាខ្លាំង រហូតលោក Perez ចង្អុលមុខ និងព្រមានដេញ Ramos ពីក្លឹបនៅចុងរដូវកាលនេះ។ ហេតុការណ៍នេះ បានកើតឡើងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Real Madrid ក្រោយពេល ក្រុមអធិរាជសប្រចាំអេស្ប៉ាញនេះ បានបរាជ័យធ្លាក់ចេញពីការប្រជែងពានរង្វាន់ UEFA Champions League រដូវកាល ២០១៨/២០១៩ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ កាលពីពាក់កណ្តាលសប្តាហ៍ ក្រោមថ្វីជើង របស់ក្លឹបហូឡង់ Ajax ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca និង AS។

នៅពេលកូនក្រុម កំពុងតែបាក់ទឹកចិត្ត ចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ទាំងមុខស្អុយប៉ែរ ស្រាប់តែប្រធានក្រុម កីឡាករ Sergio Ramos ដែលមិនបានចូលលេងនៅជើងទី ២ ក្នុងជំនួបជាមួយ Ajax ដោយរងពិន័យពីសហព័ន្ធបាល់ទាត់អឺរុប រឿងចេតនាទទួលបានកាតលឿងនោះ បានចូលទៅនិយាយលួងលោមមិត្តរួមក្រុមរបស់ខ្លួន។ Ramos បានប្រាប់ទៅកូនក្រុមរបស់គេ ៣ចំនុច៖

NACHO ថា​ REAL បាក់ទឹកចិត្ត​ក្រោយ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ UCL

១. ត្រូវប្រឹងលេងឲ្យបានល្អបំផុតនៅក្របខណ្ឌ La Liga ទោះបីជាយើងមិនបានឈ្នះពានអ្វីក៏ដោយ
២. ត្រូវគោរពគ្រូបង្វឹក ទោះបីជាយើងទទួលលទ្ធផលបែបណា
៣. ត្រូវព្យាយាមទទួលបានចំណាត់ថ្នាក់លេខ ២ ពេលបញ្ចប់រដូវកាល។

ប៉ុន្តែស្របពេលដែលប្រធានក្រុមសញ្ជាតិអេស្ប៉ាញ កំពុងតែណែនាំលើកទឹកចិត្តកូនក្រុមនោះ ប្រធានក្លឹបលោក Perez បានចូលទៅដល់ ហើយបន្ទោសកីឡាករទាំងអស់ ថាលទ្ធផលបរាជ័យនេះ គឺមកពីកីឡាករ។ Ramos ព្យាយាមបកស្រាយថា បរាជ័យនោះ មិនមែនមកពីកីឡាករទាំងស្រុងនោះទេ វាក៏មានកត្តាផ្សេងដែរ។

តែលោក Perez បានច្រលោត ហើយងាកទៅបន្ទោសលើ Ramos ខ្លាំងជាងគេ ថាមកពីអវត្តមានដោយសារទង្វើឆ្កួតឡប់របស់គេ ទើបក្លឹបមានស្ថានភាពបែបនេះ។ លោក Perez ថែមទាំងចង្អុលមុខ ហើយព្រមានលក់ Ramos នៅពេលទីផ្សារដោះដូរកីឡាករ បើកទ្វារផងដែរ។
ពេលនោះ Ramos បានតបទាំងកំហឹងដែរថា បើលោក Perez ចង់បណ្តេញគេចេញ គឺត្រូវតែបង់ប្រាក់ឲ្យគេទាំងអស់ ព្រោះថាកុងត្រារបស់គេនឹងត្រូវផុតរហូតដល់ឆ្នាំ ២០២១។ ព្រឹត្តិការណ៍នាពេលនោះ កើតឡើងនៅចំពោះមុខក្រុមគ្រូបង្វឹក បុគ្គលិកផ្នែកសុខភាព និងកីឡាករទាំងអស់។

ជាការកត់សម្គាល់ Real Madrid ពេលនេះ បានធ្លាក់ចូលក្នុងស្ថានភាពមួយ ដែលកីឡាករកំពុងបាក់ទឹកចិត្ត ហើយកំហឹងរបស់ម្ចាស់ក្លឹបមកកាន់កីឡាករបែបនេះ វានឹងរឹតែធ្វើឲ្យកីឡាករគ្មានទឹកចិត្តចង់លេងបន្តនោះទេ។ មួយវិញទៀត ប្រសិនបើលោក Perez សម្រេចលក់ Ramos ចេញ នោះ Real Madrid ប្រាកដជាធ្លាក់ទៅក្នុងស្ថានភាពកាន់តែយ៉ាប់បំផុត។

ត្បិតតែមានអត្តចរិតរាងក្អេងក្អាងបន្តិច ប៉ុន្តែតាំងពីចូលក្លឹប Real Madrid កាលពីឆ្នាំ ២០០៥មក ខ្សែការពារ Sergio Ramos ក៏ជាឆ្អឹងខ្នងដ៏សំខាន់ជួយឲ្យ Real Madrid ក្លាយជាជើងឯក La Liga ចំនួន ៤ដង និង UEFA Champions League ចំនួន ៤ដង រួមនឹងពានរង្វាន់ធំៗផ្សេងទៀត៕

មតិយោបល់