គ្រូបង្វឹក​ក្រុម​អ៊ុយ​រូ​ហ្កាយ​ថា​ Suarez នៅ​តែរឹង​មាំ​អាច​ប្រកួត​បានក្នុង​ក្រុម​ជម្រើសជាតិ​ដដែល

លោក​ Oscar Tabarez ដែល​ជា​អ្នក​ចាត់កា​រក្រុម​ជម្រើសជាតិ​អ៊ុយ​រូហ្កាយ​បាន​និយាយ​ថាមិនទាន់ដល់ពេល​ដែល​ត្រូវ​និយាយ​ថា​ Suarez មិន​អាច​បន្ត​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​បានទៀត​នោះទេ ទោះបីជា​គេ​នឹង​ខក​ខាន​ការ​ប្រកួត​​មិត្ត​ភាព​រវាង​អ៊ុយ​រូ​ហ្កាយ​ និង​ពេ​រូ​ក៏​ដោយ​។

Suarez ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​បាន ១១១លើក ហើយ​គេ​នឹង​ត្រូវ​ខក​ខាន​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​រួម​ទ្វី​ប​អាមេរិច​ខាង​ត្បូង​គឺ​ក្រុម​ពេរូ​នៅ​ថ្ងៃទី១១ និង​ថ្ងៃទី១៥ ខែតុលា ដើម្បី​ធ្វើការ​សម្រាក​ព្យាបាល​របួស​នៅ​ Barcelona។

កីឡាករ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​វ័យ​ ៣២ឆ្នាំ​រូប​នេះ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដំបូង​ ប៉ុន្តែ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​វិញ​ក្នុង​ការ​ប្រកួត​នៅទីក្រុង Montevideo និង​ទីក្រុង Lima ដោយ​សម្រាក​ព្យាបាល​ជាមួយ​ក្លឹប​ម្ចាស់ជើងឯក​លីគ​កំពូល​អេស្ប៉ាញ។

ពេល​សួរ​អំពី Suarez ដែល​រក​បាន​គ្រាប់​បាល់ ៤គ្រាប់​ក្នុង​ការ​ប្រកួត​ ៣លើក​កន្លង​មក​ឱ្យ​ក្លឹប​យក្ស​កាតាឡង់ និង​សួរ​អំពី​អនាគត​របស់គេ​ លោក​ Tabarez បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ដូច្នេះ​ថា៖ “កីឡាក​រគ្រប់រូប​សុទ្ធ​តែ​ត្រូវ​ថមថយ​កម្លាំង​​នៅ​ក្នុងអាជីព​របស់ពួកគេ។ កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​អំពី Pele ខ្ញុំ​មិនចាំបាច់​ណែនាំទេ ​អ្នកទាំងអស់គ្នា​ស្គាល់គាត់ហើយ។ គ្រូពេទ្យ​បានសរសេរថា Pele ​មាន​រូប​រាង​កាយ​ដែល​ចាស់​ជាងអាយុ​គាត់ ២០ឆ្នាំ”។

 

 

“ដូច្នេះ សួរថា តើ Suarez បាន​លេង​ឱ្យ​ក្រុមជម្រើសជាតិ​យូរ​ប៉ុណ្ណាហើយ? គេ​បានចូលរួម​ជាមួយ​ក្រុមនេះ​តាំងពីឆ្នាំ​២០០៧។ តើ​គេ​លេង​បាន​ប៉ុន្មានឆ្នាំ​ហើយ? រក​បានគ្រាប់បាល់ប៉ុន្មានគ្រាប់? តើមានប៉ុន្មាន​លើក​ដែល​គេ​ត្រូវ​លេង​ទាំង​មានរបួស? តើមានប៉ុន្មានលើក​ដែល​គេ​បាន​ជា​សះ​ស្បើ​យពី​របួស​ឆាប់​មិនគួរ​ឱ្យជឿ? ហេតុនេះ​ខ្ញុំ​គិតថា​វា​ឆាប់ពេកហើយ ហើយអ្នក​មិនស្គាល់គេ​ច្បាស់​នៅ​ឡើយ​ទេ បើអ្នកនិយាយថា​គេអស់ពេល​លេង​នៅ​ក្រុមជម្រើសជាតិ​តទៅ​ទៀត​នោះ។ មាន​តែពេល​វេលា​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​ការពិត។ ពួក​យើង​ជឿជាក់​លើគេ​ ថា​គេ​នៅ​តែអាច​លេង​បាន”។

