អាជ្ញាធរ គ្រោង​ប្រកាស​ពី​ការ​ស្លាប់ពិត​ប្រាកដ​​​របស់ Emiliano Sala ក្នុង​សប្តាហ៍នេះ​!

យន្តហោះតូច ដឹកកីឡាករបាល់ទាត់អាហ្សង់ទីន Emiliano

សាក​សព​មួយ​ត្រូវ​បាន​រកឃើញ​​ក្នុ​ងគំនរ​យន្ដ​ហោះ​ដែល​បាន​ដឹក​កីឡាករ EMILIANO SALA

ដែលធ្លាក់ នៅក្នុងសមុទ្រ កាលពីថ្ងៃទី២១មករា ឆ្នាំ ២០១៩ ត្រូវបានគេរកឃើញ កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងបាតសមុទ្រ ចន្លោះប្រទេសបារាំង និងអង់គ្លេស។ នេះបើយោងតាមការរិយាល័យស៊ើបអង្កេតអង់គ្លេស លើបញ្ហាគ្រោះថ្នាក់យន្តហោះ (AAIB) ដែលបានបង្ហាញរូបភាពសាកសពយន្តហោះ ក្នុងបាតសមុទ្រ។

តាម AAIB គេក៏បានឃើញសាកសពមនុស្ស នៅក្នុងសាកសពយន្តហោះ ដែលធ្លាក់ចូលទៅក្នុងបាតសមុទ្រផងដែរ។ AAIB ហ៊ានលើកឡើងថា គេអាចកំណត់សញ្ញាអាវរបស់សាកសពនោះ ដែលជាអាវ Emiliano Sala ពាក់ នៅក្នុងរូបថតចុងក្រោយរបស់គាត់។ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរ មិនទាន់ប្រកាស ១០០ភាគរយថា សាកសពនោះ គឺជាសាកសពរបស់កីឡាករសញ្ជាតិអាស្សង់ទីន Emiliano Sala និងអ្នកបើកយន្តហោះ លោក David Ibbotson នៅឡើយទេ។ ក្រុមសង្គ្រោះ គ្រោងស្រង់យកបំណែកសាកសពយន្តហោះនោះ ពីបាតសមុទ្រ ដែលមានជម្រៅប្រមាណ ៦៧ម៉ែត្រ ប៉ុន្តែគេត្រូវផ្អាកសិនដោយសារបញ្ហាអាកាសធាតុ។

សាក​សព​មួយ​ត្រូវ​បាន​រកឃើញ​​ក្នុ​ងគំនរ​យន្ដ​ហោះ​ដែល​បាន​ដឹក​កីឡាករ EMILIANO SALA

រូបភាពផ្កាយរណបពីទីតាំងដែលយន្តហោះបានធ្លាក់។

ក្រុមគ្រួសាររបស់ Emiliano Sala ចង់ឲ្យអាជ្ញាធរប្រញាប់ស្រង់សាកសពទាំងអស់ឡើងមកលើគោក ព្រោះពួកគេនៅតែមិនទាន់ជឿជាក់ទេថា Sala ត្រូវបាត់បង់ជីវិត បើទោះបីជាអាជ្ញាធរអះអាងថា «គ្មានដំណឹងល្អទេ» សម្រាប់អាយុជីវិតរបស់ Sala និងអ្នកបើកយន្តហោះនោះ។


អាជ្ញាធរ និងក្រុមអ្នកជំនាញ គ្រោងប្រកាសពីមរណភាពដោយគ្រោះធ្លាក់យន្តហោះ របស់ Emiliano Sala និងលោកពីឡុត Ibbotson យ៉ាងយូរក្នុងសប្តាហ៍នេះ។ ចំណែកក្លឹប Cardiff វិញ កំពុងតែត្រៀមរៀបចំពិធីបុណ្យសព និងការកាន់ទុក្ខ សម្រាប់កីឡាករដែលខ្លួនស្រលាញ់នេះ។ យ៉ាងណាក៏ដោយ អ្នកគាំទ្រ និងក្រុមកីឡាករ បានបង្ហាញការកាន់ទុក្ខ និងការបួងសួងឲ្យ Sala ត្រលប់មកវិញ តាំងពីពេលយន្តហោះនោះ បានបាត់ដំណឹង។

សូមរម្លឹកជូនថា យន្តហោះតូច ដែលដឹកកីឡាករបាល់ទាត់អាហ្សង់ទី Emiliano Sala រួមទាំងមានលោក Ibbotson ជា ពីឡុតនោះ បានបាត់ខ្លួនចេញពីរ៉ាដា ពេលកំពុងធ្វើដំណើរពីទីក្រុង Nantes ភាគខាងជើងប្រទេសបារាំង ឆ្ពោះទៅកាន់ទីក្រុង Cardiff ក្នុងប្រទេសវែល កាលពីថ្ងៃទី ២១ខែមករា ឆ្នាំ ២០១៩។ ការធ្វើដំណើរនោះ គឺក្នុងគោលបំណងនាំកីឡាករក្លឹប Nantes ដែល Cardiff ហ៊ានទិញក្នុងតម្លៃខ្លួនថ្លៃបំផុតប្រមាណ ១៥លានផោន ទៅចូលរួមហ្វឹកហាត់ ដើម្បីបង្ហាញខ្លួនលើទីលានជាមួយ Cardiff ក្នុងការប្រកួត នៅក្របខណ្ឌ Premier League។
ប៉ុន្តែការរំពឹងទុក ត្រូវបានរលាយ នៅពេលដែលយន្តហោះនោះ បានបាត់ដំណឹងតាំងពីថ្ងៃទី ២១ខែមករា ឆ្នាំ ២០១៩ ហើយក្រោយមកនៅថ្ងៃទី ២៤ខែមករា ឆ្នាំ ២០១៩ ក្រុមអ្នកស្រាវជ្រាវ បានប្រកាសបញ្ឈប់បេសកកម្មរុករកនោះ ដោយគេបញ្ជាក់ថា គ្មានសញ្ញាណាមួយពីយន្តហោះនោះឡើយ។

ភ្លាមៗក្រោយការបញ្ចប់បេសកកម្មរុករក ក្រុមកីឡាករបាល់ទាត់អាស្សង់ទីន រួមទាំងកីឡាករបាល់ទាត់ផ្សេងទៀត ក្រុមគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលអាស្សង់ទីន បានអំពាវនាវឲ្យអាជ្ញាធរ បើកការរុករកវិញ ហើយពួកគេបានផ្តើមយុទ្ធនាការរៃអង្គាសប្រាក់ ជូនដល់អាជ្ញាធរ សម្រាប់បំពេញប្រតិបត្តិការរុករកនោះ។ គិតត្រឹមថ្ងៃអាទិត្យ ការរៃប្រាក់តាមអនឡាញ មានចំនួន ៣២៤,០០០ផោន៕

មតិយោបល់