បង​ប្រុស​របស់ Paul Pogba ប្រាប់​មូល​ហេតុ​ដែល​ប្អូន​ប្រុស​ខ្លួន​​មិន​ត្រូវ​គ្នា​ជាមួយ​លោក Mourinho

កីឡាករ Mathias Pogba ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​​ Paul Pogba បាន​ប្រាប់​ពី​មូល​ហេតុ​ដែល​ប្អូន​ប្រុស​របស់​ខ្លួន​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​អ្នក​ចាត់​ការ​ Jose Mourinho ដែល​ទើប​តែ​ត្រូវ​ក្លឹប​ Manchester United ដក​ចេញ​ពី​តួនាទី។

ចាប់​តាំង​ពី​ពេល​ដែល​​លោក Ole Gunnar Solskjaer ត្រូវ​បាន​​តែង​តាំង​ជា​​អ្នក​​ចាត់ការ​បណ្ដោះ​អាសន្ន​​នៅ​ក្លឹប Manchester United កីឡាករ​ Paul Pogba ចាប់​ផ្ដើម​​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ដោយ​រក​បាន​គ្រាប់​​បាល់​​​ ៤គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​បាន​ ៣គ្រាប់​ក្នុ​ង​ការ​ប្រកួត​ ៣លើក​។

ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho កីឡាករ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​រូប​នេះ​ ​មិន​សូវ​មាន​ទម្រង់​លេង​ល្អ​នោះ​ទេ ហើយ​បង​ប្រុស​របស់​គេ​បាន​​ស្ដី​បន្ទោស​ថា​​បណ្ដាល​មក​ពី​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយ​ហ្កាល់​រូបនេះ។

Mathias បាននិយាយ​​ប្រាប់​សារព័ត៌មាន​ RMC Sport ថា៖ “បញ្ហា​គឺ​បណ្ដាល​​មក​ពី​លោក Mourinho បញ្ហា​នៅ​​ក្នុង​បន្ទប់ផ្លាស់​សម្លៀក​បំពាក់ រឿង​រ៉ាវ​គ្រប់​យ៉ាង”។

“ខ្ញុំ​ស្គាល់​ប្អូន​ប្រុស​របស់​ខ្ញុំ​ច្បាស់​ណាស់ ឲ្យ​តែ​អ្នក​ប្រាប់គេ​ថា​ ឆាប់​ចូល​ទៅ ហើយ​លេង​ឲ្យ​បាន​ល្អ បន្ទាប់​ពី​នោះ​​គេ​ចេះ​រៀបចំ​ដោយ​ខ្លួន​ឯង​ហើយ”។

យ៉ាងណាមិញ Mathias មិន​មែន​​​ឈប់​និយាយ​ត្រឹម​​នេះនោះ​​ទេ គេ​ថែម​ទាំង​បាន​ចោទ​ប្រកាន់​​លោក​ Mourinho ថា​បាន​ព្យាយាម​​​​បង្ខូច​ឈ្មោះ​ប្អូន​ប្រុស​របស់គេ​ថែម​ទៀត​ផង ​ធ្វើ​ឲ្យ​​លោក​ Solskjaer ត្រូវ​ចំណាយ​ពេល​ទទួល​រង​ការ​លំបាក​​​ដើម្បី​លុប​លាង​បញ្ហា​ទាំង​អស់​នេះ។

Mathias ដែល​បច្ចុប្បន្ន​​​កំពុង​លេងតួ​នាទី​ខ្សែ​ប្រយុទ្ធ​​នៅ​ក្លឹប Tours FC បាន​និយាយ​ថា​៖ “​តាម​រយៈ​អ្វី​ដែល​យើ​ង​មើល​ឃើញ​ចំពោះ​លោក Mourinho គាត់​តែង​តែ​​ចង់​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​”។ គេ​ថែម​ទាំង​បាន​ពន្យល់​ទៀតថា​ប្អូន​ប្រុស​របស់គេ​គ្មា​ន​កំហុសនោះ​ទេ។

“Paul មិន​ដែល​គិត​គូ​ច្រើន​នោះ​ទេ​​ ឲ្យ​​តែ​អ្នក​គោរព​គេ គេ​នឹង​គោរព​អ្នកវិញ បើអ្នក​ទុក​ចិត្ត​លើ​គេ គេ​នឹង​លេង​ឲ្យ​អស់​ពី​លទ្ធភាព​​ និង​បង្ហាញ​ពី​ទេពកោសល្យ​របស់គេ​ក្នុ​ង​ការ​ប្រកួត​ធំៗ”៕

 

មតិយោបល់