លោក Valverde ច្រាន​ចោល​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​​ទាក់ទង Neymar តាម​ទូរ​ស័ព្ទ

សេច​ក្ដី​រាយ​ការណ៍​មួយ​បាន​លើក​ឡើង​ថាឪពុក​របស់​ Neymar តែង​តែ​ទាក់​ទង​ជាមួយ​ក្លឹប Barcelona ដើម្បី​ចង់​វិល​ត្រឡប់​មក​ទ្រនំ​ចាស់​នេះ​វិញ ប៉ុន្តែ​លោក Ernesto Valverde បាន​និយាយ​ថា​លោក​មិន​ដែល​ទទួលបាន​ទូរស័ព្ទ​ពី​ភាគី​ Neymar នោះទេ។

លោក Ernesto Valverde បាន​ទទូច​ថា​លោក​មិន​ដែល​ទទួល​បាន​ការហៅ​ទូរស័ព្ទ​​ដែល​ជំរុញ​ឲ្យ​គាត់​ចុះ​​កុង​ត្រា​ជាមួយ​ Neymar វិញ​ ដូច​សេចក្ដី​រាយ​ការណ៍​បាន​លើក​ឡើង​នោះ​ទេ។

នៅ​សប្ដាហ៍​នេះ​ សារព័ត៌មាន El Mundo បាន​អះ​អាង​ថា​ឪពុក​របស់ Neymar គឺ​លោក Neymar Sr បាន​ព្យាយាម​​ទាក់ទង​ទៅ​ក្លឹប Barcelona ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ឲ្យ​កូន​ប្រុស​របស់គាត់​អាច​វិល​ត្រឡប់​មក​លេង​នៅ​​ក្លឹប Barcelona វិញ ក្រោយ​ពេល​ដែល​ត្រូវ​បាន​ Paris Saint-Germain ទិញ​កាល​ពី​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ ២២២លាន​អឺរ៉ូ។

ក្រោយ​មក​ លោក Neymar Sr បាន​ច្រាន​ចោល​សេច​ក្ដី​រាយការណ៍​នេះ​ ហើយ​លោក Valverde បាន​សង្កត់​ធ្ងន់​បន្ថែម​ទៀត​ថា ទោះ​ជា​​មាន​ការ​ទាក់ទងគ្នា​តាម​ទូរស័ព្ទ​មែនក៏​ដោយ​ ប៉ុន្តែ​លោក​មិន​ដែល​ទទួល​បានទូរស័ព្ទ​ណាមួយ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ឡើយ។

លោក Valverde បាន​និយាយ​ថា៖ “មហាជន​​ច្រើន​និយាយ​អំពី​ព័ត៌​មាន​សំខាន់​ៗ​របស់​កីឡាករ​នៅ​ក្លឹប​ផ្សេង​ទៀត។ គេ​ជា​កីឡាករ​ដ៏​ឆ្នើម ​គេ​លេង​បាន​ល្អ​នៅ​វើល​ខាប់ ប៉ុន្តែ​ឥឡូវ​​គេ​លេង​នៅ​ក្លឹប​ផ្សេង​ហើយ ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​ពី​គេ​ទៀត​នោះទេ”។

“មិន​ចាំ​បាច់​សួរ​ថា​តើ​ Neymar មាន​ទូរស័ព្ទ​មក​ឬអត់នោះទេ គ្មាន​អ្នក​ណា​ទូរស័ព្ទ​មក​ខ្ញុំ​នោះទេ។ ព័ត៌​មាន​បែប​នេះ ​ឬ​បែប​នោះ​តែង​តែ​កើត​មាន​​ជាប់ជានិច្ច គេ​ជា​កីឡាករ​របស់ក្លឹប PSG ហើយ​យើង​គោរព​ក្លឹប PSG”។

លោក Valverde បាន​ទទួល​ស្គាល់ថា​ ក្នុង​អំឡុង​ពេល​ដោះ​ដូរ​កីឡាករ​នៅ​ខែ​មករា​នេះ ក្លឹប​មាន​អាទិភាព​ទិញ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ ក្រោយ​ការ​ចាក​ចេញ​របស់​កីឡាករ Munir El Haddadi ទៅ​ក្លឹប Sevilla ហើយ​លោក​បាន​និយាយ​ថា​​លោក​ផ្ដល់​អាទិភាព​លើ​កីឡាក​រ​រូប​ណា​ដែល​អាច​សម្រប​ខ្លួន​បាន​ឆាប់​រហ័ស​ទៅ​នឹង​មជ្ឈដ្ឋាន​នៅ​ក្លឹប Barcelona។

លោក​បាន​ពន្យល់ថា៖ “យើង​​ប្រហែល​ជា​ត្រូវ​ផ្ដោត​លើ​កីឡាករ​ដែល​អាច​សម្រប​បាន​ឆាប់​ជាមួយ​ក្រុម​របស់យើង។ ពេល​ដែល​កីឡាក​រចូល​មក​ដូច​ជា​ករណី​របស់ Jeison Murillo ការ​ងារ​ដំបូង​ដែល​យើង​ទាម​ទារ​ពី​គេ​គឺ​ត្រូវ​សម្រប​ខ្លួន​ឲ្យបាន​ឆាប់​ជាមួយ​មជ្ឈដ្ឋាន​របស់យើង គឺ​កីឡាករ​ដែល​អាច​ចូល​លេង​បាន​ភ្លាម​ៗ​តែ​ម្ដង។ ករណី​នេះ​ ប្រសិន​បើ​យើង​អាច​ទិញ​បាន​កីឡាក​រខ្សែ​ប្រយុទ្ធ”៕

មតិយោបល់