ការប្រកួត​ El Clasico ដំបូង​ក្រោមការ​ដឹកនាំ​របស់អ្នកចាត់ការថ្មី Quique Setien

ការធ្វើដំណើរ​របស់ Barcelona ទៅជួប​ប្រកួត​ជាមួយ Real Madrid នៅ​ខែ​មីនា អាច​ជាគន្លឹះ​សំខាន់​ដែល​នឹង​សម្រេច​ជោគវាសនា​ក្លឹប​ដែល​នឹង​គ្រង​តំណែងជើងឯក​លីគ​កំពូលអេស្ប៉ាញ ហើយ​ការ​ប្រកួត​នេះ​ នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ៩យប់​ តាមម៉ោងនៅអេស្ប៉ាញ នៅយប់ថ្ងៃអាទិត្យទី១ ខែមីនា។

ការប្រកួត​នៅទឹកដី Santiago Bernabeu នេះ អាច​ជា​គន្លឹះ​ដ៏សំខាន់​ដែលកំណត់​លទ្ធផល​ការ​ប្រជែង​ដណ្ដើម​ពាន​លីគ​កំពូល​អេស្ប៉ាញ ហើយ​ការ​ចាប់ផ្ដើម​នៅ​ម៉ោង ៩យប់ ម៉ោង​នៅអេស្ប៉ាញ អាច​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​ឱ្យ​ក្លឹប​ទាំងពីរ​សន្សំ​កម្លាំង​ឡើង​វិញ​ពីការ​ប្រកួត​​ឆេម​ពានស៍​លីគ​​នៅ​ពាក់​កណ្ដាល​សប្ដាហ៍។

Barcelona ត្រូវ​ប្រកួត​ក្រៅទឹកដីជាមួយ​ក្លឹប Napoli នៅថ្ងៃអង្គារទី២៥ ខែ​កុម្ភៈ ហើយ​ក្លឹប Real Madrid ត្រូវ​បើក​ទ្វារ​ទទួល​ស្វាគមន៍​ក្លឹប​ Manchester City នៅ​យប់​បន្ទាប់។

ប្រធាន​លីគ​កំពូល​អេស្ប៉ាញ គឺ​លោក Javier Tebas បាន​ធ្វើសេចក្ដីប្រកាស​ក្នុង​ព្រឹត្តិការណ៍​ជួបជុំ​មួយ​នៅទីក្រុងឡុងដ៍​​កាលពីថ្ងៃពុធ​ថា ពេលវេលាប្រកួត​នេះ​ ត្រូវបានជ្រើសរើស​ដើម្បី​ផ្ដល់ភាពងាយស្រួល​ឱ្យ​មាន​ការ​ចូលរួម​ទស្សនាច្រើន​ពាសពេញ​ពិភពលោក។

Barcelona នាំមុខ Real Madrid ក្នុងតារាង​លីគ​កំពូលអេស្ប៉ាញ ប៉ុន្តែពួកគេ​នាំមុខ​ត្រឹម​តែចំនួន​គ្រាប់​បាល់​ប៉ុណ្ណោះ ដោយ​ក្លឹប​ទាំងពីរមាន ៤០ពិន្ទុ​ដូចគ្នា ក្រោយ​ប្រកួត​បាន ១៩ប្រកួត។

លោក Tebas បាននិយាយថា៖ “ម៉ោងប្រកួតនេះ ត្រូវជាម៉ោង ៨យប់​ ម៉ោង​នៅអង់គ្លេស ហើយ​ម៉ោង​នេះ​ក៏​មិនមាន​ការប្រកួត​ណាមួយ​ផ្សេងទៀតដែរ ហេតុនេះ​ជាពេលវេលាដ៏​ល្អ។ យើង​ចង់​ឱ្យ​មាន​អ្នក​ទស្សនា​ច្រើនបំផុត​តាមដែលអាចធ្វើបាន”។

 

 

ការ​ប្រកួត​ Clasico ដំបូង​ប្រចាំរដូវកាល​ក្នុងទឹកដី Camp Nou ត្រូវបានពន្យារពេល​ពីខែតុលា មក​ថ្ងៃទី១៨ ខែធ្នូ ដែល​ក្រុម​ទាំងពីរ​ទទួលបាន​លទ្ធផលសូន្យ​ស្មើ។

ការ​ដក​តួនាទីលោក Ernesto Valverde កាលពីថ្ងៃចន្ទសប្ដាហ៍នេះ នឹង​ការ​តែងតាំង​លោក Setien ដែលជាអតីត​កីឡាករ​ក្លឹប Atletico Madrid នឹង​បង្កើត​មុខ​មាត់ថ្មី​នៃ​ការ​ប្រជែង​រវាង​ក្លឹប​ធំពីរ​នៅ​អេស្ប៉ាញ៕

 

Totti បង្ហាញថា​គាត់​នៅ​តែអាចស៊ុតហ្វ្រ៊ីឃីគ​បានដដែល

 

មតិយោបល់