គ្រាន់តែ Liverpool ធ្លាក់ពី FA Cup គេដឹងថាហង្សក្រហម មានទិសដៅអ្វីផ្សេង!

ក្នុងការប្រកួត FA Cup ជុំទី ៣ កាលពីកាលពីថ្ងៃទី ៧ខែមករា ឆ្នាំ ២០១៩ គ្រប់គ្នាហាក់ដូចជាស្រឡាំងកាំង នៅពេលដែល Liverpool ប្រកួតចាញ់ក្រុម Wolverhampton Wanderers ដោយលទ្ធផល ១ទល់នឹង២។ ទោះ


បីជា Liverpool បានដាក់កីឡាករជម្រើសទី ២ ឲ្យចូលលេង ក៏ពិតមែន ប៉ុន្តែនេះក៏អាចធ្វើឲ្យគេចាប់អារម្មណ៍ថា Liverpool ខ្លាំងតែក្រុមជម្រើសទី ១ទេឬ?

ការពិតទៅ Chelsea និង Arsenal ក៏ដាក់កីឡាករជម្រើសទី ២ឲ្យលេងដែរ ប៉ុន្តែពួកគេនៅតែឈ្នះ! យ៉ាងណាក៏ដោយ ទាំងនេះ មិនអាចបញ្ជាក់ទាំងស្រុងទេថា ជម្រើសទី ២របស់ Liverpool មិនពូកែ។ តែវាអាចជា​សញ្ញាមួយផ្សេងទៀតបញ្ជាក់​ថា Liverpool កំពុងតែចង់ផ្តោតអារម្មណ៍លើពាន Premier League ឬ UEFA Champions League ជាង។ ហេតុអ្វីបានជាដូច្នេះ?

Liverpool បាត់ពានអស់ ២ហើយ គឺ League Cup (Carabao Cup) និង FA Cup! ការបាត់ពាននេះ អាចថាជារឿងសោកស្តាយ ប៉ុន្តែវាក៏ជាការសប្បាយចិត្តផងដែរ ព្រោះកីឡាកររបស់ហង្សក្រហម មិនចាំបាច់ត្រូវប្រកួតជាប់គ្នាយ៉ាងរដិក ហ្វឹកហាត់ស្ទើរស្លាប់ស្ទើររស់ ដើម្បីការប្រកួតនីមួយៗ។ ការប្រកួតច្រើន ទំនួលខុសត្រូវច្រើន ហើយការបាក់កម្លាំង វាជៀសមិនផុតនោះទេ។ ដូច្នេះ បាត់ឱកាសសម្រាប់កម្មវិធីនេះ គួរតែអាចឲ្យ Liverpool ពង្រឹង និងផ្តោតសមត្ថភាព សម្រាប់តែការប្រកួត Premier League និង Champions League ប៉ុណ្ណោះ។

ក្រោយការប្រកួតចាញ់ក្រុមចចក អ្នកចាត់ការទូទៅរបស់ Liverpool គឺលោក Jurgen Klopp បានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «វាគឺជាទំនួលខុសត្រូវរបស់ខ្ញុំ។ ពួកគេមិនស៊ីសង្វាក់គ្នាទេ។ វាដូចជាមានការសម្រេចចិត្តមិនច្រើនទេ សម្រាប់ខ្ញុំ អញ្ចឹងហើយបានជាពេលខ្លះ វាទៅជាអីចឹង (ចាញ់)។»

ទោះបីជាប្រកួតចាញ់ ប៉ុន្តែលោក Klopp បាននិយាយបន្តថា៖ «វាល្អ។ ពិតមែនហើយ យើងមិនចង់ចាញ់ការប្រកួតបាល់ទាត់ទេ តែវាគ្មានអ្វីផ្សេងឡើយ។ សម្រាប់យើង គឺវាជាពេលដ៏តឹងតែងខ្លាំងណាស់ ព្រោះយើងត្រូវលេងជាមួយ Arsenal និង Manchester City (តែក្នុងរយៈពេលមួយសប្តាហ៍)។ យើងបានក៏ឃើញដែរថា បន្ទាប់ពីការប្រកួតជាមួយ Man City កីឡាកររបស់យើង ៤ ទៅ ៥នាក់ បានរងរបួសភ្លាមៗ។ យើងបានព្យាយាមគ្រប់យ៉ាង ហើយយើងក៏ចង់ឲ្យកីឡាកររបស់យើងមានទំនុកចិត្ត ប៉ុន្តែវាមិនបានល្អនោះទេ។ យើងដូចជាលេងកាន់តែយ៉ាប់ ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពលេងឲ្យបានល្អ»។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌ Premier League ហង្សក្រហម Liverpool កំពុងស្ថិតនៅកំពូលតារាងគិតត្រឹមសប្តាហ៍ទី ២១ ដោយមាន ៥៤ពិន្ទុ នាំមុខក្រុមលេខ២ Manchester City ចំនួន ៤ពិន្ទុ។ ២០ប្រកួតកន្លងទៅ Liverpool ពុំដែលចាញ់នោះទេ ប៉ុន្តែចុងក្រោយពេលជួបជាមួយ Man City គេបានចាញ់ក្រុមមេឃា ដោយលទ្ធផល ១ទល់នឹង២ បន្ទាប់ពីបានយកឈ្នះលើ Arsenal ៥ទល់នឹង១។ ទោះជាជួបក្រុមតូចៗ ប៉ុន្តែការប្រកួតក្នុងខែមករានេះ ក៏នៅតែសំខាន់សម្រាប់ Liverpool ដែរ ដូច្នេះគេត្រូវតែឈ្នះគ្រប់ប្រកួត។ យ៉ាងណាក៏ដោយ Liverpool ត្រូវប្រឹងប្រែងឲ្យកាន់តែខ្លាំងមែនទែន ពេលខែកុម្ភៈចូលមកដល់ ព្រោះថាបេសកកម្មដ៏ធ្ងន់កររបស់គេ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៅ UEFA Champions League គឺគេត្រូវប្រកួតជាមួយក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់