លោក Simeone និយាយថា​ Felix ត្រូវការ​ពេល​វេលា​ដើម្បីសម្រប​ជាមួយ​ក្លឹប

កីឡាករ Joao Felix នៅ​តែ​មិនទាន់​អាច​លេចធ្លោ​នៅ​ក្លឹប Atletico Madrid នៅ​ឡើយ​ទេ ប៉ុន្តែ​លោក Diego Simeone បាន​ព្យាយាម​ពន្យល់​ពី​មូល​ហេតុ​ដែល​កីឡាករ​ថ្មី​ត្រូវ​ការ​ពេល​ដើម្បីសម្រប។

លោក Diego Simeone បាន​និយាយថា​កីឡាករ​គ្រប់រូប​ត្រូវការ​ពេល​វេលា​ខុសៗ​គ្នា​ដើម្បី​សម្របជាមួយ​អារម្មណ៍​ក្នុងការ​លេង​នៅ​ក្លឹប Atletico Madrid ខណៈ​ពេល​ដែល​កីឡាករ​តម្លៃ​ថ្លៃ Joao Felix នៅ​មិនទាន់​អាច​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​បាន​ពេញ​លេញ​នៅ​ឡើយ។

Joao Felix ដែល​ទិញ​មក​ពី​ក្លឹប Benfica ក្នុង​ខែ​កក្កដា​ ដោយ​តម្លៃ​ខ្លួន​ ១២៦លាន​អឺរ៉ូ ទើប​តែរក​បាន​គ្រាប់​បាល់​ ២គ្រាប់​ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ ១គ្រាប់​ប៉ុណ្ណោះ ក្នុង​ ១៥ប្រកួត​នៅ​លីគ​កំពូល​អេស្ប៉ាញ។

កីឡាករ​ជម្រើសជាតិ​ព័រទុយ​ហ្កាល់​រូបនេះ​បានចូលលេងក្នុង​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​​រយៈ​ពេល ៦៥៩នាទី​ដោយ​រក​មិន​បាន​គ្រាប់​បាល់​ទាល់​តែសោះ​​។ មុន​ការ​ប្រកួ​តពាន​រង្វាន់ Supercopa de Espana ជាមួយ Barcelona នៅ​យប់​ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រនេះ លោក Simeone ត្រូវ​បាន​គេសួរ​អំពី​កីឡាករ​ដែល​មាន​វ័យ ២០ឆ្នាំ​រូបនេះ។

លោក Simeone បាន​និយាយ​ប្រាប់អ្នក​យក​ព័ត៌មាន​ថា៖ “កីឡាករ​ម្នាក់ៗ​មាន​បុគ្គលិក​លក្ខណៈ​ខុសៗ​គ្នា​ ហើយ​ពួកគេ​ត្រូវការ​ពេល​វេលា​សម្រប​ខុសៗ​គ្នា​ដែរ”។

“យើង​ព្យាយាម​ជួយ​ឱ្យ​កីឡាករ​ថ្មី​សម្របខ្លួន​ជាមួយ​ក្លឹប Atletico ប្រកប​ដោយ​ភាព​ក្លៀវក្លា និង​មនោ​សញ្ចេតនា ព្រោះ​ក្រៅ​ពី​ទេពកោសល្យ​របស់ពួកគេ យើង​នៅ​ត្រូវការ​ការតាំងចិត្ត​របស់ពួកគេ​ទៀត”។

“ពេល​ដែល​ពួកគេ​ចាប់​ផ្ដើម​​មាន​មនោសញ្ចេត​នា​ផ្សារ​ភ្ជាប់​ជាមួយ​ក្លឹប​ Atletico ហើយ អ្វីៗនឹង​កើត​ឡើង​ដោយ​ឯក​ឯង​ ដូច​ពេល​វេលា​មក​ដល់​ដំបូង​របស់ Stefan Savic និង Koke អញ្ចឹង”។

“ខ្ញុំ​សុំ​មិន​និយាយ​ពី​ឈ្មោះ​កីឡាករ​រូបណា​ម្នាក់នោះទេ ប៉ុន្តែ​សុំ​និយាយ​ពី​ស្មារតី​នៃការ​លេង​បាល់ទាត់​នៅ​ក្លឹប Atletico Madrid ដែល​យើង​មាន​ជាយូរ​មកហើយ”។

 

 

ទោះជា Felix នៅ​មិនទាន់​អាច​រីក​ចម្រើន​ខ្លាំង​នៅ​ឡើយ​ក្ដី ក៏ក្លឹប Atletico បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ប៉ះជា​មួយ​ក្រុម​ខ្លាំង Barcelona ក្រោយ​ទទួល​បានជ័យ​ជម្នះ​ ៤ប្រកួត​ជាប់គ្នា។

ទោះជាយ៉ាងនេះក្ដី ក្នុងប្រវត្តិ​ប៉ះគ្នា​កន្លង​មក​ ៩លើក​ (គ្រប់​កម្មវិធីប្រកួត​ពាន​រង្វាន់​ទាំងអស់) Atletico មិន​ធ្លាប់​ដែល​ឈ្នះ Barcelona នោះទេ៕

 

លោក Valverde ថា​ទម្រង់ថ្មី​នៃ​ការ​ប្រកួត​ Spanish Super Cup ចម្លែក

មតិយោបល់