ពាក្យ​ពេចន៍ដ៏ស្មោះត្រង់ដែល Ederson និយាយពី Alisson

បើគិតទៅ Alisson Becker និង Ederson Moraes គឺជាគូប្រជែងនឹងគ្នា ក្នុងក្របខណ្ឌ Premier League! ប៉ុន្តែពួកគេ​ដូចជាបងប្អូននឹងគ្នាក្នុងក្រុម​ជម្រើសជាតិប្រេស៊ីល។ 

ទោះបីជាត្រូវដាក់ឲ្យនៅបម្រុងជាញឹកញាប់ ក្នុងក្រុម​ជម្រើសជាតិ ប៉ុន្តែ Ederson អ្នក​ចាំទីដៃទី១ របស់ Manchester City ពុំដែលបង្ហាញការ​អាក់អន់ចិត្តជាមួយនឹង Alisson ដែល​ជាអ្នក​ចាំទីដៃទី ១ដែរ ក្នុងក្លឹប Liverpool ទេ។ លើសពីនេះ ក្នុងពេល​ដែលមាន​ការប្រកាស​បេក្ខភាពចុងក្រោយ​ជាអ្នក​ចាំទីឆ្នើម​របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA Men’s Goalkeeper នោះ Ederson ថែមទាំង និយាយ​ដោយ​លើកទឹកចិត្ត​ថា Alisson ស័ក្តិសម​នឹងការទទួលបានពានរង្វាន់ជាអ្នក​ចាំទីឆ្នើម ជាងអ្នក​ណាៗទាំងអស់ មិន​ថា​ប្រចាំក្លឹប ឬ ប្រចាំប្រទេសទេ។

Ederson ដែល​ជាប់​ជាបេក្ខភាពអ្នក​ចាំទីឆ្នើម​ដើម្បីប្រជែងពាន FIFA Men’s Goalkeeper ជាមួយ Marc-Andre ter Stegen (អ្នក​ចាំទី Barcelona) និង Alisson ដែរនោះ បាន​និយាយថា៖ «ខ្ញុំគិតថា យើង​ទាំង​៣ គឺល្អ ប៉ុន្តែ​ខ្ញុំមើលឃើញថា Alisson គឺល្អជាងមួយជំហាន។ គាត់​ល្អ នៅ Premier League ឈ្នះទាំងពាន Champions League ឈ្នះទាំង UEFA Super Cup និង​ធ្វើបានយ៉ាងល្អនៅ Copa America។ ដូច្នេះខ្ញុំ​គិតថា អ្នក​ឈ្នះពាននេះ គឺសក្តិសមហើយ។ ខ្ញុំ​ក៏សប្បាយចិត្តខ្លាំងណាស់ ដែល​អ្នក​ចាំទីប្រេស៊ីល​ ២នាក់ បាន​ឡើងមក​ដល់ចំនុចនេះ»។

 

យ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើបានយ៉ាងល្អបំផុតកាលពីរដូវកាលមុន នៅដើម​រដូវកាលថ្មីនេះ Alisson ស្រាប់តែជួបរឿងអាក្រក់​នឹកស្មានមិន​ដល់ ដោយ​គាត់​ត្រូវ​របួស​រយៈពេល​យូរ ក្រោយ​ការប្រកួត​បើក​ឆាក Premier League។ Alisson មិន​បាន​ចូលរួម​ជួយ​ក្រុម​ជម្រើសប្រេស៊ីល ប្រកួត​មិត្តភាពតទល់ជាមួយ កូឡុំប៊ី និងប៉េរ៉ូទេ ដោយ​ភារៈនេះ ត្រូវ​ធ្លាក់ទៅលើ​អ្នក​ចាំទីដៃទី២ក្នុងក្រុម​ជម្រើសជាតិ គឺ Ederson៕

“It will still take time” – Klopp on Alisson’s injury

មតិយោបល់