Ronaldo ប្រេស៊ីល ប្រាប់ហេតុផល​ពិតនៃការចាកចេញពី Barcelona ទៅ Real Madrid

Brazil legend Ronaldo reveals why he left Barcelona and joined Real Madrid

ក្នុងបទសម្ភាសន៍នៅពេលថ្មីៗនេះ អតីតវីរបុរសរបស់ប្រេស៊ីល លោក Ronaldo បាន​បង្ហាញ​នូវហេតុផល​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីការ​សម្រេចចិត្ត​ចាកចេញពី Barcelona ទៅរួមទ្រនំជាមួយ Real Madrid ដែលជាក្លឹប​ប្រជែងគ្នាដ៏ធំនៅអេស្ប៉ាញ។

លោក Ronaldo ដែលបាន​មក​ចូលរួមជាមួយ Barcelona បន្ទាប់ពីផ្ទេរចេញពី PSV Eindhoven ក្នុងឆ្នាំ ១៩៩៦ ក្នុងតម្លៃ ១៥លានអឺរូ បាន​លើកឡើង​ថា ការសម្រេចចិត្តចាកចេញពី Barcelona របស់លោក គឺដោយសារតែក្លឹប «មិនផ្តល់តម្លៃ» ដល់លោក។​

សូម​រម្លឹកថា លោក Ronaldo បាន​ចូលលេងនៅ Barcelona ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ រួចហើយ​លោក​ក៏ចាកចេញទៅកាន់ក្លឹប​យក្សនៅអ៊ីតាលី Inter Milan ក្នុងឆ្នាំ ១៩៩៧ ដោយ​ក្នុងតម្លៃ ២៨លានអឺរូ។ ហើយ ៥ឆ្នាំក្រោយ​មក លោក Ronaldo ក៏បាន​ចេញពី Inter Milan មកអេស្ប៉ាញវិញ ប៉ុន្តែមក​ចូលរួមជាមួយក្លឹប Real Madrid ក្នុងតម្លៃផ្ទេរ ៤៥លានអឺរូ នៅឆ្នាំ ២០០២។

លោក Ronaldo បាន​រម្លឹក​ពីការសម្រេចចិត្តទាំងនេះថា៖«ខ្ញុំ​ជិត​នឹងចុះកុងត្រាបន្ថែម (ជាមួយ Barcelona) បន្ទាប់ពីចប់រដូវកាល (១៩៩៦-១៩៩៧) ហើយបន្ទាប់មក ខ្ញុំ​ក៏បាន​ទៅវិស្សមកាល​នៅប្រេស៊ីល។ តែពេលពួកគេ ក៏បាន​ហៅ​ខ្ញុំ​មក​វិញ ៥ថ្ងៃក្រោយ ដើម្បីប្រាប់ខ្ញុំគ្មាន ការ​បន្ត​កុងត្រា​ថ្មី មិនអាចកើតឡើងនោះទេ»។

អតីត​កីឡាករវ័យ ៤៣ឆ្នាំរូបនេះ បាន​បន្ត​ទៀតថា៖ «វាមិនដែលជាគំនិតខ្ញុំ ក្នុងការ​ចាកចេញទេ ខ្ញុំចង់នៅបន្ត។ តែប្រសិនបើ​ក្លឹបមិន​ផ្តល់​តម្លៃដល់ខ្ញុំ ដូចអ្វីដែលគេគួរធ្វើ គឺវាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំទេ។ ខ្ញុំ​ចង់នៅ ប៉ុន្តែដូចខ្ញុំនិយាយ គឺមិនមែនជាគំនិតរបស់ខ្ញុំ (ក្នុងការចាកចេញទេ)។​

ការ​ហ្វឹក​ហាត់​នៅ REAL MADRID

ជាមួយគ្នា អតីត​ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ២សម័យ​កាលរូបនេះ ក៏​បាន​និយាយពីការ​ដែល​គាត់​យល់ព្រម​ទៅលេងនៅ Real Madrid បន្ទាប់ពីបានឈ្នះពាន World Cup ជាលើកទី ២ ជាមួយប្រេស៊ីលដែរ។ Ronaldo បាន​ប្រាប់ថា៖

«ខ្ញុំ​ចូលរួមជាមួយ Real Madrid ព្រោះខ្ញុំគ្រាន់តែចង់លេងនៅទីនោះ។ ក្តី​ស្រមៃរបស់ខ្ញុំ គឺលេងឲ្យ Madrid នៅថ្ងៃណាមួយ ហើយ​ខ្ញុំក៏បានព្យាយាម​យ៉ាងខ្លាំង ដូច្នេះវាក៏អាចកើតឡើង។ Roberto Carlos ដែល​លេងជាមួយខ្ញុំនៅក្រុម​ជម្រើសជាតិ តែងតែប្រាប់ខ្ញុំពីអ្វីដែល Real Madrid មានន័យ​សម្រាប់គ្រប់គ្នា។ ទាំងនេះ គឺជាការបង្ហាញដ៏ល្អមួយ ហើយ​បន្ទាប់មក​ប៉ុន្មានឆ្នាំ ខ្ញុំក៏ចង់ឃើញដោយភ្នែកផ្ទាល់»៕

 

 

មតិយោបល់