អ្នកចាត់​ការ​ក្លឹប​បាល់ទាត់ ១០រូប​ ដែល​មាន​ប្រាក់​ខែខ្ពស់​

អ្នកចាត់ការទូទៅ ឬ ប្រធានគ្រូបង្វឹកក្លឹបបាល់ទាត់ គឺជាមនុស្សដ៏សំខាន់ម្នាក់ក្នុងក្លឹបកីឡានីមួយៗ។ គាត់គឺជាមនុស្សម្នាក់ ដែលរៀបចំប្រព័ន្ធហ្វឹកហាត់របស់កីឡាករ និងបង្កើតឲ្យមានជោគជ័យ ដល់ក្រុមទាំងមូល។ ដូច្នេះហើយប្រាក់ចំណូលរបស់ពួកគាត់ ក៏ត្រូវតែសមាមាត្រ ទៅនឹងការខិតខំប្រឹងប្រែងរបស់ពួកគាត់ផងដែរ។

ប៉ុន្តែតំណែងជាគ្រូបង្វឹក ជាទូទៅគឺមិនឋិតឋេរយូរនោះទេ ដោយសារតែបរិបទ និងទម្រង់លេងរបស់ក្លឹប តែងតែមានការប្រែប្រួល ដែលពេលខ្លះគ្រូបង្វឹក ត្រូវបានក្លឹបបណ្តេញចេញ ឬ ពេលខ្លះគាត់សុំលាចេញពីតំណែង។ វាកម្រនឹងមានណាស់ គ្រូបង្វឹកដែលអាចដឹកនាំក្លឹបបានរយៈពេលយូរខ្លាំងដូចជាលោក Arsene Wenger ឬ Sir Alex Ferguson។ យ៉ាងណាក៏ដោយ គ្រូបង្វឹកទាំងនោះ នៅតែទទួលបានកម្រៃពីក្លឹប ទៅតាមកិច្ចព្រមព្រៀងដែលបានចុះកុងត្រា។

ដូច្នេះនៅពេលនេះ Fox Sports ជាខេមរភាសា សូមលើកយកគ្រូបង្វឹកបាល់ទាត់ចំនួន ១០នាក់ នៅអឺរុប ដែលទទួលបានប្រាក់ឈ្មួលពលកម្ម (ប្រាក់ខែ) ច្រើនជាងគេ គិតក្នុងឆ្នាំ ២០១៩នេះ។

១. លោក Pep Guardiola តម្លៃពលកម្ម ១៥លានផោន ក្នុងមួយឆ្នាំ

ID Sub – Pep Guardiola: Jangan Pernah Menyerah

បច្ចុប្បន្ន អតីតគ្រូបង្វឹកក្លឹប Barcelona និង Bayern Munich ដ៏ជោជ័យនេះ កំពុងតែដឹកនាំក្លឹប Manchester City ជាមួយនឹងតម្លៃខ្លួនដ៏ថ្លៃ។ ប៉ុន្តែតម្លៃនេះ វាហាក់ដូចជាសមាមាត្រទៅនឹងជ័យជម្នះដែលក្លឹបចង់បានបណ្តើរៗហើយ!

២. លោក Jose Mourinho តម្លៃពលកម្ម ១៣.៨លានផោន ក្នុងមួយឆ្នាំ

ត្បិតតែពេលនេះ លោក Jose Mourinho មិនទាន់ដឹកនាំក្លឹបណា ក្រោយពេល Manchester United បានពន្តេញលោកចេញ ប៉ុន្តែពេលកាលនៅដឹកនាំ Man Utd លោកទទួលបានកម្រៃយ៉ាងច្រើន។ ហើយពេលនេះ ប្រសិនបើក្លឹបណាចង់បានលោក ប្រហែលជាមិនអាចចំណាយទិញនោះទេ។

៣. លោក Carlo Ancelotti តម្លៃពលកម្ម ៩លានផោន ក្នុងមួយឆ្នាំ

Napoli head coach Carlo Ancelotti

អតីតគ្រូបង្វឹកក្លឹបយក្ស Juventus, AC Milan, Chelsea, PSG និង Real Madrid រូបនេះ ក៏នៅតែមានតម្លៃខ្លួនថ្លៃ ទោះពេលនេះ លោកបាននិងកំពុងដឹកនាំក្លឹប Napoli។

៤. លោក Mauricio Pochettino តម្លៃពលកម្ម ៨.៥លានផោន ក្នុងមួយឆ្នាំ

លោក Pochettino បានរស់នៅក្លឹប Tottenham Hotspur ជាយូរមកហើយ! ទោះមិនទាន់ដឹកនាំក្លឹបឲ្យទទួលបានពានរង្វាន់ណាមួយ ប៉ុន្តែក្លឹបមាន់ខ្នាយមាស ទើបតែសម្រេចបន្តកុងត្រា រយៈពេល ៥ឆ្នាំ រហូតដល់ឆ្នាំ ២០២៣ ជាមួយគ្រូបង្វឹកសញ្ជាតិអាស្សង់ទីនរូបនេះ ក្នុងតម្លៃពលកម្មដ៏ថ្លៃមួយ បើប្រៀបធៀបនឹងគ្រូបង្វឹកក្នុងក្របខណ្ឌ Premier League ផ្សេងទៀត។

តើ​លោក MAURICIO POCHETTINO មើល​ធ្ងន់​លើ​ការ​ចូល​ក្នុង​ចំណោម​ ៤ក្រុម​នៅ​កំពូល​តារាង​ជាជាង​តំណែង​ជើង​ឯក​ ជា​រឿង​ត្រឹមត្រូវ​ឬទេ?

