វីរបុរសបាល់ទាត់ ដែលសម្រេចព្យួរស្បែកជើងនៅឆ្នាំ ២០១៩នេះ

ឆ្នាំ ២០១៩ គឺជាឆ្នាំមួយ ដែលមានរឿងគួរឲ្យភ្ញាក់ផ្អើលជាច្រើន បានកើតឡើងក្នុងពិភពបាល់ទាត់ ដោយក្នុងនោះ មានទាំងរឿងល្អ រឿងរំភើបចិត្ត និងរឿងមិនល្អខ្លះជាដើម។

ជាមួយគ្នានោះ ក៏មានដំណឹងគួរឲ្យសោកស្តាយដែរ ដែលវីរបុរសបាល់ទាត់ចំនួន ៩រូប សម្រេចចិត្តចូលនិវត្តន៍ ព្យួរស្បែកជើងពីបាល់ទាត់ នៅក្នុងឆ្នាំ ២០១៩នេះ។ វីរបុរសបាល់ទាត់ ដែលសម្រេចចិត្តចូលនិវត្តន៍ ក្នុងឆ្នាំ ២០១៩ គិតត្រឹមពេលនេះ រួមមាន៖

“You don’t play 90 minutes right away” – Murray as he likens his singles return to that of a footballer

១. Xavi អតីតកីឡាករ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ

បន្ទាប់ពីបានជួយក្រុមឈ្នះពានរង្វាន់ជាច្រើន រួមទាំងទទួលបានពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនដែរ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ ក៏បានប្រកាសចូលនិវត្តន៍ នៅក្នុងខែសីហានេះ។ ជាការចូលនិវត្តន៍ បន្ទាប់ពី Xavi បានលេងឲ្យ Barcelona ១៧រដូវកាល មុនចាកចេញទៅបំពេញអាជីពបន្តនៅប្រទេសកាតា កាលពីឆ្នាំ ២០១៥។

២. Petr Cech អតីតកីឡាកររបស់ Chelsea និង Arsenal និងក្រុមជម្រើសជាតិឆេក

ក្រោយពេលចាកចេញពី Chelsea ទៅចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៥ Cech ក៏បានប្រកាសពីការចូលនិវត្តន៍ពី Arsenal នៅឆ្នាំ ២០១៩នេះ ក្រោយពីបានជួយក្រុមទាំង ២ ឈ្នះពានជាច្រើន (ជាពិសេសគឺ Chelsea)។ យ៉ាងណាក៏ដោយ ក្រោយចូលនិវត្តន៍ Petr Cech ក៏ត្រូវបានតែងតាំងឲ្យក្លាយជាប្រធានផ្នែកបច្ចេកទេសនៅ Chelsea។

៣. Arjen Robben អតីតកីឡាករ Bayern Munich និងក្រុមជម្រើសជាតិហូឡង់

បន្ទាប់ពីបានចាប់អាជីពបាល់ទាត់ជាមួយក្លឹបធំៗជាច្រើនដូចជា PSV, Chelsea, Real Madrid and Bayern Munich រួចមក Robben បានប្រកាសចូលនិវត្តន៍ ក្នុងវ័យ ៣៥ឆ្នាំ នៅឆ្នាំ ២០១៩នេះ បន្ទាប់ពីជួយឲ្យ Bayern Munich ក្លាយជាជើងឯក Bundesliga ជាថ្មី។

៤. Wesley Sneijder អតីតកីឡាករក្លឹបធំៗ និងក្រុមជម្រើសជាតិហូឡង់

គាត់គឺជាកីឡាករ ដែលពាក់អាវលេខ ១០ ដ៏ល្អបំផុតម្នាក់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់! ខ្សែបម្រើប្រយុទ្ធនេះ ចាប់ផ្តើមលេចធ្លោរ តាំងពីចូលលេងក្នុងក្លឹប Ajax កាលពីឆ្នាំ ២០០២ បន្ទាប់មក Real Madrid, Inter Milan, Galatasaray និង Nice។ មុនពេលចូលនិវត្តក្នុងវ័យ ៣៥ឆ្នានេះ Sneijder ក៏ជាកីឡាករជម្រើសជាតិហូឡង់ម្នាក់ ដែលបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិច្រើនជាងគេ ពោលគឺបាន ១៣៤ដង ឲ្យជម្រើសជាតិហូឡង់ ពីឆ្នាំ ២០០៣ ដល់ ២០១៨។

