លោក Benitez ថា​ទទួល​បាន​ការ​គោរព​នៅលីគ​ចិន​ច្រើនជាង​នៅ Newcastle

លោក Rafael Benitez មាន​អារម្មណ៍​ថា​ត្រូវ​បាន​រដ្ឋបាល​ក្លឹបថ្មី​ក្នុងលីគ​កំពូល​ចិន​គឺ​ក្លឹប Dalian Yifang ផ្ដល់​ការ​គោរព​ និ​ងឱ្យ​តម្លៃ​ចំពោះ​លោក​ច្រើន​ជាង​​អ្វី​ដែល​លោក​ធ្លាប់ទទួល​បាន​​ពេល​ដឹកនាំ​នៅ​ក្លឹប Newcastle United ទៅទៀត។

លោក Rafael Benitez បាន​លើក​ឡើងថា ត្រឹមតែក្នុង​រយៈ​ពេល​ ១សប្ដាហ៍​ដំបូង​ប៉ុណ្ណោះ​នៅ​ក្លឹប Dalian Yifang គាត់មានការ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្លឹប ច្រើនដងជាង​ពេល​វេលា​ ៣ឆ្នាំ​នៅ​ក្លឹប Newcastle United ទៅទៀត។

លោក Benitez បាន​ចាកចេញពី​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​មួយ​នេះ​កាល​ពី​ចុង​ខែ​មិថុនា​ ជាពេលដែល​កុងត្រា​របស់​លោក​ផុត​កាល​កំណត់ ហើយ​បាន​ធ្វើការ​សម្រេចចិត្ត​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើលមួយ​ គឺ​លោក​បន្ត​អាជីព​ជា​អ្នកចាត់ការ​ក្លឹប​នៅ​ក្នុង​លីគ​កំពូលចិន​វិញ​ម្ដង។

បន្ទាប់ពី​បានចាប់ផ្ដើម​តួនាទីថ្មី​បានត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ លោក Benitez មាន​អារម្មណ៍​ថា​ទទួល​បានការ​ឱ្យ​តម្លៃ​ច្រើនជាង​ក្លឹបមុន តាមរយៈ​បទសន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​របស់ក្លឹប Dalian Yifang ជាអ្វី​ដែល​លោក​មិនធ្លាប់ទទួលបាន​ពី​ម្ចាស់ក្លឹប Newcastle គឺ​លោក Mike Ashley និង​នាយកគ្រប់គ្រង​ក្លឹប​គឺ​លោក Lee Charnley នោះទេ។

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​ផ្ទាល់ខ្លួន​របស់លោកថា៖ “ចាប់តាំងពី​ពេល​ដែល​ពួក​យើង​មកដល់ ពួក​យើង​មានអារម្មណ៍រំភើប​ដោយសារ​​ភាពរួសរាយ​រាក់ទាក់ និងការ​គោរព​ដែល​យើង​ទទួលបាន”។

“ម្ចាស់​ផ្ទះ​បាន​រៀបចំ​អ្វីៗគ្រប់យ៉ាង​ឱ្យ​ពួកយើង​ដោយ​យកចិត្តទុកដាក់ ហើយ​តែង​តែព្យាយាម​ធ្វើ​ឱ្យ​យើង​រីករាយ”។

“ដូច​ដែល​យើងធ្លាប់បានដឹងរួចមកហើយ ទាំងក្នុង​កីឡា​បាល់ទាត់ ទាំង​ក្នុងជីវភាព​ប្រចាំថ្ងៃ នៅពេល​ដែល​យើងទទួល​បាន​ការ​គោរព​ និង​ក្ដីស្រឡាញ់​ពីអ្នកដទៃ ហើយ​គេ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​ការងារ​របស់យើង​ដំណើរការ​ទៅបានដោយងាយស្រួល យើងនឹងមានអារម្មណ៍ថាជីវិតរបស់យើង​រីករាយ ទោះជា​យើង​កំពុងឋិត​ក្នុងស្ថានភាព​ដែលលំបាក​ក៏ដោយ”។

“ខ្ញុំអាចនិយាយបានថា ខ្ញុំ​បានជួបប្រជុំជា​មួយ​ថ្នាក់ដឹកនាំ​ក្លឹប​ក្នុងសប្ដាហ៍នេះ ច្រើនដងជាង​ពេលវេលា ៣ឆ្នាំ​នៅ​ Newcastle ទៅ​ទៀត”។

“ការ​ប្រជុំទាំងនេះ​ មិនមែនសុទ្ធ​តែ​និយាយពី​រឿង​ការងារ​នោះទេ ជា​ការ​រៀនសូត្រ​ និង​គោរព​វប្បធម៌​គ្នាទៅវិញទៅមក”។

 

 

លោក Benitez បាន​ចាប់ផ្ដើមតួនាទីថ្មី​របស់លោក​ដោយ​​បានដឹកនាំ​ក្លឹប Dalian Yifang ប្រកួត​ឈ្នះក្លឹប Henan Jianye ក្នុងលទ្ធផល ៣ទល់​នឹង​១​ កាលពីថ្ងៃអាទិត្យ៕

 

Pogba ដែល​ចង់​ចាកចេញពី​ក្លឹប បានមក​ដល់ទីក្រុង Perth ហើយ​​ដើម្បីត្រៀម​ប្រកួត​ចន្លោះ​រដូវកាល

មតិយោបល់