៥. លោក Arsene Wenger តម្លៃពលកម្ម ៨.៣លានផោន ក្នុងមួយឆ្នាំ

ពេលគេនិយាយពី Arsenal គេមិនដែលភ្លេចពី លោក Arsene Wenger នោះទេ។ ត្បិតតែលោកបានលាចេញពីតម្លៃ បន្ទាប់ពីការដឹកនាំ ២២ឆ្នាំ ប៉ុន្តែលោកគឺជាគ្រូបង្វឹក ដែលត្រូវបានគេចាត់ទុកថា ពោរពេញដោយបទពិសោធន៍ជោគជ័យ និងទទួលបានកម្រៃ ៨.៣លានផោន ក្នុងមួយឆ្នាំ តាំងពីឆ្នាំ ១៩៩៦មក។

៦. លោក Jurgen Klopp តម្លៃពលកម្ម ៧លានផោន ក្នុងមួយឆ្នាំ

អតីតក្លឹប Borrussia Dortmund រូបនេះ បច្ចុប្បន្នគឺជាអ្នកចាត់ការទូទៅក្លឹបហង្សក្រហម Liverpool។ គាត់ក៏ជាមនុស្សម្នាក់ ក្នុងចំណោមគ្រូបង្វឹកជាច្រើននៅក្របខណ្ឌ Premier League ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេផងដែរ។

៧. លោក Ernesto Valverde តម្លៃពលកម្ម ៧លានផោន ក្នុងមួយឆ្នាំ

បច្ចុប្បន្ន គាត់គឺជាគ្រូបង្វឹកក្លឹប Barcelona និងបានជួយក្លឹបឲ្យឈ្នះពានរង្វាន់ជាច្រើន។ ដូច្នេះតម្លៃខ្លួននេះ គឺពិតជាសមាមាត្រនឹងស្នាដៃរបស់លោក។

៨. លោក Antonio Conte តម្លៃពលកម្ម ៦.៥លានផោន ក្នុងមួយឆ្នាំ

អំឡុងពេលគាត់នៅដឹកនាំក្រុមតោខៀវ Chelsea តម្លៃពលកម្មរបស់គាត់ តែងតែទទួលបាន ៦.៥លានផោនក្នុងមួយឆ្នាំៗ។

៩. លោក Maurizio Sarri តម្លៃពលកម្ម ៦លានផោន ក្នុងមួយឆ្នាំ

ទោះបីដឹកនាំក្លឹបមិនទាន់ទទួលបានណាមួយនៅឡើយ ប៉ុន្តែលោក Sarri ត្រូវគេទទួលស្គាល់ថា មានបច្ចេកទេសហ្វឹកហាត់បានល្អ។ នេះជាហេតុដែលគាត់ត្រូវមកជំនួសតំណែងលោក Conte នៅក្លឹប Chelsea។

១០. លោក Unai Emery តម្លៃពលកម្ម ៥.៦៥លានផោន ក្នុងមួយឆ្នាំ

លោក Unail Emery គឺជាអតីតគ្រូបង្វឹកក្លឹប PSG ហើយជំនាញរបស់គាត់ គឺការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យលេចធ្លោ។ នេះគឺជាចំណុចពិសេស ដែល Arsenal ត្រូវតែផ្តល់តម្លៃពលកម្មដ៏ថ្លៃមួយ ដល់រូបគាត់ ទោះបីជាគាត់មិនទាន់ប្រាកដថាអាចដឹកនាំបានជោគជ័យនៅក្របខណ្ឌ Premier League នៅឡើយក៏ដោយ។

គួរជម្រាបជូនថា តម្លៃពលកម្មទាំងនេះ គឺជាតម្លៃពលកម្ម ដែលពួកគាត់បានចុះកុងត្រាជាមួយក្លឹប ក្នុងការដឹកនាំក្រុម ប៉ុន្តែវាមិនទាន់បូកបញ្ជូលទាំងតម្លៃផ្សាយពាណិជ្ជកម្មធំៗផ្សេងទៀតនោះឡើយ។ សូមបញ្ជាក់ដែរថា លោក Zinedine Zidane ក៏ជាគ្រូបង្វឹកមួយរូប ដែលទទួលបានតម្លៃពលកម្មថ្លៃបំផុតម្នាក់ដែរ ប៉ុន្តែយើងសូមមិនលើកមកនិយាយ ដោយសារលោកបានសម្រេចចិត្តឈប់ពីក្លឹប Real Madrid ហើយក៏មិនទាន់មានដំណឹងក្នុងការទទួលការងារថ្មីនៅឡើយ៕

 

 

(ដកស្រង់ចេញពី infopedia)

មតិយោបល់