Toni Kroos អាច​ពិចារណា​ចូលនិវត្តន៍​ក្រោយ EURO 2020

កីឡាករខ្សែបម្រើ​ Toni Kroos របស់​ក្លឹប​ Real Madrid បានចូល​លេង​ជា​ប្រចាំ​ក្នុង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ ប៉ុន្តែ​គេ​បាន​ចាប់​ផ្ដើម​គិត​ពី​អនាគត​របស់គេ​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ហើយ។

Toni Kroos បាន​និយាយថា​គេអាច​នឹង​ចាកចេញ​ពីក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​​ក្រោយ​ចប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​អឺរ៉ុប​ឆ្នាំ​ក្រោយ។

កីឡាករ​ខ្សែ​បម្រើ​របស់​ក្លឹប​ Real Madrid រូប​នេះ​​ជា​កីឡាករ​មួយ​រូប​ដ៏សំខាន់​ដែល​បានជួយ​ឱ្យ​អាល្លឺម៉ង់​ឈ្នះ​​វើល​ខាប់​កាលពី​ឆ្នាំ​២០១៤។

ប៉ុន្តែ​ចាប់តាំងពីពេល​នោះមក ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ហាក់​ដូចជា​មិនមានសំណាង​ទាល់តែសោះ ដោយ​បានចាញ់​ក្រុម​បារាំង​នៅវគ្គ​ពាក់​កណ្ដាលផ្ដាច់​ព្រ័ត្រ​ការ​ប្រកួត​ពាន​រង្វាន់ Euro 2016 និង​ត្រូវ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​វើលខាប់​នៅរុស្ស៊ី​ផងដែរ។

Kroos ដែល​មាន​វ័យ ២៩ឆ្នាំ​​បាន​ចាប់​ផ្ដើម​គិត​​ថា​តើ​ការ​ប្រកួត​ Euro 2020 អាច​ជា​ការ​ប្រកួត​​លើក​ចុង​ក្រោយ​ក្នុង​ក្រុម​ជម្រើសជាតិ​ដែរ​ឬទេ។

Kroos បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ថា​៖ “ក្រោយ​ចប់​ការ​ប្រកួត​នេះ ជាពេលវេលា​ល្អ​សម្រាប់គិត​អំពី​រឿងនេះ​”។

“ទោះ​ជា​ខ្ញុំ​មិនអាច​ឈ្នះ​ពាន​រង្វាន់​បាល់ទាត់អឺរ៉ុប​ ក៏​ខ្ញុំ​នៅ​តែអាច​បញ្ចប់​អាជីព​បាល់ទាត់​របស់ខ្ញុំ​ក្នុងក្រុមជម្រើសជាតិបានដែរ”។

 

Kroos និង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​​បន្ត​ការ​ប្រកួត​ជម្រុះ​ត្រៀម Euro 2020 ក្នុងទឹក​ដី​របស់ខ្លួន​ដោយ​ត្រូវ​ប៉ះជាមួយ​ក្រុម​ហូឡង់​​នៅ​ក្នុង​ក្រុម C នៅ​ថ្ងៃនេះ។

លោក Low ដែល​បាន​ដឹក​នាំ​ក្រុម​របស់ខ្លួន​ឈ្នះ​ ៣ប្រកួត​ជាប់គ្នា នឹងត្រូវ​ប្រកួត​ដោយ​គ្មាន​វត្តមាន​កីឡាករ​ខ្សែបម្រើ Leon Goretzka ដោយ​សារ​បញ្ហា​របួស​ភ្លៅ៕

 

Neymar រីករាយ​ដែល​បាន​ពាក់អាវ​ក្រុមជម្រើសជាតិ​ប្រេស៊ីល

មតិយោបល់