ក្មេងៗ ដែលអាចមានអនាគតល្អ បន្ទាប់ពី FA Cup កាលពីសប្តាហ៍មុន

ក្នុងការប្រកួត FA Cup កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមពីក្របខណ្ឌ Premier League ភាគច្រើនសុទ្ធតែទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ប៉ុន្តែមួយចំនួនទៀត បានធ្លាក់ពីជុំទី៣នេះទៅហើយ។ យ៉ាងណាក៏ដោយ ស្របនឹងលទ្ធផលនេះ កីឡាករវ័យក្មេងមួយចំនួនពីក្រុមទាំងនេះ ក៏ធ្វើបានល្អពីធម្មតាផងដែរ។

យើងទៅមើលបន្តិចថា តើកីឡាករវ័យក្មេងណាខ្លះ ដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ FA Cup ជុំទី ៣៖

១. Callum Hudson-Odoi កីឡាកររបស់ Chelsea

ក្នុងការប្រកួត FA Cupនេះ លោកគ្រូបង្វឹក Maurizio Sarri បានសម្រេចដាក់ Callum Hudson-Odoi ក្នុងជម្រើស ១១នាក់ដំបូង ចាប់ដៃគូជាមួយនៅតំបន់ប្រយុទ្ធជាមួយ Alvaro Morata និង R.Loftus-Cheek។ ហើយមិនឲ្យគ្រូបង្វឹក ខកចិត្តនោះទេ Odoi បានជួយ assist ឲ្យ Morata រកបាន ២គ្រាប់ យកឈ្នះលើក្រុម Nottingham Forest។

២. Joe Willock កីឡាកររបស់ Arsenal

ក្នុងចំណោម ៣គ្រាប់ ដែល Arsenal យកឈ្នះលើ Blackpool កាលពីថ្ងៃអាទិត្យ គឺមាន ២គ្រាប់ធ្វើបានដោយ Joseph Willock ក្នុងតង់ទី ១។ មានវ័យត្រឹម ១៩ឆ្នាំ ប៉ុន្តែ Willock មានភាពរហ័សរហួន និងកាយសម្បទាមាំមួន ដែលទំនងអាចក្លាយជាទំនុកចិត្តរបស់លោក Unai Emery ក្នុងជម្រើស ១១នាក់ដំបូង នាការប្រកួតក្រោយៗទៀត។

៣. Phil Foden កីឡាកររបស់ Manchester City

ការពិតទៅ Foden កម្រអាចលេងបានពេញ ៩០នាទីណាស់ ប៉ុន្តែក្នុងការប្រកួត កាលពីថ្ងៃអាទិត្យ កីឡាករវ័យ ១៨ឆ្នាំនេះ លេងបានពេញ ហើយស៊ុតបានមួយគ្រាប់ នៅតង់ទី១ទៀតផង។ ជ័យជម្នះ ៧ទល់នឹង០ លើក្រុម Rotherham United ពិតជាធ្វើឲ្យ Man City កក់ក្តៅក្នុងការឡើងទៅវគ្គបន្ត ហើយគេក៏ជឿថា Foden នឹងបានលេងក្នុងជម្រើស ១១នាក់ នៅការប្រកួតរបស់ Man City ក្រោយៗទៀត។

៤. Ademola Lookman កីឡាកររបស់ Everton

តាមរយៈការស៊ុតបញ្ចូលទីបាន ១គ្រាប់ ក្នុងការប្រកួត FA Cup ដែលនាំឲ្យ Everton ឈ្នះ Lincoln City ២ទល់នឹង១ កាលពីថ្ងៃសៅរ៍ កីឡាករវ័យ ២១ឆ្នាំ ដែល Everton ខ្ចីជើងពីក្រុម RB Leipzig រូបនេះ រឹតតែធ្វើឲ្យអ្នកគាំទ្រ សង្ឃឹមថា គេនឹងមានអនាគតល្អ ក្រោមការដឹកនាំរបស់លោក Marco Silva នៅកីឡដ្ឋាន Goodison Park រដូវកាលនេះ។

៥. Tahith Chong កីឡាកររបស់ Manchester United

ក្នុងការប្រកួតនៅ Premier League កីឡាករវ័យ ១៨ឆ្នាំនេះ មិនសូវមានឱកាសបានចូលលេងទេ។ ប៉ុន្តែពេលមានឱកាសបានចូលលេងឲ្យ Man Utd ម្តងៗ គេតែងតែបញ្ចេញសមត្ថភាពបានយ៉ាងល្អ។ ទោះបីជាការប្រកួត កាលពីសប្តាហ៍មុន Chong ទទួលបានកាលឿង ប៉ុន្តែគេនៅតែជាចំណែកមួយជួយឲ្យ Man Utd រក្សាបានគ្រាប់បាល់ clean sheet ២ទល់នឹង០ ទល់នឹងក្រុម Reading។ ប្រសិនបើមានកីឡាកររបួស ប្រហែលជាលោក Ole Gunnar Solskjaer អាចសម្លឹងឃើញ Chong ដើម្បីជំនួសចូលប្រកួតបាន ទោះបីជាគេជាកីឡាករវ័យក្មេងក៏ដោយ។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការកត់សម្គាល់របស់ Fox Sports Cambodia ប៉ុណ្ណោះ៕

ដោយ៖ កូនមាន់មាស

មតិយោបល់