Sadio Mane មានឱកាសខ្ពស់ដើម្បីប្រជែង Ballon d’Or បើគេសម្រេចកិច្ចការនេះបាន!

នៅពេលដែលគេនិយាយពីបេក្ខភាពពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៩ គេមិនភ្លេចឡើយ ក្នុងការនិយាយដល់កីឡាកររបស់ក្លឹបហង្សក្រហម Liverpool។ មិនភ្លេចព្រោះថា Liverpool មានអត្រាលេងល្អច្រើនជាងគេ និងបានក្លាយជាជើងឯក UEFA Champions League ទៀតផង។

ប៉ុន្តែការនិយាយទាំងនោះ មានច្រើនតែទៅលើ Virgil van Dijk ឬ Mohamed Salah ឬ Roberto Firmino ឬ Alisson Becker! ប៉ុន្តែគេក៏មិនគួរភ្លេចនិយាយពី Sadio Mane ខ្សែប្រយុទ្ធស្លាបសេណេហ្កាល់ វ័យ ២៧ឆ្នាំដែរ! ហេតុអ្វីបានជាដូច្នេះ?

ចម្លើយគឺ មកពី ក្នុងរដូវកាល ២០១៨/២០១៩នេះ Mane ក៏ជាបេក្ខភាពកីឡាករលេចធ្លោម្នាក់ផងដែរ។ ដោយគាត់ទើបតែក្លាយជាម្ចាស់ស្បែកជើងមាស ដែលរកគ្រាប់បាល់បានច្រើនជាងគេម្នាក់ ក្នុងក្របខណ្ឌ Premier League ក្នុងចំណោមកីឡាករ ៣នាក់ ដែលរកបាន ២២គ្រាប់ដូចគ្នា គឺមិត្តរួមក្រុម Mohamed Salah និងខ្សែប្រយុទ្ធរបស់ Arsenal កីឡាករ Aubameyang។

មួយវិញទៀត Mane ក៏បានជួយឲ្យ Liverpool ក្លាយជាជើងឯក UEFA Champions League។ ប៉ុន្តែលទ្ធផលទាំងនេះ វានៅមិនទាន់អាចប្រៀបបាន នឹងមិត្តរួមក្រុមរបស់គេ គឺ Roberto Firmino និង Alisson Becker នោះទេ។ មិនអាចប្រៀបបាន ព្រោះថាកីឡាករប្រេស៊ីលទាំង ២នេះ មិនត្រឹមតែអាចជួយ Liverpool ឲ្យក្លាយជាជើងឯក Champions League នោះទេ តែគេក៏បានចូលរួមយ៉ាងសកម្មជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីល បានក្លាយជាជើងឯក Copa America ឆ្នាំ ២០១៩ទៀតផង។

ដូច្នេះ ដើម្បីអាចមានឱកាសក្លាយជាបេក្ខភាពកំពូល ប្រជែងពាន Ballon d’Or បាន គឺ Mane គួរតែជួយឲ្យក្រុមជម្រើសជាតិសេណេហ្កាល់ ក្លាយជាជើងឯក Africa Cup ឆ្នាំ ២០១៩ដែរ។ ក្នុងពិភពបាល់ទាត់ ពិតជាពិបាកទាយ ប៉ុន្តែ Mane ក៏បានជួយឲ្យសេណេហ្គាល់ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ តទល់ជាមួយ អាល់ហ្សេរី ហើយ។ ដូច្នេះ គេគួរតែអាចនាំក្រុមឲ្យក្លាយជាជើងឯកតែម្តង។

មួយវិញទៀត ប្រសិនបើនៅ African Cup គេអាចរកបានស្បែកជើងមាស មួយទៀត នោះវាច្បាស់ណាស់ថា Mane ប្រាកដជានឹងមានឈ្មោះ ក្នុងតារាងកីឡាករដំបូង ៣ ឬ ៥នាក់ ដើម្បីប្រជែងពាន Ballon d’Or។ សូមបញ្ជាក់ថា មកដល់ពេលនេះ Sadio Mane រកបាន ៣គ្រាប់ហើយ ក្នុងព្រឹត្តិការណ៍ Africa Cup ២០១៩ ហើយគេនៅមាន ១ប្រកួតក្នុងដៃទៀត ដែលអាចបង្កើនឱកាសរកគ្រាប់បាល់បន្ត។

គួរជម្រាបជូនដែរថា ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្កាល់ នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup ឆ្នាំ ២០១៩ តទល់ជាមួយនឹងក្រុមជម្រើសជាតិ អាល់ហ្សេរី នៅយប់ថ្ងៃទី ១៩ខែកក្កដា ឆ្នាំ ២០១៩ ក្នុងកីឡដ្ឋានជាតិរបស់អេហ្ស៊ីប នាទីក្រុងគែរ៕

 

‘Mane’s evolution at Liverpool has been phenomenal’ – Senegal head coach Cisse

ដោយ៖ កូនមាន់មាស

មតិយោបល់