លោក Mourinho ទទួល​បាន​ការងារ​ដំបូង​ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ​ Man United

លោក Jose Mourinho ទើប​តែ​ត្រូវ​បាន​ដក​ចេញ​ពី​តួ​នាទី​ជា​អ្នក​ចាត់ការ​ក្លឹប​ Manchester United កាល​ពី​ខែ​ធ្នូ​ ប៉ុន្តែ​​ពេល​នេះ​លោក​​​ទទួល​បាន​តួ​នាទី​ថ្មី​មួយ​​ជា​អ្នក​វិភាគ​កីឡាករ​​លើ​កញ្ចក់​ទូរ​ទស្សន៍​របស់​សារព័ត៌មាន​ BeIN SPORTS។

អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្កាល់​រូប​នេះ​​នឹង​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ជា​លើក​ដំបូង​ក្នុង​តួ​នាទី​ជា​អ្នក​វិភាគ​កីឡា​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFC Asian Cup ព្រី​មៀរ​លីគ​

លោក Mourinho ដែល​មាន​វ័យ​ ៥៥ឆ្នាំ​ នឹង​​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ក្នុ​ងការ​ប្រកួ​ត AFC Asian Cup រវាង​ក្រុម​ Qatar និង Saudi Arabia នៅ​ថ្ងៃទី១៧ ខែ​មករា និង​ការ​ប្រកួត​ព្រី​មៀរ​លីគ​​រវាង​ក្រុម​ Arsenal ជាមួយ​ Chelsea នៅ​ ២ថ្ងៃ​បន្ទាប់។

សារព័ត៌​មាន beIN SPORTS បាន​ចេញ​សេច​ក្ដី​ប្រកាស​ផ្លូវ​ការ​ថា៖

“Jose គឺជា​អ្នក​ចាត់ការ​ក្លឹប​បាល់ទាត់​​មួយ​រូប​​ក្នុង​ចំណោម​អ្នក​ចាត់ការ​ដែលឆ្នើម​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ហើយ​យើង​សង្ឃឹម​ថា​ការ​វិភាគ​​ប្រកប​ដោយ​ជំនាញ​ និង​បុគ្គលិក​លក្ខណៈ​របស់​គាត់​​នឹង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ទស្សនា​រាប់​លាន​អ្នក។ នេះ​គឺ​ជា​ឧទាហរណ៍​​​មួយ​នៃ​ការ​វិភាគ​បាល់ទាត់​កម្រិត​ពិភព​លោក​​ដែល​យើង​ផ្ដល់​ជូន​អ្នក​ទស្សនា​ពាស​ពេញ​ពិភព​លោក​ជា​រៀង​រាល់​ថ្ងៃ”។

លោក Mourinho ​ទទួល​បាន​តួ​នាទី​ថ្មី​នេះ ខណៈ​ពេល​ដែល​មាន​ព័ត៌​មាន​លេច​ឮ​ថា​ក្លឹប Benfica, Real Madrid និង Inter Milan សុទ្ធ​តែ​ចាប់​អារម្មណ៍​ចង់​បាន​រូប​លោក។

យ៉ាង​ណា​មិញ លោក Mourinho បាន​បញ្ជាក់​ថា​លោ​ក​នៅ​មិនទាន់​ចាប់អារម្មណ៍​ចង់​ធ្វើ​ជា​អ្នក​ចាត់ការ​ក្លឹប​ក្នុង​ប្រទេស​កំណើត​របស់​លោក​នៅ​ឡើយ​ទេ៕

(ប្រភព​រូប​ថត៖ Daily Express)

មតិយោបល់