De Jong ថា Messi ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​មានភាពងាយស្រួល​

កីឡាករ​ខ្សែបម្រើ​របស់ក្លឹប Barcelona គឺ Frenkie de Jong បានសរសើរ​ប្រធានក្រុម​ Messi ដែល​បាន​បញ្ជូល​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ដល់ទៅ ៣គ្រាប់កាលពីថ្ងៃអាទិត្យ។

De Jong បាន​និយាយ​ថា គេមានភាពងាយស្រួល​ក្នុងការ​លេង​រួមគ្នាជាមួយ​ Messi ក្រោយពេលដែលកីឡាករ​រូបនេះ​បានជួយ​ឱ្យ​ក្រុម​របស់គេ​ប្រកួត​ឈ្នះក្លឹប Real Betis។

Messi មានចំណែកសំខាន់​ក្នុងការ​ប្រកួត​នេះ ដោយគេបានបញ្ជូន​បាល់​ ៣គ្រាប់​ ធ្វើឱ្យ​ Barcelona តាម​បានស្មើ Real Betis ដល់ទៅ ២លើក រហូត​ដល់ទទួលបានលទ្ធផលឈ្នះ ៣ទល់នឹង២ កាលពីថ្ងៃអាទិត្យ។

ក្រោយ​ពីឆ្លង​កាត់​រយៈ​ពេល​ ១សប្ដាហ៍​ដ៏​រង្គោះ​រង្គើរ ដោយសារ​ការ​ប៉ះទង្គិច​ពាក្យសម្ដីជាមួយនាយក​ផ្នែក​កីឡា​គឺលោក Eric Abidal មក Messi បាន​វិល​មក​រក​តួនាទីរបស់គេ​ដូចធម្មតាវិញ គឺការដឹកនាំ​ក្លឹប Barcelona ទៅ​រក​ជ័យ​ជម្នះ។

Messi បានបញ្ជូន​បាល់​ឱ្យ De Jong, Sergio Busquets និង Clement Lenglet ដែល​រក​បានគ្រាប់បាល់ជ័យ​ជម្នះ​នៅ​នាទីទី៧២ មុន​ពេល​ទទួល​បានកាតក្រហម​​​នៅនាទីទី៧៩ ពោល​គឺ​ក្រោយ​កីឡាករ​ Nabil Fekir របស់ Real Betis តែ ៣នាទី​ប៉ុណ្ណោះ។

 

ពេល​និយាយអំពី Messi មិត្តរួមក្រុម De Jong បានលើក​ឡើងថា៖ “Messi ងាយស្រួល​លេងជាមួយ ព្រោះ​គេ​បញ្ជូន​បាល់​ឱ្យ​អ្នក​នៅ​ក្នុង​លំហ​ មិន​មែន​ដោយសារ​ខ្ញុំ​ជិតស្និទ​ជាមួយគេ​នោះទេ ប៉ុន្តែគេពិត​ជាបញ្ជូន​បាល់​ក្នុង​លំហ​បានល្អមែន”។

លទ្ធផល​ជ័​យ​ជម្នះ​នេះ​ ជា​រឿង​ល្អ​សម្រាប់ Barcelona ដើម្បីងើប​ឡើង​ពី​បរាជ័យ​ក្នុងលទ្ធផល​ ១ទល់​នឹង​សូន្យ​ពេលប្រកួត​ជាមួយ​ក្លឹប Athletic Bilbao នៅវគ្គ​មួយភាគបួន​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ជ័យជម្នះក្រៅទឹកដី​លើក្លឹប Real Betis ញ៉ាំង​ឱ្យ​ Barcelona ចាញ់ពិន្ទុគូប្រជែង Real Madrid ៣ពិន្ទុ ដែល​កំពុង​ឈរ​នៅ​កំពូលតារាង។

De Jong បាននិយាយបន្តទៀតថា៖ “ជ័យជម្នះ​នេះ​សំខាន់ណាស់ ប៉ុន្តែមិនងាយស្រួលទេ តាមពិតយើងគួរ​តែ​ទទួល​បានគ្រាប់បាល់​ច្រើនជាងនេះ ប៉ុន្តែ​គេ​មិនឱ្យ​គ្រាប់បាល់ពិន័យ​ទៅ Messi។ យើង​មើលឃើញ​ច្បាស់​ណាស់​ថាគេ​បានចាប់ និង​ច្រាន Messi”។

“បរាជ័យ​ការ​ប្រកួត Copa del Rey ពិតជាពិបាក​ទទួលយក​ណាស់ ព្រោះ​ជាគ្រាប់បាល់​នៅ​នាទី​ចុងក្រោយ ហើយ​យើ​ងលេង​បាន​ល្អទៀត។ ខ្ញុំ​គិត​ថា​យើងគួរ​តែទទួលបានជ័យជម្នះ ប៉ុន្តែយើង​ត្រូវ​សំឡឹង​ឆ្ពោះ​ទៅមុខ”។

ចំពោះទម្រង់លេង​របស់ខ្លួន​ឯងផ្ទាល់ De Jong ដែលជាកីឡាករ​ជម្រើសជាតិ​ហូឡង់ និង​បានផ្ទេរ​មកពីក្លឹបជើង​ឯក​លីគ​កំពូលហូឡង់ Ajax កាលពីចន្លោះរដូវកាល​ បាននិយាយ​បន្ថែមថា៖ “ខ្ញុំគិត​ថានេះ​ជាការប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដែល​ល្អបំផុត​របស់ខ្ញុំ បើធៀបជាមួយ​ការ​ប្រកួត​មួយចំនួន​ពីមុន​ដែល​ខ្ញុំ​ធ្វើមិនសូវបានល្អ​ ប៉ុន្តែ​ក៏​មិនសូវជាល្អ​ណាស់ណាដែរ”៕

 

‘Messi will finish his career at Barcelona’ – Guardiola

មតិយោបល់