លោក Arsene Wenger នឹងត្រលប់មក​ធ្វើការងារក្នុងពិភពបាល់ទាត់វិញ នៅខែនេះ

Former Arsenal manager Arsene Wenger

អតីតគ្រូបង្វឹកយូរឆ្នាំរបស់ Arsenal គឺលោក Arsene Wenger ដែល​ខកខាន​បម្រើការងារក្នុងពិភពបាល់ទាត់​ប៉ុន្មាន​ឆ្នាំ ក្រោយ​ពេល​សម្រេចចិត្ត​លាលែងតំណែង​ពីក្លឹប Arsenal នោះ នៅពេលនេះ មាន​សេចក្តី​រាយការណ៍ថា លោកនឹង​ត្រលប់​មក​បម្រើការងារ​ក្នុងពិភពបាល់ទាត់វិញ។

យោងតាម​សេចក្តីរាយការណ៍របស់​សារព័ត៌មាន The Mirror គឺលោក Wenger មក​ធ្វើការលើកនេះ មិនមែនក្នុងនាមជាគ្រូបង្វឹកទេ ប៉ុន្តែគឺក្នុង​នាម​ជា​ប្រធាន​ផ្នែក​បច្ចេកទេសកីឡារបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។

ក្នុងពេល​កន្លងមក អតីតគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ក៏ធ្លាប់​បង្ហើបប្រាប់​ទូរទស្សន៍ beIN Sports ដែរថា លោក​អាច​ត្រលប់​ទៅធ្វើជាគ្រូបង្វឹក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។

កាលណោះ លោក Wenger បាននិយាយថា ៖ «ខ្ញុំអាចឃើញខ្លួន​ខ្ញុំ​ធ្វើការ សម្រាប់ក្រុមមួយ។ ខ្ញុំ​ត្រូវតែនិយាយ​ថា ខ្ញុំ​ចង់ទៅ World Cup ព្រោះ​ខ្ញុំមានអារម្មណ៍ថា ការងារ​ជាអ្នក​ចាត់ការនៅទីនោះ (World Cup) គឺជាការងារ​ដែល​យើងអាចស្ថិតនៅកន្លែងដែល​ប្រមូល​ផ្តុំ​ដោយកំពូលកីឡាករបាល់ទាត់​ក្នុងលោក។ សង្ឃឹមថា អ្នក​នឹងឃើញខ្ញុំ នៅកាតា ក្នុងរយៈពេល ៣ឆ្នាំទៀត»។

ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពេលនេះ គឺលោក Wenger នឹងចូល​បាល់​ក្នុងព្រឹត្តិការណ៍ World Cup ក្នុង​នាមជា​ ប្រធានផ្នែក​គ្រប់​គ្រងបច្ចេកទេសកីឡា ប៉ុណ្ណោះ៕

មតិយោបល់