ក្លឹប Barcelona ជាប់ជាក្លឹប​ដែល​រក​បានប្រាក់ចំណូល​ច្រើនជាងគេ​បំផុត​

ស្ថាប័នគណនេយ្យ Deloitte បានចេញ​ផ្សាយ​តារាង​ក្លឹប​បាល់ទាត់​ដែល​រក​បាន​ប្រាក់ចំណូល​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​លើកទី២៣ (Deloitte Money League) ដែល​ក្នុងនោះ ក្លឹប Barcelona បាន​ឈរ​នៅ​​កំពូល​តារាង​នេះ​ជាលើក​ដំបូង។

ក្លឹប Barcelona បាន​ឈរ​នៅ​កំពូល​តារាង​ក្លឹប​បាល់ទាត់​ដែល​រក​បាន​ប្រាក់ចំណូល​ច្រើនជាងគេ​របស់​ស្ថាប័ន​គណនេយ្យ​ Deloitte ជាលើក​ដំបូង ព្រម​ទាំង​បាន​ក្លាយជាក្លឹប​ដែល​បំបែក​កំណត់ត្រា​ប្រាក់​ចំណូល​​ប្រចាំ​ឆ្នាំ​លើស​ពី ៨០០លានអឺរ៉ូ​ផងដែរ។

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទឹកដី Camp Nou មួយនេះ រក​បាន​ប្រាក់ចំណូល​ ៨៤០,៨លានអឺរ៉ូ​ក្នុង​រដូវ​កាល​២០១៨-២០១៩ គឺ​បាន​យក​ឈ្នះ​លើគូ​ប្រជែង​ Real Madrid នៅ​កំពូល​តារាង​របស់ Deloitte។

ក្រុម​អធិរាជស​រក​បាន​ប្រាក់ចំណូល ៧៥៧,៣​លាន​អឺរ៉ូ ឈរ​នៅ​លំដាប់ទី២ នាំមុខ​ក្រុម​បិសាចក្រហម​​ដែល​ឈរ​នៅ​លេខ​រៀង​ទី៣។

ថ្វីត្បិត​ថា​ ក្រុម​បិសាច​ក្រហម​មិន​សូវ​ទទួល​បានជ័យ​ជម្នះ​លើទីលានប្រកួត​ក៏​ពិតមែន ប៉ុន្តែពួកគេ​នៅ​តែ​មាន​ឥទ្ធិពល​ផ្នែក​ហិរញ្ញវត្ថុ​ដដែល​ ដោយ​រក​បាន​ ៧១១,៥លានអឺរ៉ូ។

 

ក្លឹប Man United ឋិត​ក្នុង​ចំណោម​ក្លឹប​ពីលីគ​កំពូល​អង់គ្លេសចំនួន​៨ ដែលមានវត្តមាន​ក្នុងចំណោម​ Top 20 នៃតារាងនេះ។ ក្រៅ​ពី Man United មានក្លឹប​ Manchester City (លេខ​រៀង​ទី៥), Liverpool (លេខ​រៀងទី៧), Tottenham (លេខរៀងទី៨), Chelsea (លេខរៀងទី៩), Arsenal (លេខរៀងទី១១), West Ham (លេខរៀងទី១៨) និង Everton (លេខរៀងទី១៩) ផងដែរ។

យ៉ាងណាមិញ ដោយសារ​ក្រុម​បិសាច​ក្រហម​មិន​មាន​វត្តមាន​ក្នុង​ការប្រជែង​យក​ពាន​រង្វាន់​ឆេម​ពានស៍​លីគ​​រដូវកាលនេះ Man United អាច​បាត់បង់តំណែង​លេខ៣ ក្នុងលទ្ធផល​ Deloitte Money League ឆ្នាំ​ក្រោយ​ទៅ​លើក្លឹប Bayern Munich (ដែល​រដូវកាល​មុន​រក​បាន ៦៦០,១លានអឺរ៉ូ) និង​ក្លឹប Paris Saint-Germain (ដែល​រដូវកាល​មុន​រក​បាន ៦៣៥,៩លានអឺរ៉ូ)។

ស្ថាប័ន Deloitte ក៏​យល់ថា Man United អាច​បាត់បង់​តំណែង​ជាក្លឹប​​ពី​លីគ​កំពូល​អង់គ្លេស​ដែល​រក​បាន​ប្រាក់ចំណូល​ច្រើនជាង​គេ​ជាលើក​ដំបូង​នៅ​ឆ្នាំ​ក្រោយ​នេះ​ ដោយ​ក្លឹប​ Man City និង Liverpool អាច​នឹង​រំកិល​ទៅ​កៀក​នឹង​កំពូល​តារាង​វិញម្ដង។

ក្លឹប Napoli និង Lyon ជាក្លឹប​២ ដែលទើប​តែមាន​វត្តមាន​ចូល​ក្នុងចំណោម​ Top 20 ក្នុងតារាង​នេះ៕

 

តើ​ក្លឹប​ណា​រក​បាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ច្រើនជាងគេ​បំផុត?

មតិយោបល់