លោក Arsene Wenger ថា Bayern Munich មាន​ចំណែក​ធ្វើឱ្យ Serge Gnabry ផ្ទេរពី Arsenal ទៅ Werder Bremen

អតីត​អ្នកចាត់ការ​ក្លឹប Arsenal គឺ​លោក Arsene Wenger បានអះអាងថា ក្លឹប Bayern Munich បានជះ​ឥទ្ធិពលជាសម្ងាត់​​​ធ្វើ​ឱ្យ​មាន​ការ​ផ្ទេរ​កីឡាករ Serge Gnabry ពី​ក្លឹប​ Arsenal ទៅ​ក្លឹប Werder Bremen ក្នុងលីគ​កំពូល​អាល្លឺម៉ង់។

កីឡាករ Gnabry ដែលមាន​វ័យ ២១ឆ្នាំ​បាន​ផ្ទេរ​ពីក្លឹប Arsenal ទៅ Werder Bremen កាលពីឆ្នាំ​២០១៦ បន្ទាប់ពី​មិនទទួល​បាន​ជោគ​ជ័យ​​ពេល​លេង​នៅ​ក្លឹប West Brom ក្នុងកុងត្រា​ខ្ចីជើង។ មួយ​ឆ្នាំ​ក្រោយមក កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់រូបនេះ​បានប្ដូរ​មក​ចូលរួមជាមួយ​ក្លឹប Bayern Munich មុន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​លេង​នៅ​ក្លឹប Hoffenheim ក្នុង​កុងត្រាខ្ចីជើង។

ចាប់តាំងពី​ពេល​ដែល​គេ​វិល​ត្រឡប់មក​ពី​ក្លឹប Hoffenheim វិញ កីឡាករ​ដែល​មាន​វ័យ ២៤ឆ្នាំ​រូបនេះ​រក​បានគ្រាប់​បាល់ ១៨គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្តរួម​ក្រុម​បាន ១៣គ្រាប់ ក្នុងការ​បង្ហាញ​ខ្លួន​ចូលលេង​ ៥១លើក​​ឱ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយនេះ​។ ប៉ុន្តែ តាម​ការប្រាប់ឱ្យ​ដឹង​​របស់​លោក Wenger ក្លឹប Bayern បានជះ​ឥទ្ធិ​ពលធ្វើ​ឱ្យ​កីឡា​ករ​រូបនេះ​ចាកចេញ​ពី Arsenal ព្រោះពួកគេ​បានសន្យាជាមួយ​ក្លឹប Werder Bremen ថា​គេនឹង​ទិញ Gnabry ​ក្រោយពេល​ដែលគេ​ផ្ទេរទៅ​ក្លឹប​មួយនេះ។

លោក Wenger បាននិយាយ​ប្រាប់សារព័ត៌​មាន beIN SPORTS ថា៖ “យើង​បានព្យាយាម​បន្ត​កុងត្រាជាមួយ​កីឡាករ​រូបនេះ​ជាយូរ​មក​ហើយ​ ហើយ​ខ្ញុំ​គិតថាក្លឹប Bayern បានជះឥទ្ធិពលជាសម្ងាត់​ ថា​ប្រសិនបើគេផ្ទេរទៅ Bremen គេនឹង​ផ្ទេរទៅ Bayern នៅពេលក្រោយ”។

“គេជា​កីឡាករ​មួយរូប​ដ៏​មានទេពកោសល្យ​ ប៉ុន្តែ​ខ្វះ​ទំនុកចិត្ត​នៅ​ពេល​ខ្លះ ប៉ុន្តែ​យើង​តែង​តែ​គិតថា​យើងមាន​កីឡាករ​ម្នាក់​ដែល​អាច​សម្រេច​បាន​សមិទ្ធផល​ធំ”។

“គេ​ជួប​នឹង​ស្ថានភាព​មិនល្អ​ពេល​ខ្ចីជើង​លេង​នៅ West Brom ដែល​បាន​បំផ្លាញ​ទំនុកចិត្ត​របស់គេ​លើខ្លួន​ឯង​។ ខ្ញុំ​បាន​ព្យាយាម​ពង្រឹងគេ​ឡើង​វិញ ព្រោះខ្ញុំជឿជាក់លើគេ”។

Gnabry ទើប​តែ​បានរក​គ្រាប់​បាល់​បាន ៤គ្រាប់​​ក្នុងការ​ប្រកួត​ឆេម​ពានស៍​លីគ​ជាមួយ​ក្លឹប Tottenham Hotspur ដែល Bayern ឈ្នះ​ក្នុងលទ្ធផល ៧ទល់នឹង២៕

 

លាគ្នា​ជាមួយ​វីរបុរស​បាល់​ទាត់៖ កំពូល​គ្រាប់​បាល់​ ៥គ្រាប់របស់​លោក Bastian Schweinsteiger ក្នុងលីគ​កំពូល​អាល្លឺម៉ង់

មតិយោបល់