ប្រធានាធិបតី​បារាំង​សុំទោសចំពោះ​កំហុស​ក្នុងការ​ប្រើ​ភ្លេងជាតិ​ក្នុងការ​ប្រកួត​ជម្រុះត្រៀម EURO 2020

ប្រធានាធិបតី​បារាំង​គឺ​លោក Emmanuel Macron បាន​ធ្វើការ​សុំ​អភ័យ​ទោស​ទៅ​កាន់​ក្រុម​បាល់ទាត់​ប្រទេស​អាល់បានី​ចំពោះ​កំហុសឆ្គង​ក្នុងការប្រើ​ភ្លេងជាតិ​​មុន​ការ​ប្រកួត​ជម្រុះ​ត្រៀម Euro 2020 កាលពីថ្ងៃ​សៅរ៍ នេះ​បើ​យើង​តាម​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រីអាល់បានី​គឺលោក Edi Rama។

ការ​ប្រកួត​នោះ​​កំណត់​ចាប់ផ្ដើម​នៅ​ម៉ោង ៨:៤៥នាទី​ល្ងាច ម៉ោង​នៅទីក្រុង​ប៉ារីស ប៉ុន្តែ​ត្រូវ​ពន្យារពេល​បន្តិច​ដោយ​សារ​ការ​ប្រើ​បទភ្លេស​ជាតិ​​ខុស​នៅ​ក្នុង​កីឡដ្ឋាន​ Stade de France។

ជំនួស​ឱ្យ​ការ​ប្រើបទភ្លេងជាតិ​របស់​ប្រទេសអាល់បានី គណកម្មការ​រៀបចំ​បាន​ច្រឡំប្រើ​​បទភ្លេង​របស់ប្រទេស​អ៊ែនដូរ៉ា ដែល​ស្ថិត​នៅ​ក្នុង​ពូល H ជាមួយ​គ្នា​ ធ្វើ​ឱ្យកីឡាករ និង​គ្រូបង្វឹក​​ក្រុមភ្ញៀវអាល់បានី​មានការ​ខឹងសម្បារ និង​បដិសេធ​មិនព្រមចាប់​ផ្ដើម​ការ​ប្រកួត។

បន្ទាប់ពីបញ្ហានេះ​ត្រូវ​បាន​ដឹងដល់​ស្ថាប័ន UEFA និង​មន្ត្រី​រៀបចំការប្រកួត ការ​ប្រកួត​បានចាប់ផ្ដើម​បន្ទាប់ពី​ភ្លេងជាតិ​អាល់បានី​ត្រូវបាន​គេ​ប្រើ។ ស្ថានភាពកាន់តែ​លំបាក នៅពេល​ដែល​​​គណកម្មការ​នៅ​ក្នុង​កីឡដ្ឋាន​បានបង្កើត​កំហុស​មួយ​ផ្សេង​ទៀត​ដោយ​ច្រឡំសុំការអភ័យទោស​ពី​ក្រុម​អាម៉េនា ជាជាង​សុំទោស​ក្រុម​អាល់បានី។

 

លោក Rama បានហៅ​ហេតុការណ៍​នេះ​ថាជា​កំហុសឆ្គង​មួយ​ដ៏​គួរ​ឱ្យ​ខ្មាស់អៀន ហើយ​លោក Macron បានសុំ​អភ័យ​ទោស​ចំពោះ​រឿង​នេះ។

លោក​ Rama បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់លោក​ដូច្នេះថា៖ “លោក​ប្រធានាធិបតី Macron បានស​ម្ដែង​ការ​សុំ​អភ័យ​ទោស​ដោយ​ស្មោះចំពោះ​កំហុសឆ្គង​ដ៏​គួរ​ឱ្យខ្មាស់​អៀន​​របស់​សហព័ន្ធ​បាល់ទាត់​បារាំង​មួយ​នេះ​ ដោយ​ការ​ប្រើ​បទ​ភ្លេង​ជាតិ​របស់យើង​មិនបានត្រឹមត្រូវ”។

“គាត់​បាន​ហៅ​ស្ថានភាព​នេះ​ថា​ជា​កំហុស​ឆ្គង​ដែល​មិនអាចទទួល​យក​បាន ហើយ​លោក​កោតសរសើរ​​ចំពោះ​ប្រតិកម្ម​របស់​កីឡាករ​អាល់បានី។ គាត់បានស្នើសុំ​ឱ្យ​ខ្ញុំ​ចុះផ្សាយ​ពី​ការ​សុំ​អភ័យទោស​របស់គាត់ ពិតជាគួរឱ្យគោរព​មែន”។

ការ​ពន្យារពេល​ ៧នាទី​មិន​បានប៉ះពាល់​ដល់​ក្រុម​ម្ចាស់ផ្ទះ​នោះទេ ព្រោះ​ក្រុម​បារាំង​បានឈ្នះ​ការ​ប្រកួត​នេះ​ក្នុង​លទ្ធផល ៤ទល់នឹង​១៕

 

លោក​ Koeman ថា​ត្រូវ​ផ្គូផ្គង​ទម្រង់លេង​ក្រុមអាល្លឺម៉ង់ជាមួយ​ក្រុមអេស្តូនី

មតិយោបល់