សម្តី Lionel Messi ទៅកាន់អាជ្ញាកណ្តាល Copa America ក្រោយពេល​ប្រកួត​ចាញ់ប្រេស៊ីល

ប្រធានក្រុមជម្រើសជាតិអាស្សង់ទីន ខ្សែប្រយុទ្ធ Lionel Messi បានបន្ទោសលើអាជ្ញាកណ្តាលសញ្ជាតិអេក្វាឌ័រ លោក Roddy Zambrano ជាខ្លាំង ក្រោយពីអាស្សង់ទីន បានរងបរាជ័យលើទឹកដីប្រេស៊ីល ដោយលទ្ធផល ២ទល់នឹង០ ក្នុងព្រឹត្តិការណ៍ Copa America កាលពីថ្ងៃទី ៣ខែមិថុនា ឆ្នាំ ២០១៩។

Messi បន្តបរាជ័យក្នុងក្រុមជម្រើសជាតិ ព្រោះថ្វីជើងប្រេស៊ីល

ជាបរាជ័យមួយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឲ្យអាស្សង់ទីន ខកខានក្លាយជាជើងឯក Copa America ជាថ្មី ហើយក៏ជាអ្វីដែល Messi ពុំទាន់ធ្វើបាន គិតតាំងពីចូលលេងក្នុងក្រុមជម្រើសជាតិ តាំងពីឆ្នាំ ២០០៥មក។ ក្រោយបញ្ចប់ការប្រកួតនោះ ខ្សែប្រយុទ្ធក្លឹប Barcelona វ័យ ៣២ឆ្នាំរូបនេះ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ទាំងកំហឹង ដោយបន្ទោសលើអាជ្ញាកណ្តាល ថាជាអ្នកធ្វើឲ្យអាស្សង់ទីន ត្រូវបរាជ័យបែបនេះ។

Messi បាននិយាយថា៖ «ពួកគេមិនល្អជាងយើងទេ (ក្រុមប្រេស៊ីល)។ ពួកគេគ្រាន់តែស៊ុតបញ្ចូលទី បានមុន ហើយគ្រាប់ទី២ បានមកពីគ្រាប់ប៉េណាំងទី ដែលពួកគេមិនផ្តល់ឲ្យយើង។ ការគ្រប់គ្រងក្នុងទីលានប្រកួត ពិតជាឆ្កួតមែនទែន។ វាច្បាស់ណាស់ថាយើងត្រូវបានប៉េណាំងទី ព្រោះគេមានកំហុសលើ Nicolas Otamendi លើ Sergio Aguero»។

Messi បានបន្ត ដោយខឹងលើអាជ្ញាកណ្តាលថាលម្អៀងទៅកាន់ក្រុមប្រេស៊ីល យ៉ាងដូច្នេះថា៖ «គាត់ (អាជ្ញាកណ្តាល) គឺ នៅខាងពួកគេ។ រាល់ពេលដែលមានការចែកបាល់ ឬ ក៏មានជម្លោះ គាត់តែងតែធ្វើតាមរបៀបរបស់ពួកគេ។ វាមិនអាចអត់ឱនឲ្យបានទេ ប៉ុន្តែការពិតគឺអីញ្ចឹង ក្នុងការប្រកួត Copa នេះ ពួកគេបានចាត់ការសម្រាប់រឿងឆ្កួតៗគ្រប់យ៉ាង ដូចជាដៃប៉ះបាល់ ឬ ប៉េណាំងទីជាដើម។ ប៉ុន្តែថ្ងៃនេះ ពួកគេមិនខ្ចីទៅមើល VAR ពេលដែលលេងប៉ះគ្នាយ៉ាងច្បាស់ៗបែបនេះ។ ពួកគេគួរតែ ទៅពិនិត្យមើលសិន»។

ទោះបីជាមិនអាចទទួលបានលទ្ធផលល្អ ប៉ុន្តែ Messi ក៏បានសរសើរ និងបង្ហាញមោទនភាពចំពោះក្រុមជម្រើសជាតិអាស្សង់ទីន ដោយអះអាងថា ក្រុមគេនឹងមានអនាគតល្អ។ Messi ៖«វាពិតជាការប្រកួតដ៏ល្អបំផុត ដែលយើងបានធ្វើនៅ Copa តទល់នឹងប្រេស៊ីល ដែលមានកីឡាករនៅគ្រប់ខ្សែបន្ទាត់ទាំងអស់។ គ្នាយើងបានលះបង់ធំធេងណាស់។ ពួកគេត្រូវតែទទួលបានការគោរព។ អាស្សង់ទីន មានវត្ថុតាង ដើម្បីលូតលាត់ហើយ!»។

ជាការពិត ក្រោយបញ្ចប់ការប្រកួតនោះ ប្រធានក្រុមប្រេស៊ីល Dani Alves ក៏បានទទួលស្គាល់ថា ក្រុមជម្រើសជាតិប្រស៊ីល ត្រូវតែជីកឲ្យជ្រៅបន្តិច ដើម្បីធ្វើឲ្យលទ្ធផលមានសុវត្ថិភាព។ កីឡាករដែលជិតដើរចេញពីក្លឹប PSG រូបនេះ បាននិយាយថា៖ «អាស្សង់ទីន ពិតជាដៃគូដ៏ពិបាកមែន។ យើងត្រូវប្រើកម្លាំងសម្បើមណាស់ ដើម្បីឈ្នះ។ វានៅតែមានមួយជំហានទៀតប៉ុណ្ណោះ ក៏គេអាចឆក់បាល់ពីយើងបាន។ គ្រប់យ៉ាង យើងបានប្រឹងប្រែងយ៉ាងពេញទំហឹងតាំងពីដើម ប៉ុន្តែយើងក៏ដឹងដែរថា វាមិនងាយស្រួលនោះទេ។ ខ្ញុំគិតថា មានមនុស្សជាច្រើនក៏ដាក់ការសង្ស័យមកលើយើង ប៉ុន្តែយើងតែងតែជឿជាក់ខ្លាំងលើការងាររបស់យើង»។

សូមជម្រាបជូនថា នេះគឺជាបរាជ័យដ៏សែនឈឺចាប់មួយរបស់អាស្សង់ទីន ព្រោះថាពួកគេ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Copa America ដល់ទៅ ២ដង ក្នុងឆ្នាំ ២០១៥ និង ២០១៦ ប៉ុន្តែសុទ្ធតែធ្វើមិនបានសម្រេច ពីថ្វីជើងរបស់ឈីលី។ ហើយនៅឆ្នាំ ២០១៩នេះ ក្រោមថ្វីជើងរបស់ប្រេស៊ីល គេក៏មិនអាចបានសម្រេចតាំងពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត៕

 

‘No logic in football. He made the difference, but we prevailed’ – Alisson on Messi

មតិយោបល់