៥. Robin van Persie អតីតកីឡាករ Premier League ច្រើនសម័យ និងក្រុមជម្រើសជាតិហូឡង់

បច្ចុប្បន្ន Robin មានវ័យ ៣៦ឆ្នាំហើយ! ហើយការប្រកាសបញ្ចប់អាជីពចុងក្រោយរបស់គាត់ គឺក្នុងក្លឹប នៅប្រទេសហូឡង់។ RVP ចាប់ផ្តើមល្បីល្បាញខ្លាំង ក្នុងក្លឹប Arsenal នៅក្របខណ្ឌ Premier League! ប៉ុន្តែ គាត់ត្រូវជួបបញ្ហាការស្តីបន្ទោសពីអ្នកគាំទ្របន្តិចបន្តួច នៅពេលគាត់សម្រេចផ្ទេរទៅកាន់ក្លឹប Manchester United ក្នុងឆ្នាំ ២០១២។ យ៉ាងណាមិញ Persie នៅតែត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ល្អបំផុត ក្នុងអំឡុងពីឆ្នាំ ២០០៤ ដល់ ២០១៥។

៦. Andrea Barzagli អតីតកីឡាករ Juventus និងជម្រើសជាតិអ៊ីតាលី

ខ្សែការពារអន្តរជាតិអ៊ីតាលីនេះ ទើបតែប្រកាសពីការចូលនិវត្តន៍កាលពីសប្តាហ៍មុន ក្នុងវ័យ ៣៨ឆ្នាំ បន្ទាប់ពីគាត់បង្ហាញខ្លួនឲ្យ Juventus បានតែ ៧ដង កាលពីរដូវកាលមុន។ យ៉ាងណាមិញ ក្នុងអាជីពជាកីឡាករបាល់ទាត់ តាំងពីអាយុ ១៧ឆ្នាំ Barzagli ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលអាចជួយក្រុម និងក្រុមជម្រើសជាតិ លើកពានបានយ៉ាងច្រើន ដោយក្នុងនោះ មានទាំង Serie A, Bundesliga និងពានបាល់ទាត់ពិភពលោក កាលពីឆ្នាំ ២០១០ជាដើម។

៧. Tim Cahill អតីតកីឡាករ Everton និងជម្រើសជាតិអូស្ត្រាលី

Cahill ធ្លាប់ជាកីឡាករល្អបំផុតរបស់អូស្ត្រាលីគ្រប់ពេល! ទោះជាលេងក្នុងក្លឹបបាល់ទាត់ជាច្រើន ប៉ុន្តែគេសង្កេតឃើញថា Cahill ចាប់ផ្តើមលេចធ្លោពេលដែលគាត់លេងនៅក្លឹប Everton ក្នុងក្របខណ្ឌ Premier League ចន្លោះឆ្នាំ ២០០៤ ដល់ ២០១២។ ប៉ុន្តែនៅក្នុងក្រុមជម្រើសជាតិ ខ្សែបម្រើប្រយុទ្ធ Cahill គឺជាកីឡាករដ៏សំខាន់ម្នាក់ តាំងពីគាត់ចូលលេងក្នុងឆ្នាំ ២០០៤ រហូតដល់ចូលនិវត្តន៍នៅឆ្នាំ ២០១៨។

៨. Diego Forlan អតីតកីឡាករជម្រើសជាតិអ៊ុរ៉ាហ្កាយ

អតីតម្ចាស់បាល់មានពិភពលោក នៅ World Cup ឆ្នាំ ២០១០រូបនេះ បានចាប់ផ្តើមអាជីពដំបូង តាំងពីឆ្នាំ ១៩៩៧ ជាមួយក្លឹប Independiente នៅប្រទេសអាស្សង់ទីន។ បន្ទាប់មក អាជីពរបស់គាត់វិបត្តិដល់ក្លឹប Manchester United, Villarreal និង Atletico de Madrid និងក្លឹបផ្សេងៗទៀត។ គាត់គឺជាវីរបុរសបាល់ទាត់ របស់អ៊ុយរ៉ាហ្កាយ!

៩. Fernando Torres អតីតកីឡាករ Premier League និង La Liga និងក្រុមជម្រើសជាតិអេស្ប៉ាញ

អតីតថ្នាលយុវជនក្លឹប Atletico Madrid មួយនេះ ក៏បានឆ្លងកាត់អាជីពបាល់ទាត់ ក្នុងក្លឹបជាច្រើនដែរ មុនពេលសម្រេចចិត្តចូលនិវត្តន៍ ក្នុងវ័យ ៣៥ឆ្នាំ នៅឆ្នាំនេះ។ ក្នុងអាជីពកន្លងមកនេះ Torres បានជួយឲ្យក្លឹបដែលគាត់លេង ឈ្នះពានរង្វាន់ធំៗ ដូចជា Champions League, Europa League, FA Cup, Segunda Division ជាដើម៕

មតិយោបល់