Ronaldo និយាយ​ពី Messi ពាក់ព័ន្ធ​នឹង​សមិទ្ធផល​នៅឆេមពានស៍​លីគ

មាន​មនុស្ស​ជាច្រើន​ដែល​បាន​ផ្ដល់​ចំណាត់​ថ្នាក់​ឱ្យ​កីឡាករ Cristiano Ronaldo ខ្ពស់ជាង Lionel Messi ពេល​វែកញែក​ថាម្នាក់​ណា​ជា​កីឡាករ​ដែល​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ចំណុច​ដែលធ្វើឱ្យ​ Ronaldo លេចធ្លោ​ គឺបទពិសោធន៍​របស់គេ​នៅ​ក្នុង​លីគ​ផ្សេងៗគ្នា​ ក៏ដូចជា​ជោគជ័យ​ក្នុងការ​ប្រកួត​ឆេមពានស៍​លីគផងដែរ។ ប៉ុន្តែ ចុះសាមីខ្លួន​គេវិញ គេគិតបែបណាដែរ?

Cristiano Ronaldo គឺជា​តារា​នៅ​ក្នុង​កម្មវិធី​ថ្មី​មួយ​​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ DAZN ដែលមានឈ្មោះថា ‘The Making of”។ នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុងកម្មវិធីនេះ Ronaldo បាន​លើក​ឡើងពីចំណុចខុសគ្នា​មួយ​រវាង​រូបគេ និង​កីឡាករ Lionel Messi ដោយ​បាន​បញ្ជាក់ថា​គេធ្លាប់ឈ្នះពាន​ឆេម​ពានស៍​លីគ​ ពេល​លេង​នៅ​ក្រុម​ផ្សេងៗគ្នា។

Ronaldo បាន​និយាយ​ប្រាប់ DAZN ថា៖ “ចំណុចខុសគ្នាពី Messi គឺខ្ញុំធ្លាប់លេង​ឱ្យ​ក្លឹប​ផ្សេងៗគ្នា​ ហើយ​ធ្លាប់ឈ្នះ​ពាន​ឆេមពានស៍​លីគ​ពេល​លេង​នៅក្លឹប​ផ្សេងៗគ្នា​នោះៗ។

“ខ្ញុំធ្លាប់ជា​កីឡាករ​ដែលរក​បានគ្រាប់បាល់ច្រើនជាង​គេ​ក្នុងការ​ប្រកួត​ឆេមពានស៍​លីគ ៦រដូវកាលជាប់គ្នា។ មាន​កីឡាករ​តិចនាក់ណាស់​ដែល​ធ្លាប់ឈ្នះពាន​ឆេមពានស៍​លីគ​ ដល់ទៅ៥ ហេតុនេះ​ហើយ​ទើបខ្ញុំ​មានអារម្មណ៍ថា​ខ្ញុំអាចសម្គាល់ខ្លួន​ឯង​ដោយ​ប្រើ​ការ​ប្រកួត​មួយ​នេះបាន”។

“Messi ជា​កីឡាករ​ដ៏ឆ្នើម​ម្នាក់​ ដែល​មិន​មែនល្បី​ដោយសារ​ពាន​រង្វាន់ Ballon d’Or របស់គេ​នោះទេ ប៉ុន្តែ​ដោយសារ​គេរីកចម្រើនជានិច្ច​ពីមួយឆ្នាំ ទៅមួយឆ្នាំ ដូចខ្ញុំអញ្ចឹង”។

“ខ្ញុំ​ក្រោកពីដំណេក​រៀងរាល់ព្រឹក​ដោយគិត​ក្នុងចិត្ត​ថា​ត្រូវហ្វឹកហាត់​ដើម្បី​អាច​ធ្វើ​បាន​កាន់តែល្អ មិន​មែនគ្រាន់តែដើម្បី​រក​លុយ​ប៉ុណ្ណោះទេ។ អរគុណ​ដល់ព្រះជាម្ចាស់ ខ្ញុំ​មិន​ខ្វះ​លុយចាយ​នោះទេ ហេតុនេះ អ្វីដែលខ្ញុំចង់បាន​គឺកេរ្ដិ៍ឈ្មោះ​នៅក្នុងប្រវត្តិសាស្ត្រ​បាល់ទាត់”។

Cristiano Ronaldo នឹងចាប់ផ្ដើម​រដូវកាលថ្មី ២០១៩-២០២០ ក្នុងពេលឆាប់ៗនេះ ខណៈ​ពេល​ដែល​ក្លឹប Juventus កំពុង​ស្វះស្វែង​ដណ្ដើម​យក​គ្រប់ប្រភេព​ពាន​រង្វាន់​ទាំងអស់។ បន្ទាប់ពី​បាន​ចាប់ផ្ដើម​លេង​ក្នុង​លីគ​កំពូល​អ៊ីតាលី​កាលពីខែសីហា កីឡាករ​សញ្ជាតិ​ព័រទុយ​ហ្កាល់​រូបនេះ​នឹង​ចូលរួម​ប្រកួត​​ឆេមពានស៍​លីគ​​ម្ដងទៀត​ក្នុងខែកញ្ញា ដើម្បីព្យាយាម​បំពេញ​កំណត់ត្រាហ៊ែតទ្រីគ​ដ៏កម្រ​មួយ​គឺ​ឈ្នះ​ពាន​ឆេម​ពានស៍​លីគ​​នៅ​ក្លឹប​ ៣ផ្សេងគ្នា”៕

 

Danilo និយាយលេងជាមួយ​ Ronaldo ថាគេចង់​បានអាវលេខ៧

មតិយោបល់