សមត្ថភាពពិតរបស់លោក OG.Solkjaer នឹងត្រូវវាយតម្លៃក្នុងជំនួប Spurs vs Man Utd ?

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League បានឈានចូលដល់សប្តាហ៍ទី ២២ហើយ នៅចុងសប្តាហ៍នេះ។ ហើយនៅថ្ងៃអាទិត្យ ទី ១៣ខែមករា ឆ្នាំ ២០១៩នេះ ក៏នឹងមានការប្រកួតមួយគូ ដែលគេគិតថាជាជំនួបដ៏ធំ ដែលមិនត្រឹមតែដើម្បីលទ្ធផលឈ្នះ ចាញ់ ដណ្តើមពិន្ទុប៉ុណ្ណោះទេ តែវាក៏នឹងក្លាយជាការវាស់ស្ទង់សមត្ថភាពនៃគ្រូបង្វឹកនីមួយៗផងដែរ។

ជំនួបនោះ គឺ Tottenham Hotspur ប្រកួតជាមួយ Manchester United ដែលបើគិតតាមម៉ោងក្នុងប្រទេសកម្ពុជា គឺការប្រកួត នឹងចាប់ផ្តើមនៅវេលាម៉ោង ១១និង៣០នាទីយប់។

កន្លងមកមានពាក្យចចាមអារ៉ាមថា គណៈកម្មាការក្លឹប Man Utd និងសូម្បីតែវីរៈបុរសរបស់ក្លឹប គឺលោក Alex Ferguson មានបំណងចង់បានលោក Mauricio Pochettino ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្លឹប Tottenham Hotspur មកដឹកនាំក្លឹបបិសាចក្រហម។ ប៉ុន្តែជារឿយៗ គឺលោក Pochettino បានបដិសេធចំពោះដំណឹងនេះ និងថាទោះបីជាវាជាការពិត ក៏លោកមិនទៅនោះទេ។

Ole Gunnar Solskjaer

មិនដឹងថាពេលនេះ គណៈកម្មាការក្លឹប Man Utd បោះបង់គំនិតហ្នឹងចោល ឬនៅទេ ព្រោះថាពេលនេះ ក្លឹបមានលោក Ole Gunnar Solkjaer ដែលជាអ្នកចាត់ការទូទៅបណ្តោះអាសន្នទៅហើយ។ លោក Ole ដែលបានដឹកនាំ Man Utd ៥ប្រកួតដំបូង ឈ្នះទាំង ៥។ ប៉ុន្តែជ័យជម្នះនេះ ក៏នៅតែមិនអាចធ្វើឲ្យមជ្ឈដ្ឋានមួយចំនួន ទុកចិត្តនោះដែរ ព្រោះថា ៥ប្រកួតនោះ គេគិតថា មកពី Man Utd ជួបជាមួយក្លឹបមិនធំដូចខ្លួន ទើបបានជាគេងាយយកឈ្នះយ៉ាងនេះ។

 

ប៉ុន្តែសប្តាហ៍នេះ មិនដូចគ្នានោះទេ ព្រោះ Manchester United ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley ដែលជាទឹកដីបណ្តោះអាសន្នរបស់ក្រុមមាន់ខ្នាយមាស សម្រាប់ជំនួបដែលគ្រប់គ្នាទន្ទឹងចង់ដឹងនេះ។ គេនៅចាំបានថា កាលពីការប្រកួតជើងទី ១ Man Utd បានប្រកួតចាញ់ក្រុមមាន់ខ្នាយមាស យ៉ាងអាម៉ាស់ ក្នុងទឹកដី Old Trafford ដោយ​លទ្ធផល ០ទល់នឹង ៣ នៅពេលដែលលោក Jose Mourinho ជាគ្រូបង្វឹក។ ចុះពេលនេះ លោក Mourinho ត្រូវក្លឹបបណ្តេញចេញទៅហើយ តើ Man Utd ក្រោមការដឹកនាំរបស់លោក Ole Gunnar Solkjaer នឹងអាចសងសឹកបានទេ?

យើងនិយាយពីចំណាត់ថ្នាក់នៃក្រុមទាំង ២! បច្ចុប្បន្ន Man Utd មាន ៣៨ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ខណៈ ៥ប្រកួតចុងក្រោយ គឺឈ្នះទាំង ៥។ ចំណែក Totttenham វិញ បច្ចុប្បន្ន មាន ៤៨ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយតាមពីក្រោយក្រុមលេខ ១ Liverpool តែ ៦ពិន្ទុប៉ុណ្ណោះ។ ៥ប្រកួតចុងក្រោយ Spurs មានចាញ់ ១ប្រកួត។

យើងងាកមកមើលពីកីឡាករ ១១នាក់ដំបូង ដែលក្លឹបអាចដាក់ចូលលេងនៅយប់នេះ៖
Tottenham Hotspur៖

អ្នកចាំទី៖ Lloris
ប្រព័ន្ធការពារ និងប្រព័ន្ធបម្រើ៖ Trippier, Alderweireld, Sanchez, Rose, Winks, Sissoko និង Eriksen
ប្រព័ន្ធប្រយុទ្ធ៖ Alli, Son, Kane

Manchester United៖


អ្នកចាំទី៖ De Gea
ប្រព័ន្ធការពារ និងប្រព័ន្ធបម្រើ៖ Young, Lindelof, Jones, Shaw, Matic, Pogba, Herrera
ប្រព័ន្ធប្រយុទ្ធ៖ Martial, Rashford, Sanchez

ប្រវត្តិប្រកួតសរុបនៃក្រុមទាំង ២ គឺ Tottenham Hotspur ធ្លាប់ឈ្នះបិសាចក្រហម តែ ៥២ដងប៉ុណ្ណោះ ខណៈ Man Utd ធ្លាប់ឈ្នះក្រុមមាន់ខ្នាយមាស ដល់ទៅ ៩០ដង និង ៤៨ដង គឺស្មើគ្នា។

មុនជំនួបនេះ គ្រូបង្វឹក និងកីឡាកររបស់ Man Utd បាននាំគ្នាទៅហ្វឹកហាត់ត្រៀមប្រកួត ដល់ទឹកដីអារ៉ាប់ ក្នុងទីក្រុងឌូបៃ។ ប៉ុន្តែសម្រាប់ Spurs វិញ គេក៏បានត្រៀមខ្លួនដណ្តើមយក ៣ពិន្ទុ ក្នុងទឹកដីផងដែរ។ ដូច្នេះ តើជំនួបនេះ លោកអ្នកគិតថា ក្រុមណាមួយ នឹងបន្តឈ្នះ?

សម្រាប់ Fox Sports Cambodia៖ ៥០ភាគរយ យើងគិតថា ក្រុមទាំង ២ស្មើគ្នា។ ៣០ភាគរយ យើងគិតថា Tottenham នៅតែបន្តឈ្នះ និង ២០ភាគរយ យើងគិតថា Man Utd នឹងឈ្នះ។ ហើយ​គ្រាប់បាល់យើងគិតថា ក្រុមទាំង ២ នឹងមានគ្រាប់ស៊ុតចូលគ្នា មិន​លើសពី ៣គ្រាប់នោះទេ។

 

ដោយ៖ កូនមាន់មាស

មតិយោបល់