ប៉ូលីស Las Vegas ស្នើពិនិត្យ DNA របស់ C.Ronaldo ជុំវិញរឿងអាស្រូវរំលោភផ្លូវភេទ

ប៉ូលីសក្រុង Las Vegas សហរដ្ឋអាមេរិក បានចេញដីកាមួយ ស្នើសុំពិនិត្យគម្រូ DNA របស់កីឡាករ Cristiano Ronaldo ដើម្បីជាភស្តុតាងមួយ សម្រាប់ការស៊ើបអង្កេតជុំវិញករណីរំលោភផ្លូវភេទ ប្រឆាំងនឹងកីឡាករខ្សែប្រយុទ្ធ Juventus រូបនេះ។ ប៉ូលីសក្រុង Las Vegas បានបញ្ចូនដីកាសុំការពិនិត្យ DNA នោះ ទៅកាន់ប្រព័ន្ធតុលាការ ក្នុងប្រទេសអ៊ីតាលី ។

មេធាវី របស់កីឡាករវ័យ ៣៣ឆ្នាំ លោក Peter S.Christiansen បានប្រាប់សារព័ត៌មានថា «ការស្នើសុំមានលក្ខណៈស្តង់ដារណាស់»។ លោកមេធាវី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «Ronaldo នៅតែរក្សាជំហររបស់គាត់ដដែលតាំងពីមុនរហូតមកដល់ពេលនេះ ថាអ្វីដែលបានកើតឡើងនៅ Las Vegasកាលពីឆ្នាំ ២០០៩ នោះ គឺជារឿងត្រូវរ៉ូវគ្នា គឺមិនមានការបង្វិតបង្ខំឡើយ ហើយវាមិនមានអ្វីចម្លែកទេដែលថានឹងមាន DNA របស់គាត់នោះ ឯការដែលប៉ូលីសស្នើសុំធ្វើតេស្ត DNA វាជាស្តង់ដាររបស់ប៉ូលីសក្នុងការងារស៊ើបអង្កេតជាធម្មតា។»

សូមរម្លឹកជូនថា កំពូលកីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ ដែលកំពុងលេងនៅក្លឹប Juventus បានជួបរឿងអាស្រូវរំលោភផ្លូវភេទជាថ្មី ជាមួយនឹងគ្រូបង្រៀន នាង Kathryn Mayorga។ គ្រូបង្រៀនវ័យ ៣៤ឆ្នាំរូបនេះ បានចោទប្រកាន់ថា Cristiano Ronaldo បង្ខំគាត់រួមភេទ នៅសណ្ឋាគារ Las Vegas សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០៩។ ប៉ុន្តែពេលនោះ Ronaldo បានឲ្យប្រាក់គាត់ ៣៧៥,០០០ដុល្លារ ដើម្បីកុំឲ្យមានការប្តឹងផ្តល់។

នាង បានឲ្យដឹងថា ការចេញមកដាក់ពាក្យប្តឹងជាសាធារណៈនៅពេលនេះ គឺដើម្បីជាការចូលរួមក្នុងយុទ្ធនាការ #MeToo ប្រឆាំងការរំលោភផ្លូវភេទ ក្នុងគ្រប់ទម្រង់រូបភាព។ ប៉ូលីស កំពុងបើកការស៊ើបអង្កេតជាថ្មី ប្រឆាំងនឹង C.Ronaldo។ ប្រសិនបើការស៊ើបអង្កេតនោះ ជាការពិត នោះ C.Ronaldo អាចប្រឈមនឹងផ្លូវច្បាប់ ហើយអនាគតរបស់គាត់អាចមានបញ្ហា៕

កំពូលកីឡាករ ៥នាក់ដែលជាប់ប្រវត្តិមានរឿងអាស្រូវផ្លូវភេទខ្លាំង

មតិយោបល់