Messi ទម្លាយ​ភាពពុករលួយរបស់អាជ្ញាកណ្តាល Copa America ២០១៩

ទីបំផុតទៅ ក្រុមបាល់ទាត់ជម្រើសជាតិអាស្សង់ទីន ទទួលបានចំណាត់ថ្នាក់លេខ ៣ ពីការប្រកួតបាល់ទាត់ Copa America ឆ្នាំ ២០១៩ បន្ទាប់ពីបានប្រកួតឈ្នះ ឈីលី កាលពីយប់មិញ ដោយលទ្ធផល ២ទល់នឹង១។

លទ្ធផលចាញ់ឈ្នះនេះ ជារឿងមួយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងវគ្គពាក់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ ៣នេះ Lionel Messi ទទួលបានកាតក្រហម បណ្តេញចេញពីការប្រកួតតាំងពីតង់ទី ១ គឺក្រោយពេលដែលមិត្តរួមក្រុមរបស់គេ រកបាន ២គ្រាប់ទៅហើយ។ នេះគឺជាកាតក្រហមលើកដំបូង​របស់ Lionel Messi ក្នុង​ក្រុម​ជម្រើសជាតិអាស្សង់ទីន នារយៈពេល ១៤ឆ្នាំ តាំងពីគាត់​ជាប់​ចូលលេង តាំងពីឆ្នាំ ២០០៥មក។

ក្រោយបញ្ចប់ការប្រកួត Messi មិនបានចូលរួមជាមួយមិត្តរួមក្រុម ដើម្បីទទួលមេដាយសំរិទ្ធិ ពីចំណាត់ថ្នាក់លេខ ៣នោះទេ ហើយគាត់បានប្រាប់មូលហេតុនេះ ទៅកាន់អ្នកសារព័ត៌មាន ថា គឺដោយសារតែអាជ្ញាកណ្តាល ពុករលួយ ហើយព្រឹត្តិការណ៍ Copa America នេះ ក៏ពុករលួយ ទើបគាត់មិនគាំទ្រ។ Messi និយាយថា៖

«ខ្ញុំមិនទៅទទួលមេដាយលើឆាក ព្រោះយើងមិនគួរក្លាយជាផ្នែកមួយ នៃអំពើពុករលួយ និងភាពគ្មានការគោរពនោះទេ។ យើងត្រូវបានច្រើនជាងនេះ ប៉ុន្តែពួកគេ (អាជ្ញាកណ្តាល) មិនឲ្យយើងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ អំពើពុលរលួយ និងអាជ្ញាកណ្តាល មិនបានធ្វើឲ្យគ្រប់គ្នាពេញចិត្តចំពោះការលេងបាល់ ហើយគេក៏បានបំផ្លាញបាល់ទាត់ដែរ។ អំពើពុលរលួយ និងអាជ្ញាកណ្តាល មិនអនុញ្ញាតឲ្យយើងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ គឺវាជាការពិត»។

នៅពេលដែលអ្នកកាសែតសួរពីចំណាប់អារម្មណ៍របស់ Messi ជុំវិញវគ្គផ្តាច់ព្រ័ត្រ Messi បានឆ្លើយតបថា៖ «ប្រេស៊ីល ក្លាយជាជើងឯក? មែនហើយ គ្មានអ្វីគួរឲ្យសង្ស័យទេ។ តែសោកស្តាយ ព្រោះខ្ញុំគិតថា វាគឺជាការរៀបចំ ដើម្បីប្រេស៊ីល។ សង្ឃឹមថា អាជ្ញាកណ្តាល និង VAR នឹងមិនធ្វើអ្វីសោះ ហើយប៉េរ៉ូ នឹងអាចលេងដោយប្រកួតប្រជែង ព្រោះថាពួកគេមានក្រុមដែលសម្រាប់ប្រកួតប្រជែង។ ប៉ុន្តែខ្ញុំឃើញថា វាពិបាកណាស់»។

គួរជម្រាបជូនថា នេះមិនមែនជាលើកទី ១ទេ ដែល Lionel Messi បានចោទប្រកាន់ថាអាជ្ញាកណ្តាលស៊ីសំណូក។ បន្ទាប់ពីប្រកួតចាញ់ប្រេស៊ីល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គាត់ក៏បាន និយាយច្បាស់ៗថា អាជ្ញាកណ្តាលលម្អៀងទៅរកក្រុមម្ចាស់ផ្ទះ ទើបអាស្សង់ទីន មិនបានឡើងវគ្គផ្តាច់ព្រ័ត្រ។ សម្តី Lionel Messi ទៅកាន់អាជ្ញាកណ្តាល Copa America ក្រោយពេល​ប្រកួត​ចាញ់ប្រេស៊ីល

សូមជម្រាបជូនដែរថា ក្នុងការប្រកួតយប់មិញ ក្រុមជម្រើសជាតិអាស្សង់ទីន ទទួលបានកាតលឿង ៤ និងកាតក្រហម ១ ក្រោយពេលដែល Sergio Aguero និង Paulo Dybala បើកការវាយសម្រុកនាំមុខ ដោយលទ្ធផល ២ទល់នឹង០មុន។ ចំណែកខាងឈីលី ក៏ទទួលបានកាតលឿង ៣ និងកាតក្រហមមួយ (កាតក្រហមលើ Gary Medel ពេលប៉ះជាមួយ Messi) មុនពេលដែល Arturo Vidal សម្រេចបាន ១គ្រាប់ ដោយបាល់ពិន័យប៉េណាំងទី៕

Messi នឹងអស់ឱកាសផ្គាប់ចិត្តពលរដ្ឋអាហ្សង់ទីន បើមិនអាច​សម្រេចលទ្ធផលនេះ​បាន​

មតិយោបល់