Navas ថានឹងទៅផ្ទះ​​បើ​លែងមាន​ឱកាស​ក្នុង​ជម្រើស​ដំបូង​

អ្នកចាំទីសញ្ជាតិ​កូស្តារីការបស់ក្លឹប​អធិរាជស Kylor Navas បាន​បាត់​បង់​ឱកាស​ក្នុ​ងក្រុម​ជម្រើ​ស ១១ នាក់​ដំបូង​ស្ទើរទាំងអស់​ ចាប់តាំងពីមានវត្តមាន​​ Thibaut Courtois នៅរដូវកាល​នេះ ប៉ុន្តែ​រូប​គេ​នៅមាន​ជំនឿថា​ពេល​ណាមួយ​គេ​នឹង​​បាន​ឱកាស​នេះត្រឡប់​មកវិញ។

“នៅថ្ងៃណា​មួយ​ដែល​ខ្ញុំដឹង​ច្បាស់​ថា​ខ្ញុំមិន​មានឱកាស​ក្នុង​ក្រុម​ជម្រើស​ ១១នាក់​ដំបូង​ទៀត​ទេនោះ ខ្ញុំនឹង​ទៅផ្ទះ ហើយ​ផ្តោតលើរឿង​ផ្សេងវិញ។” នេះបើ​តាម​អ្វីដែល​ Navas បាន​និយាយប្រាប់​កាសែតអេស្ប៉ាញ EFE នាពេល​ថ្មីៗនេះ។

Navas ថតរូបជុំគ្ជាជាមួយមិត្តរួមក្រុម​​ពេល​លើកពាន FIFA Club World Cup UAE 2018

“ខ្ញុំតែងតែ​ខិតខំ​ហ្វ៊ឹក​ហាត់​ដើម្បី​ត្រៀម​ចូល​ប្រកួត​ក្នុង​ជម្រើស​ដំបូង ជានិច្ច តែការសម្រេចចិត្ត​គឺនៅលើ​​គ្រូបង្វឹក”។

“ខ្ញុំមិន​បាន​ចូលលេង​ដូចចិត្ត​ខ្ញុំចង់​ឡើយ តែរាល់ពេល​ដែល​ខ្ញុំបាន​ចូល​លេង​គឺខ្ញុំតែងតែធ្វើបាន​យ៉ាងល្អ ហើយ​ដែល​ជាអ្វីដែល​ក្លឹប​ត្រូវ​តែ​មើលឃើញ។”

អ្នក​ចាំទីដែល​ផ្លាស់​មក​ពីក្លឹប​តោខៀវ ​Chelsea គឺ កីឡាករ Courtois បាន​និង​កំពុង​មាន​របួស តែ​ Navas មិនទាន់​ប្រាកដ​នៅឡើយ​ថានេះនឹងជាការ​បើក​ទ្វា​ឲ្យ​រូប​គេ​អាច​ត្រឡប់​ទៅ​ភាពដើមវិញ​ក្នុង​រយៈពេល​យូរអង្វែង​ ឬ យ៉ាងណា​នោះទេ។

Keylor Navas ពេលប៉ះ Barcelona នៅ International Champions Cup 2017

“ខ្ញុំគិត​ថា​យើង​គួរ​តែ​រង់​ចាំ​បន្តិច​សិន ព្រោះ​​យើង​មិន​ដឹង​ថា​នឹង​មាន​អ្វីកើត​ឡើង​នោះទេ គឺមាន​តែគ្រូបង្វឹក​ប៉ុណ្ណោះ​ដែល​អាច​ដឹង​បាន”។

“ខ្ញុំតែ​ង​តែប្តេជ្ញាដើរតាម​​ការ​សម្រេចិត្ត​របស់​គ្រូ និង​ក្រុម​ទាំងមូល ហើយ​អ្វីដែល​ពិសេស​នោះគឺក្រុម​នេះត្រូវ​តែ​រួបរួមគ្នា។”

“គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា​នៅ​ខាង​មុខ​វា​នឹង​មានអ្វីកើតឡើង​នោះឡើយ គឺវា​ដូចជា​ជីវិត​របស់​យើង​គ្រប់​គ្នា​អញ្ចឹង ប៉ុន្តែសម្រាប់​ខ្ញុំ​គឺ​ខ្ញុំបាន​បូជាគ្រប់យ៉ាង​ដើម្បីក្លឹបរបស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ព្យាយាម​រស់នៅក្នុង​បច្ចុប្បន្នកាលដែល​​បច្ចុប្បន្នកាល​របស់ខ្ញុំ​គឺ Real Madrid”។

ឱកាស​ដែល​ Navas អាច​នឹង​បង្ហាញខ្លួន​ក្នុង​ក្រុម​ជម្រើស​ ១១ នាក់​ដំបូង​ឲ្យ​ Real Madrid គឺក្នុង​ជំនួប​តទល់នឹង Real Betis នៅថ្ងៃអាទិត្យខាងមុខ​នេះ។

គួរបញ្ជាក់​ផងដែរថាក្នុង​រដូវកាល​នេះ Navas ទើប​តែ​បង្ហាញ​ខ្លួន​បាន ៩ លើក​ប៉ុណ្ណោះ​ក្នុង​គ្រប់​កម្មវិធី​ប្រកួត​របស់ Real ខណៈដែល Thibaut Courtois បាន​បង្ហាញខ្លួន ២១ លើក​៕

មតិយោបល់