លោក Ronald Koeman មិន​ទាន់គិត​ពី​ក្ដី​សុបិន​ទៅ Barcelona រហូត​ដល់​ចប់​កា​រប្រកួត​ Euro 2020

អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ហូឡង់​គឺ​លោក​ Ronald Koeman ដែល​ជាបុគ្គ​ល​ម្នាក់​អាច​នឹង​​ប្ដូរទៅ​ធ្វើ​ជា​អ្នក​ចាត់កា​រក្លឹប​ Barcelona បាន​លើក​ឡើង​ថា​លោក​នឹង​មិន​លាលែងតួនាទីបច្ចុប្បន្ន​ក្នុ​ងពេល​ដ៏ខ្លី​ខាង​មុខ​នោះ​ទេ។​

លោក Ronald Koeman បាន​ប្រាប់ថា​តួនាទី​អ្នកចាត់ការ​ក្លឹប Barcelona គឺជាការងារ​ក្នុងក្ដី​សុបិ​ន​របស់លោក ប៉ុន្តែ​ការវិល​ត្រឡប់​ទៅទឹកដី Camp Nou វិញ​នៅ​មិនទាន់​ច្បាស់លាស់នោះទេ រហូត​ដល់​ចប់​ការ​ប្រកួត​ Euro 2020។

កាលពីខែមុន នាយក​សហព័ន្ធ​បាល់ទាត់ហូឡង់ (Royal Dutch Football Association) គឺ​លោក Nico-Jan Hoogma បាន​បង្ហើបប្រាប់ថា​ នៅ​ក្នុង​កុងត្រា​របស់​លោក Koeman មាន​មាត្រា​មួយ​ដែល​អាចអនុញ្ញាតិ​ឱ្យ​លោក​លាលែង​តំណែងបាន ប្រសិន​បើ​ក្លឹប​ Barcelona ទាក់ទងចែចូវ​ចង់​បាន​រូបលោក។

អតីត​អ្នក​ចាត់ការ​ក្លឹប Valencia និង Everton រូបនេះ​​​បាន​បញ្ជាក់​ថា​អ្វី​ដែល​លោក Hoogma និយាយ​គឺជាការពិត ពេល​លោក​ផ្ដល់បទសម្ភាសន៍​ជាមួយ​ស្ថានីយ៍ទូរទស្សន៍​ហូឡង់​ ប៉ុន្តែ​លោក​ក៏​បាន​លើក​ឡើង​ដែរថា​ មាត្រា​នេះ​មិនទាន់​អាច​ប្រើ​ប្រាស់បាន​នៅឡើយទេ ហើយ​លោក​ក៏​មិនទាន់​មាន​ផែនការចាកចេញ​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខនេះដែរ។

លោក Koeman ធ្លាប់ជួយ​ឱ្យ​ក្លឹប Barcelona ឈ្នះពាន​លីគ​កំពូល​អេស្ប៉ាញ​ ៤រដូវកាល ក្នុងតួនាទីជា​កីឡាករ​មួយរូប​ ហើយ​លោក​នឹង​ជា​បេក្ខជន​សមស្រប​សម្រាប់ជំនួសតំណែង​អ្នកចាត់ការ​នៅ​ក្លឹប​នេះ​ ប្រសិន​បើ​ក្លឹ​បយក្ស​កាតាឡង់​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ជាមួយ​អ្នកចាត់ការ​បច្ចុប្បន្ន​គឺ​លោក Ernesto Valverde។

លោក Koeman បាន​និយាយ​ប្រាប់សារព័ត៌មាន Fox Sports Netherlands ពេល​គេសួរ​ទាក់ទង​នឹង​កុងត្រា​របស់​លោក​ថា​៖ “រឿង​នេះ​ស្រេច​លើ Barcelona ហើយ​លុះ​ត្រា​តែ​រង់ចាំរហូត​ដល់​ចប់​ការ​ប្រកួត​យូរ៉ូ“។

“ខ្ញុំ​មិនទាន់ចាកចេញ​ពេលនេះទេ រឿងនេះគឺច្បាស់ ១០០%”។

“ខ្ញុំគិតថា ក្នុងនាមជា​អ្នកចាត់ការក្រុមជម្រើសជាតិ​ ខ្ញុំ​បានចូលទៅក្នុងដំណើរការមួយដែលមានរយៈ​ពេល ២ឆ្នាំ។ ក្រោយចប់​ការ​ប្រកួត​យូរ៉ូ​ ជាពេលវេលា​វាយតម្លៃ​ ហើយ​គ្មាន​នរណា​ដឹងនោះទេ ស្ថាប័ន KNVB អាច​និយាយថា​ពួកយើង​លេង​មិនសូវបានល្អ​ក្នុង​ការ​ប្រកួត​យូរ៉ូ​ យើង​មិនបន្ត​កុងត្រាជាមួយគ្នាទៀតទេ បើបែបនេះ គឺយើង​ចែកផ្លូវគ្នាហើយ”។

“ប៉ុន្តែ​ខ្ញុំ​មានឱកាស​អាច​ចាកចេញទៅក្លឹប​មួយបាន ហើយ​មានតែក្លឹប​មួយនេះទេ”។

“ខ្ញុំ​អាច​និយាយ​បានថាខ្ញុំ​នឹង​មិនចាកចេញ​ពី​ក្រុម​ជម្រើសជាតិ​ហូឡង់​ទៅ​ក្លឹប​ណាមួយ​ផ្សេងទៀតនោះទេ។ ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយថា Barcelona គឺជាក្លឹប​ក្នុង​ក្ដីសុបិន​របស់ខ្ញុំ”។

 

 

លោក Zidane និយាយ​ថា​បានឃើញ​បាល់​ប៉ះដៃ​ក្នុង​ការ​ប្រកួត​ស្មើ​ជាមួយ​ក្លឹប Real Betis

មតិយោបល់