មូល​ហេតុ​ដែល​លោក Pochettino ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​

លោក Mauricio Pochettino បាន​​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចាត់​ការ​​ក្លឹប​ Tottenham Hotspur ក្នុង​រដូវ​កាល​ ២០១៤-២០១៥។ នៅ​ពេល​នោះ​ ក្លឹប​ Tottenham មិន​​ដែល​​ឋិត​ក្នុង​ទីតាំង​ដណ្ដើម​តំណែង​ជើង​ឯក​ព្រី​មៀរ​លីគ​​នោះ​ទេ។ ពួក​គេ​ពិ​បាក​នឹង​ឈរ​នៅ​លេខ​រៀង​ដែល​មាន​ឱកាស​ចូល​រួម​ប្រកួត​ឆេម​ពានស៍​លីគ​​ទៀត​ផង។

ក្រោយ​ពេល​ដែល​លោក Pochettino ចូល​កាន់​តួ​នាទី​ ក្លឹប Tottenham ចាប់​ផ្ដើម​ក្លាយ​ជា​ក្រុម​ខ្លាំង​នៅ​ព្រី​មៀរ​លីគ​​បន្តិច​ម្ដងៗ។ ពួក​គេ​បាន​ក្លាយ​ជា​ក្រុម​មួយ​ដែល​មាន​ឱកាស​ដណ្ដើម​យក​តំណែង​ជើង​ឯក​​ក្នុង​លីគ​កំពូល​របស់​អង់គ្លេស​មួយ​នេះ។ នេះ​ក៏​ជា​មូល​ហេតុ​ដែល​ញុំាង​ឲ្យ​មាន​ឈ្មោះ​ The Big Six (ក្រុម​កំពូល​ទាំង​៦) ផង​ដែរ។ នៅ​ក្នុ​ងរដូវ​កាល​ ២០១៦-២០១៧ ក្លឹប​ Tottenham បាន​បញ្ចប់​រដូវ​កាល​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​២ មាន​ ៨៦ពិន្ទុ​ ជា​ពិន្ទុ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រី​មៀរ​លីគ​​​របស់​ក្លឹប​នេះ។ មិន​មែន​​រីក​ចម្រើន​​តែ​ចំណាត់ថ្នាក់​ និង​ពិន្ទុ​ប៉ុណ្ណោះ​ទេ ក្លឹប Tottenham ក៏​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​​​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Pochettino ផង​ដែរ។

Mauricio Pochettino លួង​លោម​កីឡាករ Kyle Walkers-Peters ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុរវាង​ Spurs និង​ Barcelona កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៨

លោក Pochettino បាន​​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទាំង​នេះ​ដោយ​គ្រាន់​តែ​ចំណាយ​ប្រាក់​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​។ បើ​ធៀប​ជាមួយ​ក្លឹប​ធំៗ​ផ្សេង​ទៀត​នៅ​ក្នុង​ The Big Six (ក្លឹប​កំពូល​ទាំង​៦) ក្លឹប Tottenham បាន​ចំណាយ​​លើ​ការ​ដោះ​ដូរ​កីឡាករ​​តិច​ជាង​​គេ​បំផុត​បើ​គិត​ចាប់​ពី​រដូវ​កាល ២០១៤-២០១៥មក។

យ៉ាង​ណា​មិញ​ ការ​ចំណាយ​ទាប​ជាង​គេ​នេះ​ មិន​បាន​រំខាន​ដល់​កិច្ច​ការ​ដឹក​នាំ​របស់​លោក​ Pochettino នោះ​ទេ។ ក្លឹប Tottenham នៅ​តែ​អាច​បញ្ចប់​រដូវ​កាល​​នី​មួយៗ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​​ប្រសើរ​ជាង​ក្លឹប Arsenal និង Manchester United ដដែល។

លោក​ Pochettino ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​មូល​ហេតុ​ខាង​លើ​នេះ​។ គាត់​នៅ​មិន​ទាន់​ឈ្នះ​បាន​ពាន​រង្វាន់​អ្វី​មួយ​ជាមួយ​ក្លឹប Tottenham នៅ​ឡើយ​ទេ ប៉ុន្តែ​សមត្ថភាព​ប្រែ​ក្លាយ​ក្លឹប​​មួយ​នេះ​ឲ្យ​ឈរ​ស្មើ​មុខ​មាត់​ជាមួយ​ក្លឹប​ផ្សេងៗ​ទៀត​នៅ​ព្រី​មៀរ​លីគ​​ដូច​ជា​ក្លឹប Manchester City, Manchester United, Chelsea និង Liverpool គឺ​ជា​សមិទ្ធ​ផល​មួយ​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ ក្នុង​នាម​ជា​អ្នក​ចាត់ការ​មួយ​រូប៕

មតិយោបល់