កីឡាករ​ដែល Barcelona អាច​នឹង​ទិញ​មកជំនួស Ousmane Dembele

ដោយសារកីឡាករ Ousmane Dembele បានជួបបញ្ហា​របួស​ Barcelona អាច​នឹង​ចុះ​កុងត្រា​ទិញ​កីឡាករ​ថ្មី​មក​ជំនួសនៅ​ក្រៅអំឡុងពេល​ដោះដូរកីឡាករ។

Barcelona រំពឹងថា Dembele ត្រូវសម្រាក​ព្យាបាលរបួស​ ៦ខែ មានន័យថា Barcelona អាច​បង្ខំចិត្ត​ទិញ​កីឡាករមកជំនួស​។

តាមគោលការណ៍របស់​លីគកំពូលអេស្ប៉ាញ ក្លឹប​មួយ​អាចដោះដូរកីឡាករ​ក្រៅអំឡុងពេលដោះដូរបាន​លុះត្រា​តែ​មាន​កីឡាក​រ​របួស​ ដែលទាម​ទារ​ត្រូវ​សម្រាក​ព្យាបាល​លើស​ពី ៥ខែ។

យ៉ាងណាមិញ ពួកគេអាច​ទិញ​កីឡាករ​តែពី​ក្នុង​លីគ​លំដាប់កំពូល​២​ របស់អេស្ប៉ាញ​ប៉ុណ្ណោះ បើមិន​ដូច្នោះទេ ត្រូវ​តែជាកីឡាករ​ដែល​អាចផ្ទេរក្លឹប​បាន​ដោយ​មិនអស់តម្លៃផ្ទេរ។

ដោយសារ​ សូម្បីតែកីឡាករ Luis Suarez ក៏​នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​ដល់ខែឧសភា​ដែរនោះ ខាងក្រោម​នេះជាបញ្ជី​ឈ្មោះ​កីឡាករ​ដែល Barcelona អាចត្រូវ​ទិញ​ចូល​មក​ពង្រឹង​ផ្នែក​ប្រយុទ្ធ​របស់ខ្លួន៖

 

Willian Jose (Real Sociedad)

អតីត​ខ្សែប្រយុទ្ធ​របស់ក្លឹប Real Madrid រូបនេះ​មានព័ត៌មានពាក់ព័ន្ធ​នឹង​ការផ្ទេរទៅ​ក្លឹប Tottenham ក្នុងអំឡុង​ពេល​ដោះ​ដូរ​កីឡាករ​នៅខែមករា ប៉ុន្តែមិនឃើញចេញលទ្ធផលជាផ្លែផ្កានោះទេ។ យ៉ាងណាមិញ តាម​សេច​ក្ដី​រាយ​ការណ៍ Barcelona មានត្រឹម ១២លានអឺរ៉ូប៉ុណ្ណោះ មិនគ្រប់ទិញ Willian Jose នោះទេ។

 

 

Angel Rodriguez (Getafe)

ជម្រើសមួយទៀត​ដែលអាចប្រាកដ​ប្រជាជាង​នោះគឺកីឡាករ Rodriguez របស់ក្លឹប Getafe ដែលគេជឿថាមានតម្លៃ​ផ្ដាច់​កុង​ត្រា ១០លានអឺរ៉ូ។ កីឡាករ​ដែលមានវ័យ ៣២ឆ្នាំរូបនេះ​រក​គ្រាប់បាល់​បាន ៩គ្រាប់ក្នុងលីគ​កំពូលអេស្ប៉ាញ ឱ្យ​ក្លឹប Getafe ដែល​កំពុងប្រជែងដណ្ដើមពាន​ឆេមពានស៍​លីគ​ ប៉ុន្តែគេបានបង្ហាញខ្លួន​ចូលលេង​ក្នុងជម្រើសដំបូងបានត្រឹម ៦ប្រកួត​ប៉ុណ្ណោះ។

 

 

Lucas Perez

ក្រោយពីលេងមិនសូវបានល្អពេលនៅ​ក្លឹប Arsenal និង West Ham គេហាក់ដូចជាកើនទម្រង់លេងឡើងវិញ​ពេល​លេង​នៅ​​ក្លឹប Deportivo Alaves ញ៉ាំងឱ្យ​ក្រុម​កាំភ្លើងធំ​ទិញ​គេមកវិញ​ពីក្លឹប Deportivo La Coruna ក្នុងឆ្នាំ២០១៦។ គេរក​បាន​គ្រាប់បាល់ ៩គ្រាប់​ក្នុងលីគ​កំពូលអេស្ប៉ាញ​ និង​រក​បាន ៤គ្រាប់បន្ថែមទៀត​ឱ្យ​ក្លឹប Alaves រដូវកាលនេះ។ ដៃ​គូ​ខ្សែ​ប្រយុទ្ធ​របស់​គេ​គឺ​កីឡាករ Joselu (ដែលជាអតីតកីឡាករ​របស់ក្លឹប Real Madrid) បានបង្ហើបប្រាប់ក្នុងសប្ដាហ៍​នេះថា គេ​បានឃាត់ Perez មិន​ឱ្យ​ចូលរួមជាមួយ Barcelona។

 

 

Loren Moron

អ្នកចាត់ការ Quique Setien ធ្លាប់ដឹកនាំ Moron បាន ២រដូវកាល​នៅ​ក្លឹប Real Betis ហើយ​គេជាកីឡាករ​ដែលរក​បាន​គ្រាប់បាល់​បានច្រើនជាងគេរបស់ក្លឹប​ក្នុងរដូវកាលនេះ ដោយ​ធ្វើបានសម្រេច ៨គ្រាប់ និងបញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​បាន ២គ្រាប់។ ប្រធានក្លឹប Real Betis គឺលោក Angel Haro បាន​និយាយ​កាល​ពីចុងសប្ដាហ៍ថា​មិន​មានការទំនាក់ទំនងចរចា​គ្នា​ជាផ្លូវ​ការ​ជាមួយ​ក្លឹប Barcelona នោះទេ ហើយ​តម្លៃផ្ដាច់កុងត្រា​របស់​ Moron ដែលគេដឹង​គឺ ៤០លានអឺរ៉ូ៕

 

 

 

ខណៈ​អស្ចារ្យ​ទាំង១០​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ក្នុងខែមករា

មតិយោបល់