SPURS កំណត់​តម្លៃ​ផ្ទេរ​ HARRY KANE ខ្ពស់​កប់​ពពក​​ក្រោយ​ពេល​ REAL ចាប់អារម្មណ៍​

ក្លឹប​ Real Madrid នឹង​ត្រូវ​ហ៊ាន​​ចំណាយ​រហូត​ដល់ ៣១២លាន​ផោន​ ប្រសិន​បើ​គេ​ចង់​បាន​​ខ្សែ​ប្រយុទ្ធ​ Harry Kane របស់​ Spurs។

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ដែល​មាន​វ័យ ២៥ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​គោល​ដៅ​​ធំ​របស់​ក្លឹប​ Real Madrid ក្នុ​ងអំឡុង​​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ​ដើម្បី​យក​មក​ពង្រឹង​ផ្នែក​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​ ប៉ុន្តែ​ Spurs បាន​ព្យាយាម​​រម្ងាប់​ក្ដី​សង្ឃឹម​មួយ​នេះ​ដោយ​បាន​កំណត់​តម្លៃ​ផ្ទេរ​​​ដែល​គេ​គិត​ថា​ក្លឹប​យក្ស​ LaLiga មួយ​នេះ​មិន​អាច​ទៅ​រួច។

យោង​តាម​សេច​ក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ AS របស់​អេស្ប៉ាញ ក្លឹប Spurs បាន​​កំណត់តម្លៃ​ដ៏​ខ្ពស់​នេះ​ក្រោយ​ពេល​ទទួល​បាន​​សំណើរ​សុំ​ទិញ​ពី​ក្លឹប​ Real Madrid។

ប្រសិន​បើ​ Real Madrid ហ៊ាន​ចំណាយ ការ​​ដោះ​ដូរ​ Harry Kane នឹង​បំបែក​កំណត់​ត្រា​​ទិញ​កីឡាករ​ Neymar ពី​ក្លឹប Barcelona ទៅ PSG កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​តម្លៃ​ ២០០លាន​ផោន​។

ជា​លទ្ធផល​នៃ​ការ​ទាម​ទារ​ខ្ពស់​របស់ Tottenham សារព័ត៌​មាន​ AS បាន​លើក​ឡើង​ថា​ ក្លឹប​ Real Madrid នឹង​ពិចារណា​ទិញ​កីឡាករ​ផ្សេង​ទៀត​ដែល​អាច​ទៅ​រួច​ មាន​ដូច​ជា​កីឡាករ Robert Lewandowski របស់ Bayern Munich ឬ​កីឡាករ​ Edinson Cavani របស់​ក្លឹប PSG។

យ៉ាង​ណា​មិញ Kane នៅ​តែ​​ជា​គោល​ដៅ​របស់​ក្លឹប Real Madrid ដដែល​។ ខណៈ​ដែល​ក្លឹប​អាច​នៅ​សល់​ទុន​ពី​ការ​លក់​ Cristiano Ronaldo ក៏​ពិត​មែន ប៉ុន្តែទំហំ​ទឹក​ប្រាក់ ៣១២លាន​ផោន​​ដើម្បីទិញ​កីឡាករ​ម្នាក់​​ហាក់​ដូច​ជាចំណាយ​ធំ​​ពេក​ហើយ ទោះ​ជា​ចំណាយ​ទិញ​កីឡាករ​ដ៏​ឆ្នើម​ដូច​ជា​ Kane ក៏​ដោយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ Real Madrid ត្រូវ​ការ​អ្នកមក​ជួយ​រក​គ្រាប់​បាល់​ជំនួស Ronaldo ហើយ​ Kane ជា​កីឡាករ​ម្នាក់​ដែល​មាន​ទម្រង់​​រក​គ្រាប់​បាល់​បាន​ល្អ​ទាំង​ក្នុង​ការ​ប្រកួត​ព្រី​មៀរ​លីគ​ និង​ការ​ប្រកួត​ពាន​រង្វាន់​ផ្សេងៗ​ទៀត។ ដោយ​សារ​មូល​ហេតុ​នេះ ក្លឹប​ Real Madrid នៅ​តែ​មិន​បោះ​បង់​​គោល​ដៅ​មួយ​នេះ​ឡើយ គ្រាន់​តែ​ត្រូវ​រង់​ចាំ​មើល​​ថា​តើគេ​ហ៊ាន​ចំណាយ​​ស្មើ​នឹង​តម្លៃ​ដែល​កំណត់​នេះ​ឬ​អត់​ប៉ុណ្ណោះ៕

មតិយោបល់