Di Maria ថា​ Messi ធ្វើ​ឱ្យ​មិត្ត​រួម​ក្រុម​អាស្សង់ទីន​ស្រក់ទឹកភ្នែក

កីឡាករ​ Lionel Messi បាន​ធ្វើ​ឱ្យ​មិត្ត​រួម​ក្រុម​អាស្សង់ទីន​ស្រក់ទឹកភ្នែក​ដោយសារពាក្យ​សម្ដីរបស់គេ​ ក្រោយ​ការប្រកួត​ចាញ់​ក្រុម​ប្រេស៊ីល​​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa America នេះ​បើ​យោងតាម​សម្ដី​របស់​កីឡាករ Angel Di Maria។

ក្រុម​​អាស្សង់ទីន​​បាន​ប្រកួត​ចាញ់​ក្រុម​ប្រេស៊ីល​​ក្នុងលទ្ធផល​ ២ទល់​នឹង​សូន្យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Copa America នៅ​ទឹកដី Belo Horizonte កាលពីខែ​កក្កដា។

Messi បាន​កាន់តួនាទីជាប្រធានក្រុម​ជម្រើសជាតិ​របស់ ហើយ​គេ​មាន​មោទនភាពចំពោះ​ក្រុម​របស់ខ្លួន​ក្នុងការ​ប្រកួត​នោះ។

ក្រុម​របស់ពួកគេ​មិនសូវ​ជាមាន​វាសនា​ល្អប៉ុន្មានទេ​ក្នុងការប្រកួត​ពាន​រង្វាន់សំខាន់ៗ ប៉ុន្តែ​កីឡាករ Di Maria រំភើប​ដោយសារ​ពាក្យសម្ដី​របស់ Messi។

 

Di Maria បាន​និយាយ​ប្រាប់​​អ្នក​យក​ព័ត៌​មាន​របស់ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ ESPN អាស្សង់ទីន​ថា៖ “គេបាន​និយាយ​ពាក្យ​សម្ដី​​ល្អ​ៗ​មួយចំនួន​ពេល​ដែល​យើង​ត្រូវបានទម្លាក់ចេញពីការ​ប្រកួ​តដោយសារ​ចាញ់​ក្រុម​ប្រេស៊ីល។ Messi បាន​ប្រាប់ពួកយើងថា​គេ​មាន​មោទនភាព​ចំពោះ​​ក្រុម​ដែល​ពួក​យើងបានរួម​គ្នា​កសាងឡើង។ គេបាននិយាយទៀតថា​ ពួក​យើង​មិនសូវ​បានលេង​រួមគ្នា​នោះទេ ព្រោះ​មាន​កីឡាករ​មួយ​ចំនួន​មិនត្រូវបាន​ហៅឱ្យ​មកចូលរួម​ប្រកួ​តក្នុងឈុតធំ​របស់​ក្រុមជម្រើសជាតិ​ពីមុនមកទេ។ ប៉ុន្តែ​​ពួកយើង​មានអារម្មណ៍​ថា​ដូចជា​ធ្លាប់បានលេង​រួមគ្នា​ជាច្រើន​ឆ្នាំមកហើយអញ្ចឹង”។

“គេបាននិយាយទៀតថា យើង​បាន​ប្រឹងប្រែង​សម្ដៅទៅ​រកគោលដៅ​រួម​គ្នា​តាំងពីថ្ងៃដំបូង​។ គេថា​គេ​មាន​មោទនភាព​ចំពោះ​​ការ​យកចិត្ត​ទុក​ដាក់​របស់​កីឡាករ​វ័យក្មេង​ចំពោះ​តួនាទីជម្រើសជាតិ​មួយនេះ​ ហើយពួកគេ​អាច​មាន​​វត្តមានក្នុង​ក្រុម​ជម្រើសជាតិ​ ដោយសារពួកគេស័ក្ដិ​សម​នឹង​ទទួលបានតួនាទី​មួយនេះ”។

“ពេលគេនិយាយចប់ ម្នាក់ៗ​សុទ្ធ​តែសម្រក់ទឹកភ្នែក ព្រោះពាក្យ​សម្ដី​ទាំងនោះ​បានពាល់ដល់​ចិត្ត​របស់ពួកគេ​ ជាពិសេស​កីឡាករ​វ័យក្មេង”។

 

នៅ​ក្នុង​ក្រុមជម្រើសជាតិ​ Messi មិនអាច​លេង​ដល់​កម្រិត​របស់គេ​ក្នុងក្រុម​ Barcelona នោះទេ ហើយ​អ្នកវិភាគ​បានរិះគន់ថា​មក​ពីគេ​​មិនមានមនោសញ្ចេតនា​គ្រប់គ្រាន់សម្រាប់ក្រុមមួយនេះ។

ប៉ុន្តែ​កីឡាករ​ខ្សែប្រយុទ្ធ​របស់ក្លឹប​ Paris Saint-Germain គឺ​កីឡាករ Di Maria បាន​អះអាងថា​ឆ្នាំ​នេះ ​គេបានសង្កេត​ឃើញជ្រុង​មួយផ្សេងទៀត​របស់​ Messi។

“មានការិះគន់ជាច្រើនថា​គេមិនបានច្រៀងចម្រៀងជាតិ ថាគេ​មិនសូវនិយាយស្ដី”។

“នៅ​ក្នុងការប្រកួត​ Copa America លើកនេះ គេខុសពីមុន។ គេបានបង្ហាញឱ្យឃើញ​ថា​គេមានក្ដីស្រឡាញ់​សម្រាប់ក្រុមមួយនេះ។ អ្វីដែលធ្វើឱ្យ​ខ្ញុំកាន់តែរីករាយនោះគឺ​​បានឃើញ​គេនិយាយ​ចំពោះ​មុខ​ក្រុមកីឡាករ ចំពោះមុខ​អ្នកយកព័ត៌មាន និងរំភើបចំពោះអ្វីដែលគេបាននិយាយ។ ចំណុចសំខាន់​នោះគឺ Leo គឺ​បែបនេះ​ហើយ។ ខ្ញុំចូលចិត្ត​ Messi ម្នាក់នេះ”៕

 

អ្នកចាត់ការ​ក្រុមអង់គ្លេស​ថា​នេះ​ជាពេលវេលា​លំបាករបស់ Lingard

មតិយោបល់