លោក Valverde ពេញចិត្ត​ទម្រង់ចាស់​នៃ​ការ​ប្រកួត​ Supercopa ជាងទម្រង់ថ្មី

ទម្រង់ថ្មី​នៃ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ Supercopa de Espana បាន​ចាប់​ផ្ដើម​ហើយ​ក្នុង​សប្ដាហ៍​នេះ ប៉ុន្តែ​អ្នកចាត់ការ​ក្លឹប Barcelona គឺលោក Ernesto Valverde ពេញចិត្ត​ទម្រង់ចាស់​ជាង។

កាលពីមុន ការប្រកួត​ដណ្ដើម​ពានរង្វាន់ Supercopa de Espana ជាការ​ប្រកួត​ដែល​មាន ២ជើង​រវាង​ក្រុម​ម្ចាស់​ពាន​រង្វាន់លីគ​កំពូល​អេស្ប៉ាញ និង​ម្ចាស់ពានរង្វាន់ Copa del Rey នៅ​ដើម​រដូវកាល​ ប៉ុន្តែ​ក្រោយ​ពី​ការ​ប្រកួត​តែមួយជើង​កាល​ពីរដូវកាល​មុន​រវាង​ក្លឹប Barcelona ជាមួយ​ក្លឹប Sevilla នៅ​ទីក្រុង Tangier ប្រទេស​ម៉ារ៉ុកមក សហព័ន្ធ​បាល់ទាត់អេស្ប៉ាញ (Royal Spanish Football Federation ឬហៅ​កាត់ថា RFEF) បាន​ធ្វើ​ការ​កែទម្រង់​ការ​ប្រកួត​ពាន​រង្វាន់​មួយនេះ​ទាំងស្រុង។

ជំនួស​ឱ្យ​ការ​ប្រកួត​ដែឡ​មាន​តែ ២ក្រុម ការ​ប្រកួត​នេះ​បាន​បន្ថែម​ចូល​ទាំង​ក្រុម​​ដែល​ជាប់​លេខ​រៀងទី២ ក្នុង​លីគ​កំពូល​អេស្ប៉ាញ និង​​ក្រុម​ដែល​ជាប់លេខ២ ក្នុងការ​ប្រកួត​ពាន​រង្វាន់​ Copa del Rey មាន​ន័យ​ថាបន្ថែម​លើ​ក្លឹប Barcelona និង Valencia ក្លឹប Real Madrid និង Atletico Madrid ក៏បាន​ចូល​រួម​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​នេះ​ដែរ។

លោក Valverde បាន​និយាយ​មុន​កា​រប្រកួត​ជាមួយ​ក្លឹប​ Atletico នៅយប់ថ្ងៃព្រហស្បតិ៍នេះ​ថា៖ “នេះ​ជា​ទម្រង់​មួយ​ដែល​ខុស​ប្លែក​ពីទម្រង់ចាស់​ដែលយើង​ធ្លាប់លេង”។

 

“វាធ្លាប់ជា​ពាន​រង្វាន់​ដំបូង​នៅ​ដើម​រដូវកាល ជាការប្រកួត​ដែល​បើក​រដូវកាលថ្មី ខ្ញុំគិត​ថា​ទម្រង់ចាស់​ល្អជាង។ ឥឡូវ​នេះ​ ការ​ប្រកួត​នេះ​ប្រែប្រួល​ហើយ យើង​ចាំមើល​ថា​នឹង​មានអ្វីកើតឡើង”។

Barcelona ត្រៀម​ខ្លួន​បានល្អ​សម្រាប់ការ​ប្រកួតយប់នេះ ទោះបីជា​សន្និសីទ​សារព័ត៌​មាន​របស់ពួកគេ​​កាល​ពីថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ត្រូវ​បាន​​ពន្យារពេលដោយសារ​រថយន្ដ​របស់​ពួកគេ​បាន​វង្វេង​ផ្លូវ​នៅទីក្រុង​ Jeddah។

លោក Valverde គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ Al-Ittihad Sport City ប៉ុន្តែ​អ្នក​បើក​បរ​បាន​ចេញដំណើរ​ទៅ​កីឡដ្ឋាន King Abdullah Sports City ដែល​ទីតាំង​ទាំងពីរ​មាន​ចម្ងាយ​ពីគ្នាដល់ទៅ​ជាង​ ៦០គីឡូម៉ែត្រ៕

 

លោក Valverde ថា​ទម្រង់ថ្មី​នៃ​ការ​ប្រកួត​ Spanish Super Cup ចម្លែក

មតិយោបល់