លោក Sarri ថា​ការ​ចាក​ចេញ​របស់​ Willian មិន​អាច​ទៅ​រួច​

Willian បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​​ក្លឹប Barcelona ម្ដងទៀត ប៉ុន្តែ​លោក Maurizio Sarri បាន​ប្រាប់​គេ​​ឲ្យ​បំភ្លេច​ចោល​នូវ​គោល​បំណង​​ចង់​ចាក​ចេញ​ពី​ក្លឹប​ Chelsea ក្នុ​ង​ខែ​មករា​នេះ​ទៅ។

ទោះ​បី​ជា​មាន​ព័ត៌​មាន​ចចាម​អារ៉ាម​ថា​​កីឡាករ​ Willian អាច​នឹង​ត្រូវ​ប្ដូរ​ជាមួយ​​កីឡាករ​ Malcom នៅ​ Barcelona ដែល​កំពុង​​បាត់​បង់​ប្រជា​ប្រិយ​ភាព​ក្ដី ក៏​លោក Maurizio Sarri គិត​ថា​ការ​ចាក​ចេញ​របស់ Willian ពី​ Chelsea ក្នុ​ងខែ​មករា​នេះ​មិន​​អាច​ទៅ​រួច​ទេ។

កីឡាករ​ Willian បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ព័ត៌​មាន​ចចាម​អារ៉ាម​​ពាក់​ព័ន្ធ​នឹង​ការ​ប្ដូរ​ក្លឹប​នៅ​​មុន​រដូវ​កាល​ចាប់​ផ្ដើម​ ដោយ​មា​នសេច​ក្ដី​រាយ​ការណ៍​ថា​ក្លឹប​ Barcelona ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​រូប​នេះ​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។

ចុង​ក្រោយ​ ក្លឹប​ Barcelona បាន​ចុះ​កុង​ត្រា​ទិញ​កីឡាករ​ Malcom ពី​ក្លឹប Bordeaux ​ប៉ុន្តែ​កីឡាក​រ​ដែល​មាន​វ័យ​ ២១ឆ្នាំ​រូប​នេះ​មិន​សូ​វបាន​បង្ហាញ​ថ្វី​ជើង​របស់​ខ្លួន​ក្នុង​ទីលាន​ប្រកួត​នោះ​ទេ ដោយ​ទើប​តែ​ចូល​​លេង​បាន​ ៥​ប្រកួត​ប៉ុណ្ណោះ​ក្នុ​ងលីគ​ LaLiga។

Malcom ត្រូវ​ឲ្យ​ក្លឹប​ Barcelona ចំណាយ​តម្លៃ​ផ្ទេរ​ ៤១លាន​អឺរ៉ូ​ ហើយ​ការ​ចាប់​ផ្ដើម​មិន​សូវ​បាន​ល្អ​របស់គេ​​ញុំាង​ឲ្យ​គេ​ក្លាយ​​ជា​គោល​ដៅ​កីឡាករ​សម្រាប់​ខ្ចី​ជើង​ ដែល​ក្នុង​នោះ​មាន​ក្លឹប Everton ក៏​​មាន​សេច​ក្ដី​រាយ​ការណ៍​ថា​ចាប់​អារម្មណ៍​ចង់​ខ្ចី​ជើង​​កីឡាករ​រូប​នេះ​ដែរ ប៉ុន្តែ​​អ្នក​ចាត់ការ​ក្លឹប​ Everton គឺ​លោក Marco Silva បាន​បដិសេធ​​ព័ត៌​មាន​ថា​​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​រូប​នេះ។

ព័ត៌​មាន​ចចាម​អារ៉ាម​ចុង​ក្រោយ​​បាន​លើក​ឡើង​ថា​​ក្លឹប Barcelona បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ Willian ដោយ​កំណត់​តម្លៃ​ផ្ទេរ​ ៥៥លាន​អឺរ៉ូ​ និង​ថែម​ Malcom ឲ្យ​ម្នាក់​ទៀត​ ប៉ុន្តែ​លោក​ Sarri បាន​និយាយ​ថា​​កីឡាករ​​របស់ Chelsea រូប​នេះ​នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​នោះទេ។

នៅ​ពេល​ដែ​ល​អ្នក​យក​ព័ត៌​មាន​សួរ​ថា​តើ​លោក​នឹង​រីក​រាយ​ឬទេ ប្រសិន​បើ​ Willian ចាក​ចេញ​ពិតមែន លោក Sarri បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ “​ច្បាស់​ជា​មិន​មែន​អញ្ចឹង​ទេ ព្រោះ​ដូច​ដែល​អ្នក​ដឹង​ស្រាប់​ហើយ​ កីឡាករ​លេង​ស្លាប​សំខាន់​សម្រាប់​ក្រុម​យើ​ងណាស់”។

 

 

“ខ្ញុំ​គិត​ថា​គេ​អាច​លេង​បាន​កាន់​តែ​ល្អ​ជាង​នេះ​ទៅ​ទៀត ប៉ុន្តែ​គេ​សំខាន់​សម្រាប់​ពួក​យើង​ណាស់ ហេតុ​នេះ​ខ្ញុំ​គិត​ថា​ការ​ចាក​ចេញ​របស់គេ​ក្នុង​ខែ​មករា​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ”។

“ខ្ញុំ​មិន​ទទួល​បាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ Willian កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ទេ។ រឿង​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ អ្នក​ត្រូវ​សួរ​ទៅ​រដ្ឋបាល​ក្លឹប ព្រោះ​បើ​អ្នក​សួរ​ខ្ញុំ​រឿង​ដោះ​ដូរ​កីឡាករ​ គឺ​អ្នក​បង្ក​បញ្ហា​ឲ្យ​ខ្ញុំ​ហើយ ព្រោះ​ខ្ញុំ​មិន​ដឹង​រឿង​នេះ​ទេ”។

ពេល​ដែល​លោក​ Sarri ពន្យល់​ពី​គោល​បំណង​ដែល​លោក​ចង់​ឲ្យ​ Willian លេង​នៅ​កម្រិត​ខ្ពស់​ជាង​នេះ គឺ​លោក​ចង់​​​ឲ្យ​គេ​​ក្លាយ​​ជា​ការ​គម្រាម​កំហែង​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់គូ​ប្រកួត៕

មតិយោបល់