“យើងពិបាក​នឹង​ស្មាន​ទុក​មុន​អំពី​អនាគត​របស់​កីឡាករ​ម្នាក់ៗ​ណាស់។ ខ្ញុំ​មិនបានទស្សទាយ​អំពី​សមិទ្ធ​ផល​របស់​ Suarez ក្នុង​កីឡា​បាល់​ទាត់​​នោះទេ។ កាលពីឆ្នាំ​២០០៦ ពេល​ដែល​គេ​ចូល​មក​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​ដំបូង ខ្ញុំ​បានឃើញ​លក្ខណៈ​សម្បត្តិ​របស់គេ​ដែល​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា ប៉ុន្តែខ្ញុំ​មិនអាចស្រមៃចេញ​នោះទេ ថាគេ​អាច​សម្រេច​បានដូច​សព្វថ្ងៃនេះ។ ខ្ញុំ​ក៏​មិន​និយាយ​ថា​នោះ​ជា​គុណសម្បត្តិ​របស់​ខ្ញុំ​ដែរ​ គឺជាគុណសម្បត្តិ​របស់គេ​ខ្លួន​ឯង ជាការខិតខំប្រឹងប្រែងរបស់គេ។ គេ​បាន​ឆ្លងកាត់​ពេល​វេលាជោគ​ជ័យ​ និ​ងបរាជ័យ គេ​មាន​កំហុស ប៉ុន្តែ​គ្រប់ពេល​ដែល​គេ​ចូល​មក​លេង​ក្នុង​ក្រុមជម្រើសជាតិ គេនាំ​មកជាមួយ​នូវ​អ្វី​ដែលថ្មី”។

“គេជា​កីឡាករ​ដែល​រក​បាន​គ្រាប់​​បាល់​ច្រើន​បំផុត​ពេល​ប្រកួត​នៅទី​ក្រុង Groningen គេ​បាន​ទៅលេង​នៅ Ajax ហើយ​ក្លាយជា​ប្រធាន​ក្រុម Ajax ពេល​គេ​មានអាយុ​ត្រឹម​តែ ២១ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់មក​គេ​ប្ដូរ​ទៅ Liverpool ហើយ​រក​បាន​គ្រាប់​បាល់ជាច្រើន គេ​បន្ត​បំបែក​កំណត់ត្រាជាច្រើននៅទីនោះ។ កម្លាំង​របស់គេ​ចាប់​ផ្ដើមថយចុះ ហើយគេ​បានជួប​បញ្ហាជាច្រើន ប៉ុន្តែ​គេ​តែង​តែប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​ដោយ​រឹងមាំជានិច្ច។ នោះទើបជាប្រភេទកីឡាករ​ដែល​កំណត់​សម័យ​កាល​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ​ ហើយ​កាលពីមុន​ ពួកគេ​ក៏​ធ្លាប់​​បាន​ឆ្លង​កាត់​​ភាព​ជា​កីឡាករ​វ័យ​ក្មេង​ដែរ។ ដូច្នេះ​ហើយ ទើប​យើ​ងត្រូវ​យកចិត្ត​ទុក​ដាក់សង្កេត​មើល​កីឡាករ​វ័យក្មេង ហើយ​បើ​យើង​សង្កេត​ឃើញ​បុគ្គលិក​លក្ខណៈ​ពិសេស​អ្វីមួយ យើង​ត្រូវជួយ​ពួកគេ​ឱ្យ​រីក​ចម្រើន”។

“អ្វី​ដែល​ Luis Suarez បាន​ផ្ដល់​ឱ្យ​ក្រុម​ជម្រើសជាតិ​គឺធំធេង​ពេកហើយ។ ទោះជា ចាប់ពីពេល​នេះទៅ​ គេអាច​ត្រឹម​ផ្ដល់​អ្វី​បន្តិ​ចបន្តួច​ឱ្យ​ក្រុម​មួយ​នេះ​ក៏​មិនថ្វី​ដែរ។ ខ្ញុំ​នៅ​តែសង្ឃឹមថា​គេ​អាច​ចូលរួម​ជាមួយ​ក្រុម​នេះ​បន្ត​ទៀត។ ខ្ញុំ​មិនច្បាស់ ១០០%​នោះទេ គេ​អាច​មានបញ្ហា។ ប៉ុន្តែ​យើង​មិនអាច​ព្រួយ​បារម្ភ​ដោយ​សារ​របួស​មួយ​លើក ឬ​ដោយសារ​គេ​ខក​ខាន​មួយ​ប្រកួត​នោះទេ”។

 

 

Suarez ដែល​បាន​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ឈាន​មុខ​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​​ជម្រើសជាតិអ៊ុយ​រូហ្កាយ ដែល​រក​បានគ្រាប់បាល់ ៥៨គ្រាប់​ចាប់តាំងពីពេល​ដែលគេ​ចាប់ផ្ដើមចូលលេង​ដំបូង​ កាលពីឆ្នាំ២០១៧ ពេលនេះ​គេ​រក​បាន​គ្រាប់បាល់ទី៦ ហើយ សម្រាប់​ក្រុម Barcelona គ្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ទាំងអស់​នៃ​រដូវកាលថ្មីនេះ៕

 

Zaha on ‘big brother’ Drogba and goal target for the season

 

មតិយោបល់