៥យ៉ាង ដែលបញ្ជាក់ថា OG.Solksjaer ល្អជាង Jose Mourinho នៅ Man Utd

លោក Ole Gunnar Solskjaer អតីតកីឡាករ Man Utd ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់បិសាចក្រហម បន្ទាប់ពីក្លឹបបានបណ្តេញលោក Jose Mourinho កាលពីមុនបុណ្យគ្រិស្មាស ចុងឆ្នាំ ២០១៨។ ក្រោយក្លាយជាគ្រូបង្វឹកបណ្តោះអាសន្ន លោក Solskjaer បានផ្តល់ជ័យជម្នះទាំង ៥ប្រកួត សម្រាប់ Manchester United ហើយគាត់ក៏បានជួនាំក្លឹបបិសាចក្រហម ឲ្យមានឱកាសឡើងទៅជុំទី ៤នៃការប្រកួត FA Cup ជាបន្ត បន្ទាប់ពីយកឈ្នះលើក្រុម Reading ២ទល់នឹង០ កាលពីសប្តាហ៍មុន។

ជ័យជម្នះជារឿងមួយ ប៉ុន្តែគេក៏នៅសង្កេតឃើញថា លោក Ole Gunnar Solskjaer មានចំនុចមួយចំនួនទៀត ដែលល្អជាងលោក Jose Mourinho នៅក្លឹប Manchester United។ ចំនុចទាំងនោះ រួមមាន៖

១. ធ្វើឲ្យប្រព័ន្ធបម្រើកណ្តាលមានស្ថេរភាព និងមាំមួន

លោក Ole បានធ្វើឲ្យកីឡាករនៅប្រព័ន្ធកណ្តាល និងខាងក្រោម លេងយ៉ាង់ស៊ីសង្វាក់គ្នា! ក្នុងជំនួបដំបូង ក្រោមការដឹកនាំរបស់លោក Ole លោកបានដាក់កីឡាករ Nemanja Matic, Ander Herrera និង Paul Pogba ដែលកាលណោះ Man Utd មានទឹកចិត្តលេង រហូតយកឈ្នះលើ Cardiff ៥ទល់នឹង១។ បន្ទាប់មក ការប្រកួតក្រោយៗទៀត លោក Ole នៅតែប្រើប្រាស់កីឡាករបម្រើកណ្តាល និងការពារ ដែលលេងយ៉ាងត្រូវជើងគ្នា។

២. ធ្វើឲ្យ Paul Pogba មានទឹកចិត្តលេងខ្លាំង

ពាក្យចចាមអារ៉ាម នៃភាពតានតឹងរវាង Paul Pogba និងលោក Jose Mourinho បានធ្វើឲ្យកីឡាករបារាំងរូបនេះ មិនអាចលេងបានល្អសោះ ក្នុងរជ្ជកាលរបស់លោក Mourinho នារយៈពេលចុងក្រោយ។ ប៉ុន្តែក្រោយពេលលោក Ole មកដល់ Pogba បានក្លាយជាមានទឹកចិត្តក្លៀវក្លា រកបានគ្រប់បាល់ ជួយ Assists ជួយនាំជ័យជម្នះសម្រាប់បិសាចក្រហម។

៣. ពង្រឹងប្រព័ន្ធប្រយុទ្ធ ឲ្យកាន់តែមានភាពប្រកួតប្រជែង

ក្រៅពីខ្សែបម្រើ និងការពារ លោក Ole ក៏បានធ្វើឲ្យខ្សែប្រយុទ្ធរបស់គាត់កាន់តែខ្លាំង។ គាត់បានផ្តល់ឱកាសឲ្យ Marcus Rashford លេងនៅតំបន់ប្រយុទ្ធកណ្តាល។ លោក Ole នៅតែមានទឹកចិត្តចង់ប្រើប្រាស់ខ្សែបម្រើប្រយុទ្ធទាំងអស់របស់ Man Utd នៅពេលពួកគេជាសះស្បើយឡើងិវញ។ ខ្សែបម្រើ នៅប្រយុទ្ធរបស់ Man Utd ដែលលោក Ole ចង់ដាក់ឲ្យលេងជុំគ្នា រួមមាន Alexis Sanchez, Anthony Martial, Romelu Lukaku, Marcus Rashford, Jesse Lingard និង Juan Mata ។

៤. ធ្វើឲ្យទម្លាប់ចាស់ ឬការលេងស្ទាយចាស់របស់ Man Utd ត្រលប់មកវិញ

ដំបូងឡើយ អ្នកគាំទ្រមិនសូវជាទុកចិត្តលោក Ole ប៉ុន្មានទេ ព្រោះគេគិតថា បុរសន័រវេសនេះ ប្រហែលជាមិនខុសពី
Moyes, Louis Van Gaal និង Mourinho នោះទេ។ ប៉ុន្តែពេលនេះ គេចាប់ផ្តើមមានអារម្មណ៍ហើយថា លោក Ole បាននាំ Man Utd ឲ្យដើរចូលគន្លងរបស់លោក Alex Ferguson ហើយ។

៥. បង្ហាញភាពវិជ្ជមាន មិនមែនអវិជ្ជមាន

Manchester United caretaker manager Ole Gunnar Solskjaer

តាំងពីចូលមកកាន់តំណែងជាអ្នកចាត់ការរបស់ Man Utd លោក Ole Gunnar Solskjaer តែងតែនិយាយពីភាពវិជ្ជមាន នៅក្នុងគ្រប់សន្និសីទសារព័ត៌មាន។ ហើយជាពិសេស លោកក៏មិនទៅឈ្លោះប្រកែក ជាមួយអ្នកកាសែត ដូចអ្វីដែលលោក Mourinho ធ្លាប់ធ្វើនោះទេ។ លោក Ole តែងតែបង្ហាញភាពពេញចិត្តចំពោះតំណែងដែលលោកទទួលបាន ហើយលោកក៏បញ្ជាក់ពីឆន្ទៈចង់ឲ្យកីឡាករនីមួយៗមានឱកាសលេងឲ្យបានល្អ។

ទោះជាយ៉ាងណាក៏ដោយ ចំនុចវិជ្ជមានរបស់លោក Ole នៅពេលនេះ ក៏នៅតែមិនទាន់ធ្វើឲ្យអ្នកវិភាគកីឡាមួយចំនួន ទុកចិត្តនោះទេ។ មិនទាន់ទុកចិត្ត ព្រោះគេគិតថា ៥ប្រកួតមកនេះ គឺ Man Utd ជួបជាមួយក្រុមតូចៗ ចុះបើជួបក្រុមធំ ដូចជា Tottenham Hotspur នៅចុងសប្តាហ៍នេះ ថាតើលោក Solkjaer នៅតែបន្តឈ្នះ ឬទេ?

មតិយោបល់